មន្ត្រី​​ក្រសួង​​សង្គម​កិច្ច​ ស្នើ​​អាជ្ញា​ធរ​​មូលដ្ឋាន​​ទប់​ស្កាត់​​ការ​រើស​អើង​​និង​​ការ​ប្រមាថ​​ជន​​ពិការ

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក ឯម ច័ន្ទ​មករា ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​«ពិការភាព​ឆ្នាំ២០១៩​-២០២៣ និង​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព» នៅ​ខេត្តបាត់ដំបង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ឯម ច័ន្ទ​មករា Em Chan Makara​)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា នៅ​ថ្ងៃនេះ ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ពង្រឹង​យន្តការ​សម្របសម្រួល​ទប់ស្កាត់​ការរើសអើងនិង​ការប្រមាថ​លើ​ជន​មាន​ពិការភាព។ 

ការ​ស្នើ​នេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី ពិការភាព​ឆ្នាំ២០១៩​-២០២៣ និង​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព នៅ​ខេត្តបាត់ដំបង នៅ​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក ឯម ច័ន្ទ​មករា បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ​ច្បាស់លាស់​ធ្វើ​យ៉ាងណា​ឱ្យ​ជន​មាន​ពិការភាពនិង​ក្រុម​គ្រួសារមានគុណ​ភាព​ជីវិត​ល្អ និង​ចូលរួម​យ៉ាងសកម្ម​ពេញលេញស្មើភាព​គ្នា​ក្នុង​សង្គម​ដែល​មានការ​គោរ​ពសិ​ទិ្ធនិង​សេចក្តី​ថ្លៃថ្នូរ ព្រមទាំង​មានការ​ធ្វើ​បរិ​យា​បន្ន​ពិការភាព​ក្នុង​គ្រប់​វិស័យ​និង​ការ​អភិវឌ្ឍ។

លោក​បន្ត​ថា៖ «យើង​មាន​បេសកកម្ម​រួមគ្នា​មួយ គឺ​ជំរុញ​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល អង្គការ​ជន​មាន​ពិការភាព អង្គការ​មិនមែន​រដ្ឋាភិបាល​នានា រួម​ទាំង​ជន​មាន​ពិការភាព ដើម្បី​ធ្វើ​បរិ​យា​បន្ន​ពិការភាព​ទៅ​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​របស់​ខ្លួន​ឈាន​ទៅ​សម្រេច​បាន​នូវ​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព​ប្រកបដោយ​ចីរភាព»។

ករណីនេះ លោក ឯម ច័ន្ទ​មករា បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធផ្តល់​អាទិភាព​ដល់​ជន​មាន​ពិការភាព និង​កំណត់​អត្តសញ្ញាណ ផែនទី​ស្នាក់នៅ​របស់​ជន​មាន​ពិការភាព ដើម្បី​ធានា​ថា​ រាល់​ព័ត៌មាន​អំពី​គ្រោះ​ហានិភ័យ​ត្រូវ​បានដឹង​មុននិង​ត្រូវ​បាន​សង្គ្រោះ​ប្រកបដោយ​សុវត្ថិភាព។ លោក​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ពង្រឹង​យន្តការ​សម្របសម្រួល​ទប់ស្កាត់​ការរើសអើងនិង​ការប្រមាថ​លើ​ជន​មាន​ពិការភាព​ផង​ដែរ។

កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ពី​បំណង​ចង់​បង្កើត «សមាគម​ការពារ​សេចក្តី​ថ្លៃថ្នូរ​ជន​ពិការ» ដើម្បី​ការពារ​ជន​ពិការ​ពី​ការប្រមាថ​នានា ដែល​ធ្វើ​ឱ្យ​ប៉ះទង្គិច​អារម្មណ៍និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួក​គាត់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ថា កន្លងមក មានការ​ប្រមាថ​មួយចំនួន​ទៅលើ​ជន​ពិការ រួម​ទាំង​រូបលោក​ផង​ដែរ ដែល​ករណីនេះ លោក​មិន​អាច​អត់ឱនឱ្យ​បានទេ។ លោក​បាន​អំពាវនាវ​ឱ្យ​មានការ​យោគយល់និង​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ជន​ពិការ និង​ចៀសវាង​ការប្រមាថ​ទៅលើ​ជន​ពិការ។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​សូម​អំពាវនាវ សូម​មេត្តា​យោគយល់​ចំពោះ​ជន​ពិការ បើ​ទោះបី​មិនបាន​ផ្តល់​អ្វី​ឱ្យ​ជន​ពិការ​ទេ សូម​មេត្តា​កុំ​ប្រមាថ​ជន​ពិការ ដូចជា​ការ​ហៅ​គ្នា អា​កំបាក់ អា​កំ​ប៉ុត​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ