គណបក្ស​​មួយ​​បារម្ភ​​ពី​​ហានិភ័យ​​បក្ស​​កាន់​អំណាច បើ​​ការ​កំណត់​​ព្រំដែន​​ដំណើរ​​ការ​​ទៅ​​ទាំង​​គ្មាន​​ការ​​ឯកភាព​ជាតិ​

លោក ហ៊ុន សែន និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណ​​រដ្ឋសង្គមនិយមវៀតណាម ក្នុងសន្និសីទ​ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បង្ហាញ​ការ​ព្រួយបារម្ភ​ថា ប្រទេសជាតិ​នឹង​ជួប​ហានិភ័យ​ដូច​ពីអ​តី​តកាល បើ​រដ្ឋសភា​របស់​បក្ស​កាន់អំណាច​មិន​ពិចារណា​ឡើងវិញទៅលើ​ការ​ទទួលស្គាល់​ច្បាប់​នានា​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ទាំង​មិន​មានការ​ឯកភាព​ផ្ទៃក្នុង​ជាតិ​នៅឡើយ​នោះ។

កាលពី​ថ្ងៃចន្ទ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​ការ​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជានិង​វៀតណាម ដោយ​សំឡេង១១៦ក្នុងចំណោម​សមាជិក១១៦រូប​ដែល​មានវត្តមានក្នុង​សភា។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​មិន​មានអាសនៈ​នៅក្នុង​សភា​សូម្បីតែ​មួយ​នោះ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​ថា ស្ថាប័នជាតិ​កំពូល​មួយ​នេះ មិន​គួរ​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទេ ខណៈ​កម្ពុជា​មិន​មាន​ឯកភាពជាតិ​នោះ​។

អ្នកនាំពាក្យ​គណបក្ស​នេះ លោក ឡឹក សុធា ប្រាប់​ថា កម្ពុជា​អាច​នឹង​ជួប​ហានិភ័យ​នៃជ​ម្លោះ​ផ្ទៃក្នុង​ដូច​ពីអ​តី​តកាល បើ​រដ្ឋសភា​មិន​ពិចារណា​ឡើងវិញ​ពី​ការ​ផ្តល់​សច្ចាប័ន​លើច្បាប់​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-វៀតណាម ដោយ​រង់ចាំ​ការ​ឯកភាពជាតិ​ជាមុន​សិន។

អ្នកនាំពាក្យ​រូប​នេះ​រំឭក​ថា ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ហើយ​ថា ក្រុម​លោក លន់ នល់ ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ហើយ​បន្ទាប់មក​ក្រុម​ខ្មែរក្រហម​ទម្លាក់​ក្រុម​លោក លន់ នល់ ដើមចម​ចេញពី​ការ​អះអាង​ដូចគ្នា​ថា ក្រុម​អ្នកគ្រប់គ្រង​រដ្ឋាភិបាល​ឃុបឃិតឬកាត់ទឹក​ដី​ឱ្យ​ទៅ​វៀ​ត​ណាម។

លោក ឡឹក សុធា ប្រាប់​ថា៖ «ហើយ​ម្យ៉ាង វា​ជាម​រត​កល្អនិង​មិនល្អ​សម្រាប់​គណបក្សប្រជាជន​កម្ពុជា ដែល​ជា​អ្នកដឹកនាំ​រឿង​ហ្នឹង​ផង ហើយ​ប្រសិនបើ​ការងារ​នេះ​បង្ក​ជា​គ្រោះមហន្តរាយ​ទៅ​ថ្ងៃ​អនាគត នាំ​ឱ្យ​មានការ​បែកបាក់​ជាតិ​ស្អី​នោះ គណបក្សប្រជាជន​កម្ពុជា​នឹង​ទទួលខុស​ទាំងស្រុង»។

មួយវិញទៀត លោក​ថា វា​ជា​ហានិភ័យ​ជាតិ​ដូចគ្នា បើ​រដ្ឋាភិបាល​បង្កើត​ព្រំដែន​សន្តិភាព​ជាមួយ​ប្រទេសជិតខាង តែ​មិនបាន​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​ជាតិ​នោះ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង បាន​ច្រានចោល​ការ​ទាមទារ​នេះ ដោយ​លោក​ថា ការកំណត់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ជា​ការទទួលខុសត្រូវ​របស់​គណបក្សប្រជាជន ហើយ​ថា សមិទ្ធផល​ព្រំដែន​បច្ចុប្បន្ន ជា​ភាព​គង់​រង្ស​របស់​ជាតិ។

លោក ឡេង ប៉េង​ឡុង ប្រាប់​ថា៖ «តាម​ភាព​ជាក់ស្តែង ព្រំដែន​ប៉ុណ្ណឹង គឺថា វា​ត្រឹមត្រូវ វា​សមរម្យ ដែល​យើង​អាច​ទទួលយក​បាន​ហើយ។ យើង​ថា នេះ​ជា​សមិ​ទ្ធផល​មួយដែល​ពលរដ្ឋ​យើង​ទទួលយក​ជា​ភាព​សុខសាន្តនិង​គង់វង្ស​របស់​ប្រជាជាតិ​ទៅ​ថ្ងៃក្រោយ»។

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ មិនមែន​បង្ក​ឱ្យ​មាន​ជម្លោះផ្ទៃក្នុង​ទេ តែថា ជា​ដំណើរការ​ប្រព្រឹត្តទៅ​ដោយ​បច្ចេកទេស។ លោក​ចាត់ទុក​ការ​លើកឡើង​នេះជា​វោហា​រសាស្ត្រ​នយោបាយ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍។

លោក ផៃ ស៊ី​ផាន ប្រាប់​ថា៖ «ការ​បារម្ភ​របស់​គាត់ បារម្ភ​កន្លែង​ត្រង់ណា ហើយ​គាត់​យក​ឯកសារ​អី​មក​ជំនួស ដូចដែល​ឯកសារ ​[រដ្ឋាភិបាល​] មាន​សព្វថ្ងៃ។ អាហ្នឹងគាត់​និយាយ​ហ្នឹង​ជា​វោហារសាស្ត្រ​នយោបាយ​ ដើម្បី​ឱ្យ​គេ​ចាប់អារម្មណ៍​ខ្លួន​គាត់​ទេ»។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​បាន​រំលាយ​ចោល​នោះ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ​ចុះ​ថ្ងៃទី២ ខែវិច្ឆិកា​ ថាការ​អនុម័ត​នេះ «គឺជា​ការយល់ព្រម​កាត់ទឹក​ដីខ្មែរ​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ជា​ផ្លូវការ»

បក្ស​ប្រឆាំង​មួយ​នេះ​បាន​គូសបញ្ជាក់​ថា ខ្លួន​នឹង​សើរើ​ឡើងវិញ​នូវ​រាល់​ច្បាប់និង​សន្ធិសញ្ញា​ខុសច្បាប់​ទាំងឡាយ​ដែល​ធ្វើឡើង​ដោយ​បក្ស​កាន់អំណាច​បច្ចុប្បន្ន ជាមួយនឹង​ប្រទេស​វៀតណាម ពាក់ព័ន្ធ​នឹង​បូរ​ណភាព​ទឹកដីនិង​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​នា​ពេល​កន្លងទៅ នៅពេល​ដែល​គណបក្ស​ខ្លួន​បាន​ដឹកនាំ​រដ្ឋាភិបាល។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​និស្សិត លោក ម៉ែ​ន ណាត មានប្រសាសន៍​ថា ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-វៀតណាម មាន​ភាព​ចម្រូងចម្រាស​តាំងពី​ការចេញដំណើរ​នៃ​ការ​ធ្វើ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ១៩៨៥ អំ​ឡុងវៀតណាម​គ្រង​គ្រង់​កម្ពុជា​ម៉្លេះ។

លោក​ថា បញ្ហា​វា​នឹង​បន្សល់ទុក​ជា​ជម្លោះ​ប្រវត្តិសាស្ត្រ​ដល់​ក្មេង​ជំនាន់​ក្រោយ បើ​រដ្ឋាភិបាល​មិន​ងាកម​ករ​កការ​ឯកភាពជាតិ ដើម្បី​ប្រឆាំង​នឹង​មហិច្ឆតា​ឈ្លានពាន​ប្រទេសជាតិ​ខាង​នោះ។

លោក ម៉ែ​ន ណាត ប្រាប់​ថា៖ «រឿង​ព្រំដែន​នេះ វា​អត់​អាច​បញ្ចប់​បានទេ ពីព្រោះ​វា​អត់មាន​ការ​ឯកភាពជាតិ នៅក្នុង​ការ​មូលមតិគ្នា​ក្នុង​ការ​ការពារ​បូរណភាពទឹកដី​ខ្លួនឯង។ បន្ទាប់ពី​មេដឹកនាំ​បច្ចុប្បន្ន​ហ្នឹង​ទៅ វា​ត្រូវតែ​សើរើ​ ពីព្រោះ​បើ​យើង​គិត​ពី​ប្រវត្តិសាស្ត្រ ជ័យជេដ្ឋាទី២អី​ អត់​ទាន់​មានច្បាប់​អី​រឹងមាំ​ទេ ប៉ុន្តែសម័យ​បច្ចុប្បន្ន​នេះ វា​ជាស​ម័យ​ដែល​មានច្បាប់​អន្តរជាតិ​រឹងមាំ​ហើយ»។

កម្ពុជា​មាន​ព្រំប្រទល់​ដីគោក​ជាប់​ប្រទេស​វៀតណាម​ប្រវែង១ ២៧០គីឡូម៉ែត្រ ដែល​បច្ចុប្បន្ន​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បោះ​បាន៨៤ភាគរយ​ហើយ។

រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា ការ​បោះបង្គោល​ព្រំដែន​នេះ កម្ពុជា​នឹង​ចំណេញ​ដី​ជិត២ពាន់​ហិ​កតា បើ​ធៀប​នឹង​ផ្ទៃដី​កម្ពុជា​ទំហំ១៨១ ០៣៥គីឡូ​ម៉ែ​ត្រកា​រ៉េ​។

ប៉ុន្តែក្រុម​អ្នកនយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​ ធ្លាប់​អះអាង​ថា ការ​បោះបង្គោល​ព្រំដែន​ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​បាន​បាត់បង់​ទឹកដី​មួយផ្នែកទៅ​ប្រទេស​វៀតណាម។

ទោះជាយ៉ាងណា អ្នក​ដែល​ធ្លាប់​រិះគន់ ដូចជា អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ហុង សុខ​ហួរ និង​លោក អ៊ុំ សំ​អាន ជាដើម ត្រូវ​រដ្ឋាភិបាល​ប្តឹង​រហូត​ជាប់ពន្ធ​នា​គារ ជាប់ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ចលាចល​សង្គម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ