បទ​​យក​ការណ៍​៖​ ពលរដ្ឋ​​នៅ​​តំបន់​​កួរ​ស្រូវ​ ចង់​ឱ្យ​​មាន​​ប្រព័ន្ធ​​រំដោះ​​ទឹក​​បញ្ចៀស​​ការ​​ជន់​​លិច​​ដូច​​ឆ្នាំ​នេះ​

ពលរដ្ឋ​រស់នៅ​តំបន់​ជន់​លិច​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អង្គុយ​នៅមុខ​កន្លែង​ស្នាក់នៅ​ខ្លួន ខណៈ​មិន​អាច​ទៅណា​បាន​អំឡុង​ពេល​ដែល​តំបន់​នោះ​រង​ការវាយប្រហារ​ពី​ជំនន់​ទឹកភ្លៀង​និង​ទឹកហូរ​ធ្លាក់​ពី​ស្ទឹង​ព្រែកត្នោត ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

​ពលរដ្ឋ​រស់នៅ​តំបន់​រង្វង់​មូល​កួរស្រូវ​ បាន​វិល​ត្រលប់​ទៅផ្ទះនិង​កន្លែង​រកស៊ី​របស់​ខ្លួន​វិញ​ជា​បណ្ដើរ​ៗ បន្ទាប់ពី​ទឹកជំនន់​ដែល​ហូរចេញ​ពី​ស្ទឹង​ព្រែកត្នោត​បាន​ស្រក​ចុះ។ បន្ទាប់ពី​ត្រលប់​មកវិញ ពួក​គាត់​បាន​រៀបរាប់​ពី​ទំហំ​នៃ​ការខូចខាត​នៅផ្ទះ​របស់​គា​ត់​រៀង​ៗខ្លួន និង​ថា​ មិន​ចង់​ឃើញ​មាន​គ្រោះ​ទឹកជំនន់​បែបនេះ​នៅ​ឆ្នាំ​ក្រោយ​ៗទៀត​នោះ​ទេ។ 

ស្ថានភាព​ចរាចរណ៍​នៅ​ថ្ងៃទី៤ ខែវិច្ឆិកា នៅ​ផ្លូវជាតិ​លេខ២០ នៅមុខ​ផ្សារ​ព្រែកជ្រៃ បន្ទាប់ពី​ទឹកបាន​ស្រក​ចុះ។ (ហ៊ុន សិរី​វឌ្ឍន៍​)

បន្ទាប់ពី​ត្រលប់​មក​ផ្ទះ​វិញកាលពី​ថ្ងៃ​អង្គារ ទី៣ ខែវិច្ឆិកា អ្នកស្រី វណ្ណា អាយុ៤២ឆ្នាំ បាន​ចាប់ផ្ដើម​បើក​តូប​កាហ្វេ​របស់​គាត់​ឡើងវិញ នៅក្នុង​បុរី​វី​អាយ​ភី (VIP​) ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា បន្ទាប់ពី​បិទ​ជាង​កន្លះ​ខែ​ដោយសារ​ទឹកជំនន់​កន្លងទៅ។ 

អ្នកស្រី​មានប្រសាសន៍​ថា សម្ភារក្នុង​ផ្ទះ​អ្នកស្រី​ដែល​មាន​ដូចជា តុ ទូ កៅអី ទូរ​ទឹកកក រួម​ទាំង​តូប​កាហ្វេ​របស់​អ្នកស្រី​ផង ត្រូវ​បាន​ទឹក​លិច​បំផ្លាញ​ខូច​ស្ទើរ​ទាំងស្រុង ដែល​គិតជា​ទឹកប្រាក់​មិន​តិច​ជាង៥០០ដុល្លារ​នោះ​ទេ។ 

ពលរដ្ឋ​បង្ហាញ​ពី​ស្នាម​ទឹកដែល​នៅ​លើ​ទូ​កាហ្វេ​របស់​គាត់ បន្ទាប់ពី​វិល​ត្រលប់​ទៅ​លក់ដូរ​វិញ​នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ុន សិរី​វឌ្ឍន៍​)

អ្នកស្រី​មានប្រសាសន៍​ថា៖ «សរុប​ជា​លុយ​ គ្រាន់តែ​ទូរ​ទឹកកក​មួយ៣០០ជាង តុបាយ​មួយ​ក៏​ខូច​អស់​! វា​ចូល​តែ៤ ទៅ៥ ទៅ៦រយ​ហ្នឹង​! ទូរ​លក់​កាហ្វេ​ទៀត គ្រូ​ឯង​មក​មើល​មើ! របើក​អស់​! តែ​មិនដឹង​ធ្វើ​ម៉េច! ផ្ទះ​អ្ន​កផ្សេង​ៗខូចខាត ដូច​ផ្ទះ​នោះ​អី​ គ្នា​របើក​ការ៉ូ​អស់ហើយ ខ្ញុំ​សុទ្ធតែ​កៅអី មើល​មើ! ស្លែ​ឡើង​ញ៉ុក​អស់ អាហ្នឹង​សុទ្ធតែ​ដុសសាប៊ូ នៅតែ​អ៊ីចឹង ​វា​មិន​ខូច?»

បុរស​វ័យ៣២ឆ្នាំ​មួយ​រូប​ទៀត លោក នេត្រ ភឿន ដែល​មានផ្ទះ​នៅក្នុង​បុរី​រតនៈ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ផ្ទះ​របស់​លោក​បាន​រង​នូវ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​បង្ខំចិត្ត​នាំ​សមាជិក​គ្រួសារ​ទៅ​ស្នាក់នៅ​ជា​បណ្តោះអាសន្នឯស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង។

គ្រួសារលោក នេត្រ ភឿន បាន​វិល​ត្រលប់​មក​លំនៅ​ដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​វិញកាលពី​សប្តាហ៍​មុន បន្ទាប់​ទឹកបាន​ស្រក។ លោក​បន្ត​ថា ផ្ទះ​របស់​លោក​រង​ការខូចខាត​តិចតួច​ប៉ុណ្ណោះ ខណៈ​លោក​វាយតម្លៃ​ថា​ អស់​ត្រឹម​ប្រមាណ១០០ដុល្លារ។ 

ទោះជាយ៉ាងណា លោក​មិន​បន្ទោស​ករណី​ជន់​លិច​នេះ​ទៅលើ​អ្នកណា​នោះ​ទេ ដោយ​ថា​ វា​ជា​រឿង​ចៃដន្យ​ដែល​មិន​អាច​ទប់ស្កាត់​បាន។ 

លោក​ ភឿន និយាយ​ថា៖ «រាល់​ឆ្នាំ​មិនដែល​លិច​ទេ​ ទើបតែ​ឆ្នាំនេះ​ទេ​ដែល​លិច ដោយសារ​បាក់​ទំនប់​ វា​ចំពេក ដល់​អញ្ចឹង​គេ​ទប់​ម៉េច​ទាន់! បើ​បាក់​មក​ហើយ​ដល់​អញ្ចឹង ​គ្នា​ទប់​ម៉េច​ទាន់! ខ្លះ​គេ​ចេះតែ​ខ្លា​ចក្រែ​ង ក្រែង[កន្លែង]ហ្នឹង​ខ្ពស់​ហើយ​! បុរី​នេះ គេ​ចាក់​ខ្ពស់​ហើយ ​វា​លិច​បាន​ត្រឹមហ្នឹង»។

នៅ​តាមផ្លូវ​មួយចំនួន​ក្នុង​ខណ្ឌ​ដង្ហោ នៅតែ​មាន​ទឹក​នៅ​ប្រប​នៅ​តាមផ្លូវ​ដដែល ដែល​ផ្លូវ​ខ្លះ​ត្រូវ​ទឹក​កាត់ផ្ដាច់​ទៀតផង។ ថ្វីត្បិតតែ​ទឹកបាន​ស្រក​ចុះ​ក្ដី តែ​វា​នៅតែ​បន្សល់​ស្នាម​លិច​នៅ​តាម​ផ្ទះ​នី​មួយៗមិន​តិច​ជាង​កន្លះ​ម៉ែត្រ​នោះ​ទេ។ 

សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រែកថ្មី បានឱ្យ​ដឹង​ថា ទឹក​ពេល​ដែល​ឡើង​ខ្ពស់​បំផុតគឺ​ដល់​ដើមទ្រូង​ឯណោះ ហើយ​មាន​កន្លែង​ខ្លះ​ជ្រៅ​ដល់​ផុត​ក្បាលមនុស្ស​ទៀតផង។ 

បន្ទាប់ពី​បាយ​ថ្ងៃត្រង់​រួច អ្នក​បោះ​ដុំ​ភេសជ្ជៈ​នៅ​ជិត​ផ្សារ​ព្រែកជ្រៃ លោក យ៉ង់ យឿន អាយុ៥៧ឆ្នាំ បានឱ្យ​អ្នកយកព័ត៌មាន VOD ដឹង​ថា កន្លែង​ផ្ទុក​សម្ភាររបស់​លោក ត្រូវ​ទឹក​លិច​ត្រឹម​ដើមទ្រូង​មនុស្ស បណ្តាល​ឱ្យ​ខូចខាត​អស់​ជាច្រើន ដែល​គិតជា​លុយ​មិន​តិច​ជាង៣ពាន់​ដុល្លារ​នោះ​ទេ។

បន្ទាប់ពី​ពិសា​បាយ​រួច លោក យ៉ង់ យឿន កំពុង​អង្គុយ​នៅមុខ​ឃ្លាំង​ដាក់​អីវ៉ាន់​របស់​លោក នៅ​ជិត​ផ្សារ​ព្រែកជ្រៃ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ុន សិរី​វឌ្ឍន៍​)

លោក​ថា៖ «Pocarisweat ​[ភេសជ្ជៈ​] អី​វ៉ិន​! ឥលូវមិនដឹង​នៅឯណា​ទេ​ ព្រោះអី​វា​អណ្ដែត​ច្រឡូកច្រឡំ​គ្នា​ទៅ​ មិនដឹង​ទៅណា​ទៅ​ណី​! ហើយ​ហ្នឹង​អាណា​ស្រង់​បាន​ណា! ហើយ​អាណា​ស្រង់​មិនបាន ​អ្ហែង​អណ្ដែត​ទៅ​ណា​ទៅៗ ព្រោះ​ពេល​យើង​បើកទ្វារ​មិនបាន​ប្រុងប្រយ័ត្ន​ វា​ចេញ​មក​តែម្ដង ហើយ​យើង​ចាប់បាន​ក៏​បោះ​ចូល​វិញ​ទៅ អាណា​ចាប់​មិនទាន់​ ក៏​ទៅៗ។ វា​ខូច​ៗអា​គ្រឿងដែក ​ដូចជា ​កំប៉ុងទឹក​ដោះ​គោ កេស​ទឹកដោះគោ​អី​វ៉ិនហ្នឹង! កាលណា​តែ​ច្រែសគឺ​គេ​អត់​ទិញ​យើង​ទេ ហើយ​ក្រុមហ៊ុន​ក៏​មិន​ទទួលយក​វិញ​ដែរ ដល់អញ្ចឹង​ពូ​ខ្ជិល ពូ​បោះចោល​តែម្ដង​! អាណា​ដែល​ខូច​ មាន​ច្រែស​មានអី​ បោះចោល​ហ្មង​ទៅ»។ 

ក្រៅពី​អីវ៉ាន់​ដែល​ខូច​បោះចោល លោក យ៉ង់ យឿន ក៏​ត្រូវ​បក​កេស​ស្រាបៀ​រដែ​លត្រូវ​ទឹក​សើមនិង​លាង​សំបក​កំប៉ុង ដើម្បី​រង់ចាំ​ច្រក​ដាក់​កេស​ថ្មី​ផង​ដែរ។

បើ​ទោះបី​រង​ផល​ប៉ះពាល់​បែបនេះ​ក្ដី ក៏​ពលរដ្ឋ​ដែល VOD សម្ភាស បាន​និយាយ​ថា គាត់​មិន​ចង់បាន​ជំនួយ​អ្វី​នោះ​ទេ ដោយ​គ្រាន់តែ​ចង់ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ឱ្យ​ប្រសើរ ដើម្បី​បញ្ចៀស​ទឹក​កុំឱ្យ​ជោរជន់​ដូច​ឆ្នាំនេះ​តទៅទៀត។ 

ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​ក្នុង​ខណ្ឌដង្កោ បាន​ជន់​ឡើង​ខ្លាំងកាលពី​យប់​ថ្ងៃទី១៣ ខែតុលា និង​បាន​ហូរ​ច្រាល​ខ្លាំង​ទៅ​តំបន់​កួរស្រូវក្នុង​ខណ្ឌដង្កោ នៅ​ថ្ងៃទី១៤ ខែតុលា ក្រោយពី​ទំនប់​ចម្ការ​តែ នៅ​ខ្នងភ្នំ​គិរីរម្យ​ដែល​ស្តុក​ទឹក៥លាន​ម៉ែត្រគូប បាន​បាក់ ស្រប​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយសារ​ឥទ្ធិពល​ព្យុះ។ 

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​សង្គ្រោះ បាន​ចេញ​ប្រតិបត្តិ​ការសង្គ្រោះ​ជាបន្តបន្ទាប់ ខណៈ​រដ្ឋបាល​រាជធានី ឱ្យ​ដឹង​ថា ទឹកជំនន់​នេះបាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥ ០០០គ្រួសារ ​ក្នុង​ខណ្ឌដង្កោ ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ​ជាង៣ពាន់​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព។ 

បុរស​អ្នកនេសាទ​ពីរ​នាក់​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​សង្កាត់​ព្រែកថ្មី ខណ្ឌដង្កោ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹកជំនន់​កាលពី​ពេល​ថ្មី​ៗនេះ ដែល​ស្ថ​នភា​ពទឹក​នៅ​ប្រប​នឹង​ផ្លូវ​នៅឡើយ។ (ហ៊ុន សិរី​វឌ្ឍន៍​)

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី មានប្រសាសន៍​ប្រាប់ VOD យ៉ាង​ខ្លី​ថា នៅពេល​នេះ សាលា​រាជធានីកំពុង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​នេះ ខណៈ​មិនទាន់​អាច​បញ្ជាក់​លម្អិត​បាន​នោះ​ទេ ដោយ​លោក​ជាប់​ប្រជុំ។

ចំណែកអ្នកនាំពាក្យ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក គង់ វិមាន មានប្រសាសន៍​ថា នៅពេល​នេះ មន្ត្រី​ជំនាញ​របស់ក្រ​សួងបាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ស្រង់​ទិន្នន័យ​ពី​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​កួរស្រូវ និង​រៀបចំផែនការ​អភិវឌ្ឍ​ន៍ប្រព័ន្ធ​រំដោះ​ទឹក​នៅក្នុង​តំបន់​នោះ​ហើយ។

ទោះ​យ៉ាងណា លោកមិនទាន់​អាច​បញ្ជាក់​លម្អិត​នៅឡើយ​ទេ ដោយ​រង់​ចាំ​ការពិភាក្សានិង​វាយតម្លៃ​ចប់​សិន។

លោក​បាន​ថ្លែង​ថា៖ «តាមពិត​មាននៅ​ក្នុង​ផែនការមេ​របស់ក្រ​សួង​ហើយ ក្នុង​ផែនការ​សាងសង់​របស់​យើង គឺ​គ្មានអ្វី​ប្រែប្រួល​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ពិនិត្យ​ពី​លទ្ធភាព​ជាក់ស្តែង​ដែល​កើតមាន​នៅក្នុង​ឆ្នាំនេះ ដើម្បី​ឱ្យ​យើង​ធ្វើការ​កែតម្រូវ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ស្ពាន លូទឹក តែម្តង។ អញ្ចឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ យើង​ត្រូវ​សិក្សា​រួមគ្នា​ជាមួយ​ក្រសួងធនធានទឹក​បន្ត​ទៀត»។

ក្នុង​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ ​ឆ្នាំ២០១៨ដល់២០៣០ ដែល​ចេញផ្សាយ​ដោយក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រសួងបរិស្ថាន សាលា​រាជធានី​ភ្នំពេញ និង​វិទ្យាស្ថាន​បៃតង​សកល បាន​លើកឡើង​ថា រាជធានី​ភ្នំពេញស្ថិត​ក្នុង​ភាព​រងគ្រោះ​ខ្លាំង​ចំពោះ​ការ​ជន់​លិច ដោយសារ​ទីក្រុង​នេះស្ថិត​ក្នុង​តំបន់​ទំនាប​ដីល្បាប់​មេគង្គ ប្រព័ន្ធ​រំដោះ​ទឹកជំនន់​មាន​ភាព​ស្មុគស្មាញ ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ពី​ការ​ជន់​លិច​ទៀតដោយសារ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​លូ និង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​មិន​គ្រប់គ្រាន់។ 

ក្នុង​របាយការណ៍​នោះលើកឡើង​ថា៖ «ការ​ជន់​លិច​ក្លាយជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​រាជធានី​ភ្នំពេញ។ ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ ការ​ជន់​លិច​ដែល​មាន​សភាព​ធ្ងន់ធ្ងរ បាន​កើតឡើង​ប្រហែល៥ឆ្នាំ​ម្ដង។ ការ​ជន់​លិច​កាន់តែ​ធ្ងន់ធ្ងរ​បែបនេះ គឺ​ដោយសារ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​វិស័យ​ឯកជន​នៅក្នុង​តំបន់​ដែល​ពីមុន​មកគឺជា​លំហ​បែ​តង​សាធារណៈ បឹង​ធម្មជាតិ ឬតំបន់ដីសើម និង​ដែល​កន្លងមកវា​ជា​ប្រព័ន្ធ​គ្រប់គ្រង​ទឹកជំនន់​ធម្មជាតិ និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់។ ក្នុងអំឡុងឆ្នាំ២០០៣ ដល់២០១៥ គេ​បាន​ប៉ាន់ស្មាន​ថា ​តំបន់​វាលភក់ បឹង និង​តំបន់ដីសើម​នៅ​រាជធានី​ភ្នំពេញ​ បាន​ថយ​ចុះ៥០​%»។ 

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា បញ្ហា​ជំនន់​នៅ​តំបន់​កួរស្រូវ គឺជា​មេរៀន​មួយ​ដែល​បង្ហាញថា ការ​អភិវឌ្ឍគឺ​ចាំបាច់​ត្រូវ​គិត​ពី​ប្រព័ន្ធ​បង្ហូរទឹក​ជា​សំខាន់។

លោក​បន្ត​ថា ករណីនេះមិន​អាច​បន្ទោស​តែ​ទៅលើ​ធម្មជាតិ​បាន​នោះ​ទេ តែ​ត្រូវ​ចេះ​បញ្ចៀសនិង​ការពារ​ខ្លួន​ពី​គ្រោះ​ធម្មជាតិ។ 

លោក​ថា៖ «កាលណា​យើង​ឃើញថា វា​លិច ហើយ​ជន់​យូរថ្ងៃ អាហ្នឹង​កំហុស ចង់​មិន​ចង់ វា​បណ្ដាលមកពី ​ទី១ វា​អាចម​កពី​ការ​អភិវឌ្ឍ​ទីក្រុង​ហ្នឹង វា​អត់មាន​ផែនការ​ច្បាស់លាស់។ យើង​ចេះតែ​បណ្ដោយ​ឱ្យ​អ្នកវិនិយោគទុន​ផ្ទះល្វែង​ចេះតែ​ធ្វើ​ទៅ ហើយ​អត់​ដឹង​ថា​ ធ្វើ​ហើយ​ដាក់​មនុស្ស​ចំនួន​ប៉ុន្មាន​ពាន់​នាក់​នៅកន្លែង​ហ្នឹង ហើយ​ត្រូវការ​ប្រព័ន្ធ​លូ​ហ្នឹង​ប៉ុណ្ណា ដើម្បី​ឱ្យ​លូ​ហ្នឹង​វា​ហូរចេញ​ទៅ​ទាន់ពេល​វេលា។ ទាំងអស់​ហ្នឹង​ វា​សុទ្ធតែ​ជា​កា​ត​ព្វ​កិច្ច​របស់​អ្នក​រៀបចំ​អភិវឌ្ឍន៍​ទីក្រុង»។ 

សម្រាប់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ទឹកជំនន់​នៅ​តំបន់​កួរស្រូវ​វិញ ស្នើ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ គួរ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ណាមួយដើម្បី​កសាង​ច្រាំង​ស្ទឹង​ព្រែកត្នោត ដោយ​ថា ដើម្បី​អាច​ធ្វើ​ឱ្យ​វិធានការ​បញ្ចៀសជំនន់​ស្ទឹង​មាន​ប្រសិទ្ធភាព។ 

ផ្លូវ​មួយ​ខ្សែ​នៅក្នុង​សង្កាត់​ព្រែកថ្មី ដែល​ត្រូវ​បាន​ទឹក​កាត់ផ្ដាច់ នៅ​មិនទាន់​អាច​ធ្វើដំណើរ​ឆ្លងកាត់​បាន​នៅឡើយ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ុន សិរី​វឌ្ឍន៍​)

លោក យ៉ង់ យឿន មានប្រសាសន៍​ថា៖ «គ្រាន់តែ​ឮគម្រោង​ទេ​! ឮថា ​ឆ្នាំក្រោយ​ហ្នឹង ​អាច​នឹង​ធ្វើ​ក្រ​វ៉ាត់​សណ្ដ​រស្ទឹង​ហ្នឹង​ ចាក់​បេតុង​វិញ ព្រោះ​ការ​ធ្វើ​មុន​ៗគ្រាន់តែ​ចាក់​ថែម​បន្ដិច​ៗ វា​មិន​បាន​ស្ដ​ង់​ដារ ដល់​លើក​នេះ​ឮគេ​ថា ​ធ្វើ​យក​ស្ដ​ង់​ដារ។ តែ​និយាយរួម​ទៅ ខ្ញុំ​មិន​ចោទប្រកាន់​លើ​រដ្ឋាភិបាល​យើង​ទេ បើ​ក្រុមហ៊ុន​ធ្វើ​ វា​ល្អជា​ងរ​ដ្ឋ​យើង​ធ្វើ។ រដ្ឋ​យើង​ធ្វើ ​ខ្ញុំ​ឃើញ​ដូ​ចលំៗ តែបើ​ក្រុមហ៊ុន ​គេ​មាន​កុងត្រា​អី​ គេ​ធ្វើ​បាន​ល្អ​ជាង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ