សិស្ស​​ខ្ទង់​៤៤ ០០០​នាក់​​ខក​ខាន​​ការ​សិក្សា​​ក្រោយ​​ទឹក​ជន់​​លិច​​គ្រឹះ​ស្ថាន​​អប់រំ​​រាប់​​រយ​​កន្លែង​

សាលារៀនឯកជនមួយកន្លែងក្នុងក្រុងភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ (ហេង វិចិត្រ)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ បាន​ឱ្យដឹង​ថា សិស្សានុសិស្ស​ដល់ទៅ​ជាង៤ម៉ឺន​នាក់ បាន​ខក​ការសិក្សា​ជា​បណ្ដោះអាសន្ន បន្ទាប់​សាលារៀន​រាប់​រយ​កន្លែងត្រូវ​ទឹកជន់​លិច​នៅក្នុង​រយៈពេល​ជាង​កន្លះ​ខែ​មកនេះ។

បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម​.) ខេត្ត​-រាជធានី​ដល់ទៅ​២០​របស់​កម្ពុជា បាន​រងទឹក​ជំនន់​ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ចន្លោះ​ពី​បង្គួរ​ទៅ​ច្រើន​ជាបន្តបន្ទាប់ និង​ទឹកហូរ​ធ្លាក់​មក​ពី​ប្រទេសជិតខាង។

តួលេខ​របស់​ គ.ជ.គ.ម​. ចេញ​នៅ​ថ្ងៃនេះ បង្ហាញថា សាលារៀន​ដល់ទៅ៩៥១កន្លែងនៅ​ទូទាំង​ប្រទេស បាន​ត្រូវ​ទឹកជន់​លិច​នៅចន្លោះ​ថ្ងៃទី១ ខែកញ្ញា រហូតដល់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចា បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា សាលារៀន​ដល់ទៅ៤១៨កន្លែងនៅ​តាម​បណ្ដា​ខេត្ត​-រាជធានី​ ចំនួន១៩នៅ​ទូទាំង​ប្រទេស ត្រូវ​ទឹកជន់​លិច ដែល​ភាគច្រើន​ជា​សាលារៀន​កម្រិត​បឋមសិក្សា។

មន្ត្រី​អប់រំ​រូប​នេះ បាន​ឱ្យដឹង​ទៀត​ថា ទឹកជំនន់​ប៉ុន្មាន​សប្ដាហ៍​មកនេះ បង្ខំឱ្យសិស្សានុសិស្ស​ដល់ទៅ៤៤ ០០០នាក់ ត្រូវ​ខកខាន​ការសិក្សា​របស់​ពួក​គេ។

លោក រស់ សុ​វាចា ប្រាប់​ថា៖ «យោង​តាម​ទិន្នន័យ​របស់​ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​វិស័យ​អប់រំ​របស់ក្រ​សួង​អប់រំ យុវជន និងកីឡា ភាគច្រើន​នៃ​សាលារៀន​លិចទឹក​នេះ គឺ​ស្ថិតនៅ​កម្រិត​បឋមសិក្សា»។

អ្នកនាំពាក្យ​រូប​នេះ បាន​ឱ្យដឹង​ផង​ដែរ​ថា ក្រសួង​អប់រំ​ក៏បាន​ផ្ដល់​ការណែនាំ​ផង​ដែរ​ទៅដល់​គ្រឹះស្ថានសិក្សា​ទាំងអស់​អំពី​វិធានការ​ទប់ស្កាត់និង​ការពារ​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់។

លោក សុ​វាចា ប្រាប់​បន្ត​ថា៖ «ក្រសួង​អប់រំ យុវជន និងកីឡា ក៏បាន​ចេញ​សេចក្ដីណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់ និង​ការ​ការពារ​ផល​ជះ​នៃ​គ្រោះ​ទឹកជំនន់​នៅ​តាម​គ្រឹះស្ថានសិក្សា»។

មន្ត្រី​អប់រំ​រូប​នេះ បាន​ឱ្យដឹង​ទៀត​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យប្រើប្រាស់​មូលនិធិ​សាលារៀន សម្រាប់​ជួសជុល និង​រៀបចំ​ដំណើរការ​ឡើងវិញ​នូវ​សាលារៀន​ដែល​ត្រូវ​ទឹកជន់​លិច។

តួលេខ​របស់ គ.ជ.គ.ម​. បាន​ឱ្យដឹង​ផង​ដែរ​ថា ទឹកជំនន់​បាន​សម្លាប់​មនុស្ស​ដល់ទៅ៤៣នាក់​ហើយ ក្នុង​នោះ​ករណី​ស្លាប់​ភាគច្រើន​រហូតដល់២៦ករណី បាន​កើតឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​ស្ថិត​នៅភាគ​ពាយព្យ​ដែល​រងទឹក​ជំនន់​ដោយសារ​ទឹកភ្លៀង​ផង និង​បាក់​ទំនប់​ស្តុក​ទឹកអូរ​ខៃ​ខន ស្ថិតនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ផង​។

តួលេខ​របស់​ស្ថាប័ន​ដដែល​នេះ បាន​ឱ្យដឹង​ទៀត​ថា ទឹកជំនន់​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ដល់ទៅ​ជិត១៥ម៉ឺន​គ្រួសារ ឬស្មើនឹង​ពលរដ្ឋ​ជិត៦០ម៉ឺន​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ​ជិត១ម៉ឺន២ពាន់​គ្រួសារ ឬស្មើនឹង​ពលរដ្ឋ​ជិត៥ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញទៅ​កាន់​ទីទួល​សុវត្ថិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ