រដ្ឋ​មន្ត្រី​​អប់រំ​ ជំរុញ​​សាលា​​ទាំង​អស់​រក្សា​​វិធានការ​​ការពារ​​ជំងឺ​​កូ​វីដ​-១៩​ឱ្យ​​មាន​​​ប្រសិទ្ធ​ភាព​

លោក ហង់​ជួន ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា និង​មន្ត្រី​ក្រសួង​អប់រំ​ផ្សេងទៀត ចុះ​ពិនិត្យ​ថ្នាក់រៀន​នៅ​វិទ្យាល័យ ជា​ស៊ី​ម សន្ធរ​ម៉ុ​ក ក្នុង​កម្មវិធី​ពិនិត្យ​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដំណាក់កាល​ទី៣ នា​ព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ MoEYS Cambodia​)

​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និងកីឡា បង្ហាញ​ការ​ព្រួយបារម្ភនិង​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ រួមនឹង​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់ដែល​បើក​ឡើងវិញ​នៅក្នុង​ដំណាក់កាល​ទី៣ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យនិង​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ឱ្យ​មាន​ប្រសិទ្ធភាព។ 

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យការ​បើក​សាលារៀន​ឡើងវិញក្នុង​ដំណាក់កាល​ទី៣ នៅ​វិទ្យាល័យ ជា​ស៊ី​ម សន្ធរ​ម៉ុ​ក នៅ​ព្រឹក​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណា​រ៉ុន បាន​ថ្លែង​ថា បើ​ទោះជា​មានការ​បើក​ឱ្យ​សិស្ស​ចូលរៀន​វិញនៅ​តាម​សាលារៀន​គ្រប់​កម្រិត​ថ្នាក់​ក្តី ប៉ុន្តែ​លោក​នៅតែ​មានការ​ព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការ​ចម្លងជំងឺ​កូ​វីដ១៩។ 

លោក​ថា៖ «យើង​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ថា ការ​បើក​ដំណើរការ​ឡើងវិញ​នេះ វា​អាច​មាន​ហានិភ័យ»។ 

លោក​បាន​បន្ថែម​ថា៖ «ទោះបី​មាន១ករណីឬ២ករណី ហើយ​មិនទាន់​មាននៅ​ក្នុង​សាលារៀន​យើង នឹង​មិន​បិទ​ទេ​! ប៉ុន្ដែ​ប្រសិនបើ​មាន​ករណី​កើត​ក្នុង​សាលារៀន គឺ​យើង​នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល​ថា ត្រូវ​បិទ​សាលា​មួយ ឬបិទ​មួយ​ក្រុង ឬយ៉ាងម៉េច ដូច្នេះ​តាម​ភាព​ជាក់ស្ដែង។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ ក៏ដូចជា​គណៈ​គ្រប់គ្រង​សាលារៀន​ទាំងអស់ ​ទាំង​រដ្ឋនិង​ឯកជន សូម​បន្ត​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ដែល​ក្រសួង​បាន​ដាក់ចេញ ដើម្បី​ធានា​នូវ​សុវត្ថិភាពនិង​អនាម័យ»។

ក្នុង​សេចក្ដីណែនាំ​ស្ដីពីការ​បើក​ដំណើរ​ការ​គ្រឹះស្ថានសិក្សា​សាធារណៈក្នុង​ដំណាក់កាល​ទី៣ ចុះ​ថ្ងៃទី២៧ ខែតុលាកន្លងទៅ រដ្ឋមន្ត្រី​អប់រំ លោក ហង់ ជួន​ណា​រ៉ុន បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់ រាប់​ចាប់ពី​ថ្នាក់​មត្តេយ្យដល់​ថ្នាក់​វិទ្យាល័យ ចាប់​អនុវត្ត​ផ្ដល់​ការអប់រំ​នៅក្នុង​ថ្នាក់​ឡើងវិញ ដោយ​ថ្នាក់​មត្តេយ្យ​សិក្សា៥ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហើយ​កំណត់​ចំនួន​សិស្ស​មិន​លើស​ពី២៥នាក់​ក្នុង​មួយ​ថ្នាក់ ខណៈ​ថ្នាក់​បឋមសិក្សានិង​វិទ្យាល័យ រៀន​ក្នុង​ថ្នាក់៣ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​កំណត់​ចំនួន​សិស្ស​មិន​លើស​ពី៣០នាក់។ 

ក្រៅពីនោះ សេវា​ដើម្បី​បម្រើ​ដល់​ការអប់រំ រួមមាន សេវា​រថយន្ត​ដឹក​សិស្ស បណ្ណាល័​យ សកម្មភាព​អប់រំកាយនិងកីឡា សកម្មភាព​សិល្បៈ និង​សេវា​អាហារដ្ឋាន ក៏​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​ផង​ដែរ តែ​ត្រូវ​ប្រតិបត្តិ​តាម​គោល​កា​រណ៍​ស្ដ​ង់​ដារ​សុវត្ថិភាព។

ក្នុង​សេចក្ដីណែនាំ​នោះបញ្ជាក់​ផង​ដែរ​ថា៖ «ក្នុងករណី​មានការ​សង្ស័យ ត្រូវ​រាយការណ៍​និង​ទាក់ទង​ជា​បន្ទាន់​ជាមួយ​មន្ទីរពេទ្យ​បង្អែក មណ្ឌលសុខភាព និង​អាជ្ញាធរ​អប់រំ​គ្រប់​លំដាប់ថ្នាក់»។ 

ទាក់ទិន​នឹង​ការ​បើក​សាលា​ឡើងវិញ​ដំណាក់កាល​ទី៣នេះ ពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ លោក ចក់ ចំរើន ដែល​មានកូន​ទើបនឹង​ចូលរៀន​ថ្នា​ក់​មតេ្តយ្យ បាន​បង្ហាញ​អារម្មណ៍​រីករាយ លាយឡំ​ជាមួយ​ក្ដី​បារម្ភ​ថា៖

«ទោះបីជា​មាន​វិធានការ​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​នៅតែ​មានការ​ព្រួយបារម្ភ ព្រោះថា​ ជំងឺ​នេះ​វាងាយ​ឆ្លង​! ហើយក៏​ចង់ឱ្យ​សាលា​មាន​វិធានការ​តឹងរ៉ឹងនិង​ហ្មត់ចត់​ចំពោះ​វិធានការ​ដែល​បាន​ដាក់ចេញ»។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ មាន​សរុប​ចំនួន២៩២នាក់ ក្នុង​នោះ ព្យាបាល​ជាសះស្បើយ​ចំនួន២៨៣នាក់ ហើយ​នៅសល់​ចំនួន០៩នាក់​ទៀតកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ 

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Aide et Action លោក វន សំ​ភាស់ អបអរសាទរ​ចំពោះ​ការ​បើក​សាលា​ឡើងវិញ​នេះ ដោយ​លោក​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន មាតាបិតា អាណាព្យាបាល គណៈ​គ្រប់គ្រង​សាលា និង​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ទាំងអស់គ្នា​ក្នុង​ការ​ការពារនិង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ពីសា​លា​រៀន។ 

លោក​មានប្រសាសន៍​ថា៖ «ក្នុងនាម​ជា​គណៈ​គ្រប់គ្រង​សាលា ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា សុខភាព​អនាម័យ​ ការ​វាស់​កម្ដៅ ការ​លាងដៃ ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ថ្នាក់រៀន នៅ​តាម​សាលារៀន​ ត្រូវ​បាន​អនុវត្ត។ ហើយ​ក្នុង​ថ្នាក់​រៀន​មួយ​ៗ ត្រូវ​រក្សា​ឱ្យ​បាន​នូវ​គម្លាត អនាម័យ ក៏ដូចជាចំនួន​សិស្ស​អី​ជាដើម។ អ៊ីចឹង​ការងារ​ទាំងអស់​ហ្នឹង មិន​អាច​អាស្រ័យតែ​លើ​ក្រសួង​អប់រំតែ​ម្យ៉ាង​ទេ ក្រសួងសុខាភិបាល ឪពុកម្ដាយ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រួមចំណែក​ក្នុង​ការងារ​នេះ»។ 

បន្ទាប់ពី​រក​ឃើញ​ជំងឺ​កូ​វីដ១៩ជាបន្តបន្ទាប់នៅដើម​ឆ្នាំ២០២០ រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេច​នៅ​ថ្ងៃទី១៦ ខែមីនា ឱ្យ​បិទ​សាលារៀន​ទាំងអស់​ទូទាំង​ប្រទេស ដោយ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។ 

ទិន្នន័យ​ពី​ក្រសួង​អប់រំ​ ឆ្នាំ​សិក្សា២០១៩ បង្ហាញថា កម្ពុជា​មាន​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅនិង​មត្តេយ្យ​សាធារណៈ​ចំនួន​ជាង១៣ ៣០០កន្លែង ក្នុង​នោះ សាលារៀន​នៅ​តំបន់​ទីប្រជុំជន​មាន១ ៤២២កន្លែង និង​សាលារៀន​នៅ​ទី​ជនបទ​មាន១១ ៨៧៨កន្លែង ដែល​មាន​សិស្ស​សិក្សា​ជាង ៣លាន១សែន៨ម៉ឺន​នាក់ (៣ ១៨៩ ១៧២នាក់​) និង​មាន​បុគ្គលិក​បង្រៀន​ជាង៩ម៉ឺន​នាក់ (៩៣ ៧០៣នាក់​) និង​បុគ្គលិក​មិន​បង្រៀន​ជាង១ម៉ឺន៩ពាន់​នាក់ (១៩ ០៦៦នាក់​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ