គ.ជ.ប.​ប្រកាស​​ថា​ លទ្ធផល​​ចុះ​ឈ្មោះ​និង​​ពិនិត្យ​​ឈ្មោះ​​បោះ​ឆ្នោត​​ល្អ​​ប្រសើរ​​នៅ​​ឆ្នាំ​នេះ​​

ពលរដ្ឋមកពិនិត្យមើលឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ កាលពីឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប​. បាន​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះឈ្មោះនិង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំនេះ ដោយ​និយាយ​ថា ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ថ្មី​ដល់ទៅ​ជាង៨៩ភាគរយ បាន​ទៅចុះ​ឈ្មោះ​បោះឆ្នោត។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ គ.ជ.ប​. បាន​និយាយ​ថា អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន២៦៨ ៥៥៣នាក់ ឬស្មើនឹង៨៩,៤០ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ថ្មី​ដែល​មាន​ចំនួន​សរុប៣០០ ៣៩០នាក់​នៅក្នុង​ឆ្នាំនេះ។

ដំណើរការ​ចុះឈ្មោះនិង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំនេះ បាន​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី១ មុននឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១៩ ខែតុលា​នេះ។

គ.ជ.ប​. បាន​ចាត់ទុក​ដំណើរការ​នៃ​ការ​ចុះឈ្មោះនិង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំនេះ​ថា «លទ្ធផល​ល្អ​ប្រសើរនិង​គួរឱ្យកោតសរសើរ» បន្ទាប់ពី​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​នៅ​អាយុ​១៨ឆ្នាំ និង​អ្នក​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុន និង​ពលរដ្ឋ​បាន​ទៅ​ផ្ទៀង​ឈ្មោះ​យ៉ាងច្រើន​កុះករ។

បើ​តាម​ គ.ជ.ប​. ពលរដ្ឋ​ដល់ទៅ១៥២ ០០៤នាក់ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ខណៈ​ពលរដ្ឋ​ដល់ទៅ៩២ ៩២២នាក់ បាន​ស្នើសុំ​កែប្រែ​ទិន្នន័យ​ក្នុង​បញ្ជី ហើយ​ពលរដ្ឋ​ដល់ទៅ៨៨ ៨៤៦នាក់​ទៀត បាន​ផ្លាស់ប្ដូរ​ទីកន្លែង​បោះឆ្នោត​របស់​ខ្លួន​ទៅកាន់​ឃុំឬសង្កាត់​ថ្មី។

គ.ជ.ប​. ប្រកាស​ទៀត​ថា ពលរដ្ឋ​ដល់ទៅ​ជាង៨ ៨៣៤ ៧៥២នាក់ ត្រូវ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​-សង្កាត់​រួចរាល់​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំនេះ ពោល​គឺ​បាន​កើនឡើង​ពី​ចំនួន​ជាង៨លាន៦២ម៉ឺន​នាក់​ កាលពី​ឆ្នាំ២០១៩កន្លងមក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ