លោក​ បៃ​ដិន​ ស្ថិត​​លើ​​ផ្លូវ​​ឆ្ពោះ​ទៅ​​រក​​ជ័យ​ជម្នះ​​ការ​បោះ​ឆ្នោត​​ដឹក​នាំ​​សេត​វិមាន​

បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន ក្នុង​យុទ្ធនាការ​រក​សំឡេងឆ្នោត​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០នេះ។ (​ហ្វេសប៊ុក៖ Joe Biden )

​គិត​មកដល់​ត្រឹម​ម៉ោង១០ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​មិនទាន់​ដាច់ស្រេច​នៅឡើយ​ទេ​ថា នរណា​ជា​អ្នកឈ្នះ​សម្រាប់​ឈាន​ទៅកាន់​តំណែង​ដឹកនាំ​សេតវិមាន​នា​ពេល​ខាងមុខនេះ។

ប៉ុន្តែលទ្ធផល​បណ្ដោះអាសន្ន​បាន​បង្ហាញ​ឱ្យឃើញថា បេក្ខជន​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន កំពុងតែ​ស្ថិត​លើ​ផ្លូវ​កាន់តែ​កៀក​ទៅ​នឹង​ជ័យជម្នះ​ហើយ ក្រោយពី​ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ​ឡើង​ដល់២៦៤សំឡេង​ហើយ​នោះ ខណៈ​គូប្រជែង​របស់​លោក គឺ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន លោក ដូ​ណាល់ ត្រាំ ទើបតែ​ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ​តែ២១៤សំឡេង​ប៉ុណ្ណោះ។

នៅ​សហរដ្ឋអាមេរិក បេក្ខជន​ម្នាក់​ត្រូវ​ទទួលបានសន្លឹកឆ្នោត​គាំទ្រ​យ៉ាងតិច២៧០សំឡេង នៅក្នុងចំណោម​សន្លឹកឆ្នោត​សរុប៥៣៨សំឡេង ដែល​បោះ​ដោយ​ប្រតិភូ​ជា​តំណាងឱ្យ​ពលរដ្ឋ​នៅ​តាម​បណ្ដា​រដ្ឋ​នានា​នៅ​ទូទាំង​ប្រទេស។

តាមរយៈ​លទ្ធផល​បណ្ដោះអាសន្ន​នេះ លោក បៃ​ដិន ខ្វះតែ​សន្លឹកឆ្នោត​គាំទ្រ​ត្រឹមតែ៦ទៀត​ប៉ុណ្ណោះ ដើម្បី​ប្រកាស​ថា លោក​នឹង​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំនេះ ហើយ​ធ្វើដំណើរ​ទៅកាន់​សេតវិមាន។

ទីភ្នាក់ងារព័ត៌មាន AP បាន​រាយការណ៍​ថា នេះ​ជាលើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ហើយ ដែល​លទ្ធផល​ចាញ់​ឈ្នះ​នៃ​ការបោះឆ្នោត​នេះនៅតែ​មិនទាន់​ដឹង​នៅឡើយ​ ក្រោយ​ការបោះឆ្នោត​កន្លង​ផុត​ទៅ​មួយថ្ងៃ​ហើយ​នោះ។

ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំនេះ មានដំណើរ​ការ​យឺតយ៉ាវ ក៏​ព្រោះតែ​វិបត្តិ​សុខភាព​សកល​ដែល​បណ្ដាលមកពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ ជាពិសេស​នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​តែម្ដង។

សារព័ត៌មាន BBC បាន​ចុះផ្សាយ​ថា ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់បាន​ជ្រើសរើស​ការបោះឆ្នោត​តាមរយៈ​ការ​ផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍ ហើយ​រដ្ឋ​ខ្លះ​មិន​អនុញ្ញាត​ឱ្យមានការ​បោះឆ្នោត​មុន​នោះ​ឡើយ។

នីតិវិធី​នៃ​ការបោះឆ្នោត​នៅ​អាមេរិក បាន​អនុញ្ញាត​ឱ្យពលរដ្ឋ​របស់​ខ្លួន​អាច​បោះឆ្នោត​មុន​ថ្ងៃកំណត់​បាន ប្រសិនបើ​ពលរដ្ឋ​ណា​ម្នាក់​ជាប់​បំពេញការងារឬភារកិច្ច​ចាំបាច់​ខានមិនបាន​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ