មនុស្ស​​ស្លាប់​​ដោយ​​ទឹក​ជំនន់​​កើន​​ដល់​៤៤​នាក់​ ខណៈ​​រាប់​​ម៉ឺន​​នាក់​​ជម្លៀស​​ចេញ​

ក្រុម​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នា​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​)

​តួលេខ​ចេញដោយ​រដ្ឋាភិបាល បង្ហាញថា ចំនួន​មនុស្ស​រងគ្រោះដោយសារ​ទឹកជំនន់​នៅ​រយៈពេល​ជិត២ខែ​ចុងក្រោយ​នេះ បាន​កើនឡើង​ដល់៤៤នាក់​ហើយ​គិត​ត្រឹម​ថ្ងៃម្សិលមិញ​នេះ ខណៈ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ទៀតត្រូវ​បង្ខំ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គេ។

តួលេខ​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម​.) បង្ហាញថា ទឹកជំនន់​បាន​ជន់​លិច​ខេត្ត​-រាជធានី ២០នៅ​ទូទាំង​ប្រទេស ដោយ​បាន​ប៉ះពាល់​ពលរដ្ឋ​ដល់ទៅ​ជិត១៥ម៉ឺន​គ្រួសារ ឬជិត៦០ម៉ឺន​នាក់។

បើ​តាម​ គ.ជ.គ.ម​. ទឹកជំនន់​បាន​បង្ខំ​ពលរដ្ឋ១១ ៨៩៦គ្រួសារ ឬពលរដ្ឋ​ជាង៤ម៉ឺន៧ពាន់​នាក់ ឱ្យ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយ​បាន​សម្លាប់​មនុស្ស៤៤នាក់​គិត​ត្រឹម​ថ្ងៃម្សិលមិញ​នេះ។

តួលេខ​របស់ គ.ជ.គ.ម​. ឱ្យដឹង​ផង​ដែរ​ថា ទឹកជំនន់​ក៏បាន​ប៉ះពាល់​ផ្ទះសម្បែង​ពលរដ្ឋ​ជាង១៣ម៉ឺន​៤ពាន់​ខ្នង​ ហើយ​ផ្ទះសម្បែង​ពលរដ្ឋ៦៣ខ្នង​ទៀត បាន​ខូចខាត​ដោយសារ​ទឹកជំនន់ ខណៈ​សាលារៀន៩៥១កន្លែង និង​វត្តអារាម៣០៧កន្លែង ត្រូវ​ទឹកជន់​លិច។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចារ បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​ថា សាលារៀន​ភាគច្រើន​ដែល​ទឹកជន់​លិច គឺ​ស្ថិតនៅ​កម្រិត​បឋមសិក្សា ហើយ​ទឹកជំនន់​ជន់​លិច​សាលារៀន​ប៉ុន្មាន​សប្ដាហ៍​មកនេះ បាន​បង្ខំ​សិស្ស​ខ្ទ​ង់៤៤ ០០០នាក់ឱ្យ​ផ្អាក​សិក្សា​របស់​ពួក​គេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ