និយ័ត​ករ​​ទូរគមនា​គមន៍​​ក្រើន​​រំឭក​​ប្រតិបត្តិ​​ករ​​ឱ្យ​បង្កើន​​គុណ​ភាព​​សេវា​​ទូរសព្ទ​ចល័ត​​របស់​​ខ្លួន​​

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដែល​ជា​អាជ្ញាធរ​របស់​រដ្ឋ​ត្រួតពិនិត្យ​ទៅលើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទនិង​អ៊ី​នធឺ​ណិ​តនៅ​កម្ពុជា បាន​ក្រើន​រំឭក​ទៅ​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​ទាំងអស់ ឱ្យបង្កើន​គុណភាព​សេវា​ទូរសព្ទចល័ត​របស់​ខ្លួន​អំឡុង​ថ្ងៃឈប់​សម្រាក​ជិត​មួយ​សប្ដាហ៍​ខាងមុខនេះ។

អាជ្ញាធរ​គ្រប់គ្រង​លើ​ប្រព័ន្ធ​ទូរគមនាគមន៍​កម្ពុជា បាន​ក្រើន​រំឭក​បែបនេះ​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​ចេញ​នៅ​ថ្ងៃនេះ ដែល​ផ្អែក​តាម​ភាព​ចាំបាច់​នោះ។

និយ័ត​ករ​ទូរគមនាគមន៍ បាន​ក្រើន​រំឭក​​ទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទចល័ត​បែបនេះ តែ២ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​បញ្ហា​គុណភាព​សេវា​ទូរសព្ទចល័ត​ដែល​ផ្គត់ផ្គង់​ដោយ​ប្រតិបត្តិ​ករ​នៅ​កម្ពុជា។

កម្ពុជា​នឹង​ត្រូវ​ឈប់សម្រាក​រហូតដល់៥ថ្ងៃ​ចាប់ពី​ថ្ងៃស្អែក​នេះ​រហូតដល់​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ដើម្បី​រំឭក​ខួប​ថ្ងៃ​ឡើង​គ្រងរាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ ​ព្រះករុណា នរោត្ដម សីហ​មុនី និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុក។

ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុក ដែល​ត្រូវ​រៀបចំ​ធ្វើ​រយៈពេល៣ថ្ងៃ​ចាប់ពី​ថ្ងៃទី៣០ ខែតុលា ដល់​ថ្ងៃទី១ ខែវិច្ឆិកា ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្អាក​ទៅវិញ ដោយសារ​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ស្ថានភាព​ទឹកទន្លេ​ដែល​នៅតែ​បន្ត​ហូរ​ពី​ទន្លេមេគង្គចូល​ទៅ​បឹងទន្លេសាប​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ