សង្គម​​ស៊ីវិល​​ថា​ គម្រោង​​អភិបាល​កិច្ច​​មូលដ្ឋាន​​ដែល​​ធ្វើ​​រួម​​ជាមួយ​​រដ្ឋា​ភិបាល​​នឹង​​ធ្វើ​​ឱ្យ​​សេវា​​សង្គម​​កាន់​តែ​​ល្អ​​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​ស្ថាប័នរដ្ឋ ចូលរួម​ក្នុង​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ថ្នាក់​ជាតិ ស្ដីពី «ថវិ​កាដើម្បី​ការ​អភិវឌ្ឍ​គណនេយ្យ​ភាព​សង្គម ប្រកបដោយ​ប្រសិទ្ធភាព បរិ​យា​ប័ន្ន និង​សមធម៌» ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

សង្គម​ស៊ីវិលបាន​បង្ហាញ​គំនិត​វិជ្ជមាន​ថា គម្រោង​អភិវឌ្ឍន៍​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​មូលដ្ឋាន នឹងអាច​ផ្លាស់ប្ដូរ​របៀបធ្វើការ​ងារ​របស់​មន្ត្រី ជួយ​ឱ្យ​ពលរដ្ឋ​មាន​ភាព​ក្លាហាន​កាន់តែ​ច្រើន​ក្នុង​ការចូលរួម​សម្រេចចិត្ត និង​ធ្វើ​ឱ្យ​សេវា​សង្គម​កាន់តែ​ល្អ​ប្រសើរ។

អង្គការ​ចំនួន២ដែល​ទទួល​ជំនួយ​ពី​អង្គការ Oxfam និង Voice នៅ​ថ្ងៃទី២៨ ខែតុលា​នេះ បាន​រៀបចំ​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ថ្នាក់​ជាតិ ស្ដីពី «ថវិ​កាដើម្បីការ​អភិវឌ្ឍ​គណនេយ្យ​ភាព​សង្គម ប្រកបដោយ​ប្រសិទ្ធភាព បរិ​យា​ប័ន្ន និង​សមធម៌»  ដើម្បី​វាយតម្លៃ​ពី​កិច្ចការ​ដែល​សម្រេច​បាន​រវាង​អង្គការ​សង្គម​ស៊ីវិលនិង​រដ្ឋាភិបាល​លើ​កិច្ចការ​អភិបាលកិច្ច​មូលដ្ឋាន​ក្នុង​ឆ្នាំ២០២០នេះ។ 

គម្រោង​អភិវឌ្ឍន៍​គណនេយ្យ​ភាព​សង្គម​នេះ គឺជា​ការ​ធ្វើ​រួមគ្នា​រវាង​រដ្ឋាភិបាល​កម្ពុជានិង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ២០១៦មក ក្នុង​គោលបំណង​ធ្វើ​ឱ្យ​មានការ​ប្រសើរ​ឡើង​នូវការប្រើ​ប្រាស់​សេវា​សង្គមនិង​ការ​ផ្ដល់​សេវា​សាធារណៈ ដើម្បី​ធ្វើ​ឱ្យ​សេវា​សាធារណៈ​មាន​តម្លាភាពនិង​មានការ​ចូលរួម​ពី​ប្រជាជន។ 

ប្រធាន​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API​) លោក ឡាំ សុ​ជាតិ មានប្រសាសន៍​ថា គម្រោង​នេះបាន​ជួយ​ឱ្យ​អ្នកផ្ដល់​សេវា​សាធារណៈនិង​ពលរដ្ឋ​កាន់តែ​ខិតចូល​ជិត​គ្នា។ ជាង​នេះ​ទៅទៀត លោក​ថា វា​នឹង​ជំរុញ​ពលរដ្ឋ​ឱ្យ​មាន​ភាព​ក្លាហាន​ចូលរួម​ក្នុង​ការសម្រេច​ចិត្ត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក៏ដូចជា​កែប្រែ​ផ្នត់គំនិត​របស់​អ្នករាជការ​សាធារណៈ​ពី​ពាក្យ​ថា«​មេ ឬចៅហ្វាយ» មក​ជា​អ្នកផ្ដល់​សេវា​សាធារណៈ​វិញ។ 

នាយិកា​រអង្គការ​ស្ដារ​កម្ពុជា លោកស្រី ជេត ចរិយា មានប្រសាសន៍​ថា តាមរយៈ​ការងារ​រយៈពេល៥ឆ្នាំ​មកនេះ ​ឃើញថា ការ​ដាក់​ឱ្យ​អនុវត្ត​គម្រោង​កន្លងទៅ មានការ​វិវត្ត​ជា​វិជ្ជមាន​ច្រើន ដោយ​លោកស្រី​ចាត់ទុក​ថា ​ជា​ជោគជ័យ​មួយ​នៃ​ប្រព័ន្ធ​រដ្ឋបាល​មូលដ្ឋាន។ 

នាយិកា​រអង្គការ​ស្ដារ​កម្ពុជា លោកស្រី ជេត ចរិយា ថ្លែងក្នុងសិក្ខាសាលា​ឆ្លុះបញ្ចាំង​ថ្នាក់​ជាតិ ស្ដីពី «ថវិ​កាដើ​ម្បី​ការ​អភិវឌ្ឍ​គណនេយ្យ​ភាព​សង្គម ប្រកបដោយ​ប្រសិទ្ធភាព បរិ​យា​ប័ន្ន និង​សមធម៌» ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោកស្រី ជេត ចរិយា លើកឡើង​ថា៖ «មានការ​ផ្លាស់ប្ដូរ​ច្រើន ហើយ​ជាពិសេស វា​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញនូ​វត​ម្លា​ភាព គណនេយ្យ​ភាព ហើយនិង​ការទទួលខុសត្រូវ​របស់​អ្នកផ្ដល់​សេវា ដែល​ពីមុន​មិនដែល​ប្រើពាក្យ​អ្នកផ្ដល់​សេវា​អី​អ៊ីចឹង​ទេ​! ជា​ប្រធាន​ជា​អី​អ៊ីចឹង​ទៅ ប៉ុន្ដែ​ឥលូវនេះ ​ក្នុងនាម​ជា​អ្នកផ្ដល់​សេវា​ ត្រូវ​ធ្វើ​ម៉េច​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ។ អ៊ីចឹង​ប្រជាពលរដ្ឋ​ គឺ​ត្រូវតែ​មាន​សិទ្ធិនិង​កា​ត​ព្វ​កិច្ចទាមទារ​ឱ្យ​អ្នកផ្ដល់​សេវា ​អ្នកបម្រើ​សេវា​ ឱ្យ​មាន​ប្រសិទ្ធភាព ​តាមអ្វី​ដែល​មាន​ចែង​ក្នុង​គោលការណ៍​វិមជ្ឈការនិង​វិស​ហម​ជ្ឈ​ការ»។ 

អភិបាលរងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ដែល​ជា​ស្រុក​ទើបនឹង​អនុវត្ត​គម្រោង​ថ្មី​នៅ​ពាក់កណ្ដាល​ឆ្នាំ២០២០នេះ លោកស្រី ពេជ្រ ចាន់​លីន មានប្រសាសន៍​ថា លោកស្រី​ពេញចិត្ត​ចំពោះ​ការ​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការអនុវត្ត​គម្រោង​នេះ។

តែ​ជាមួយគ្នា​នេះ អ្នកស្រី​ក៏​មានការ​បារម្ភ​មួយចំនួន​ផង​ដែរ​ទាក់ទង​នឹង​បច្ចេកទេសនិង​ថវិ​កាដែ​លរដ្ឋបាល​ថ្នាក់​ជាតិ​ទម្លាក់​មក មិនទាន់​អាច​ឆ្លើយតប​នឹង​តម្រូវការ​គម្រោង។ 

អ្នកស្រី​បន្ថែម​ថា៖ «សូម​សំណូមពរ​ដល់ NCDDS សុំ​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ដល់​ថ្នាក់ដឹកនាំ​ថ្នាក់​ស្រុក​ទាំងអស់​ទៅ ​បន្ទាប់ពី​ទទួលការ​បណ្ដុះបណ្ដាល​ចំណេះដឹង​នេះ គាត់​ក៏​មាន​ជំនាញ​ចំណេះដឹង​ទៅ​អនុវត្តនៅ​មូលដ្ឋាន។ ទីពីរ​ ទាក់ទង​នឹង​កញ្ចប់​ថវិកា នៅៗ​ឡើយ​ទេ ដូច្នេះហើយ​សកម្មភាព​ក្រុង​ស្រុក​ទាំងអស់ អត់មាន​ថវិកា​សម្រាប់​អនុវត្ត ហើយនិង​ចំណេះដឹង​ជំនាញ​ក្នុង​ការ​ធ្វើ»។ 

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ​ផល មានប្រសាសន៍​ទទួលស្គាល់​ពី​បញ្ហា​នេះ តែ​លោក​ថា វា​បណ្ដាលមកពី​បញ្ហា​នៃ​ជំ​ងឺកូ​វីដ១៩ ដែល​រដ្ឋាភិបាល​ត្រូវការ​រំលែក​ការ​ចំណាយ​ទៅ​ផ្ដោត​លើ​ជំងឺ​នេះ​វិញ។ 

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ​ផល ថ្លែងក្នុងសិក្ខាសាលា​ឆ្លុះបញ្ចាំង​ថ្នាក់​ជាតិ ស្ដីពី «ថវិ​កាដើ​ម្បី​ការ​អភិវឌ្ឍ​គណនេយ្យ​ភាព​សង្គម ប្រកបដោយ​ប្រសិទ្ធភាព បរិ​យា​ប័ន្ន និង​សមធម៌» ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក​ថា៖ «ដូច្នេះ​ដំណោះស្រាយ​នេះ យើង​នឹង​ត្រៀមលក្ខណៈ​នៅពេល​ដែល​សភាព​ការណ៍​ត្រឡប់មកវិញ ទេសចរណ៍​ត្រឡប់មកវិញ សេដ្ឋកិច្ច​បាន​ដំណើរការ​វិញ ខ្ញុំ​គិតថា​លុយ​វា​មក​ដដែល​វិញ​ហើយ»។

ចំពោះ​កិច្ចសហការ​ជាមួយ​សង្គម​ស៊ីវិល​លើ​គម្រោង​នេះ​វិញ លោក ងី ច័ន្ទ​ផល បាន​វាយតម្លៃ​ថា​ជា​កិច្ចសហការ​ដែល​វិជ្ជមាននិង​យោគយល់​ច្រើន បើ​ទោះបី​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​មិនសូវ​យល់​ពី​កិច្ចសហការ​នេះ​ក្ដី។

លោក​ថា៖ «ពេលខ្លះ​ គាត់​អត់​សូវ​យល់ អ៊ីចឹង​ហើយ​មាន ​[អង្គការ​] ខ្លះ​ បាន​សំណូមពរ​ឱ្យ​មាន​កិច្ចសហការ​ [ពី​អាជ្ញាធរ​] អ៊ីចឹង​ហើយ​បាន​ជា​យើង​មក​ធ្វើ​កិច្ចការ​ហ្នឹង ដើម្បី​ឱ្យ​អ្នក​ទាំងអស់គ្នា​យល់​ពី​ដំណើរការ​ហ្នឹង មិនមែន​ជា​គម្រោង​របស់​សង្គម​ស៊ីវិល​ទេ​! គឺជា​របស់​រដ្ឋាភិបាល​ក្នុង​ដំណើរការ​បង្កើន​អភិបាលកិច្ច ដើម្បី​ជំរុញឱ្យ​សេវា​សាធារណៈ​ហ្នឹង​មាន​ប្រសិទ្ធភាព។ អ៊ីចឹង​មិនមែន​រដ្ឋាភិបាល​មួយ​អាច​ធ្វើ​បានទេ​ វា​ទាល់តែ​មានការ​ចូលរួម​ទាំងអស់គ្នា ​ទើប​អាច​ធ្វើ​បាន»។ 

គម្រោង​អភិវឌ្ឍន៍​គណនេយ្យ​ភាព​សង្គមប្រកបដោយ​ប្រសិទ្ធភាព បរិ​យា​ប័ន្ន និង​សមធម៌ ដែល​រដ្ឋ​ធ្វើជា​មួយ​អង្គការ​សង្គម​ស៊ីវិល​នេះ បាន​ដាក់​អនុវត្តនិង​កំពុង​អនុវត្ត​នៅក្នុង​រាជធានី​-ខេត្ត​ចំនួន៨ រួមមាន ខេត្តស្វាយរៀង កំពង់ឆ្នាំង រាជធានី​ភ្នំពេញ ​(ខណ្ឌ​សែនសុខ​) កោះកុង ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែល​គម្រោង​ទាំងនេះនឹង​មាន​បន្ត​រហូតដល់​ឆ្នាំ២០២៤​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ