ទូត​​ខ្មែរ​​នៅ​​អាមេរិក​​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​​ពី​​ថ្នាក់​ដឹក​នាំ​​បក្ស​​ប្រឆាំង​​ជុំវិញ​​ការ​​មិន​​ទទួល​លិខិត​​ពួក​គេ​

ក្រុម​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភ​សន៍​ដល់​អ្នកកាសែត នៅ​ពីមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីងតោន សហរដ្ឋអាមេរិក នៅពេល​យក​លិខិតស្នើ​ដាក់​នៅ​ស្ថានទូត​តែ​មិន​មាន​អ្នកទទួល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ Mu Sochua​)

​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​ប្រតិកម្ម​តប​ទៅ​នឹង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រស់នៅ​និរទេស​ខ្លួនឯង​នៅ​ក្រៅប្រទេស ដែល​បាន​ចោទ​ស្ថាន​តំណាង​កម្ពុជា​មួយ​នេះ​ថា បម្រើ​ផលប្រយោជន៍​ឱ្យ​បក្ស​កាន់អំណាច។

ក្នុង​វីដេអូ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អ្នកស្រី មូរ សុខ​ហួរ កាលពី​ថ្ងៃម្សិលមិញ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃ​អ៊ា​ង ដែល​កំពុង​រស់នៅ​និរទេស​ខ្លួនឯង​នៅ​ឯក្រៅ​ប្រទេស​នោះ បាន​ថ្លែង​ថា លោក​សោកស្ដាយ ក្រោយពី​គ្មាន​មន្ត្រី​រូប​ណា​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ចេញ​មក​ទទួលលិខិតឬផ្ដល់​ព័ត៌មាន​ដល់​ពួក​គេ​នោះ។

លោក អេង ឆៃ​អ៊ា​ង ថ្លែង​ថា៖ «ពួក​យើងខ្ញុំ​សោកស្ដាយ​ដែរ​! ធម្មតា ឯកអគ្គ​រាជទូត​ត្រូវតែ​ធ្វើ​កិច្ចការ​សម្រាប់​ប្រជាជាតិ​ខ្មែរ មិន​ត្រូវ​គិត​ពី​រឿង​នយោបាយ​ទេ។ ពួក​យើងខ្ញុំ​បាន​ជូនដំណឹង​មុន​ហើយ​ថា ពួក​យើងខ្ញុំ​នឹង​យក​លិខិត​មក​ដាក់​តាមរយៈ​ឯកអគ្គ​រាជទូត»។

លោក ឆៃ​អ៊ា​ង បាន​ថ្លែង​បន្ត​ថា៖ «អ៊ីចឹង ទូត​ហ្នឹង​ត្រូវតែ​ដោះស្រាយ​នូវ​ដំណើរ​របស់​យើងខ្ញុំ។ កាលណា​ទូត​អត់​ទទួល​ខ្ញុំ តើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ហ្នឹង សង្ឃឹមលើ​អី​?»

ប៉ុន្តែក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន​ចេញថ្ងៃ​ម្សិលមិញ​ដែរ​នោះ អ្នកនាំពាក្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​អះអាង​ថា ស្ថាន​តំណាង​កម្ពុជា​មួយ​នេះបាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋខ្មែរ​ទូទៅ លើកលែងតែ​«បុគ្គល​ក្រៅច្បាប់»តែប៉ុណ្ណោះ។

អ្នកនាំពាក្យ​ស្ថានទូត​កម្ពុជា​និយាយ​ថា៖ «ហេតុការណ៍​ដែល​បាន​កើតឡើង​នៅមុខ​ស្ថានទូត​នៅ​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ […] ពុំ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការចោទប្រកាន់​ថា ស្ថានទូត​មិន​ទទួល​ជួប​ពលរដ្ឋខ្មែរ​នោះ​ឡើយ»។

ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង១១រូប ដែល​កំពុង​រស់នៅ​និរទេស​ខ្លួនឯង​នៅ​ឯក្រៅ​ប្រទេស​ចាប់តាំងពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ចុងឆ្នាំ២០១៧ បាន​ព្យាយាម​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​កាលពី​ថ្ងៃម្សិលមិញ​ ដើម្បី​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យ​ផ្ដល់​សុពលភាព​លើ​លិខិតឆ្លងដែន​របស់​ពួក​គេ​ឡើងវិញ។ ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង បាន​បញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា ពួក​គេ​មានបំណង​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ។

វីដេអូ​រយៈពេល៥២នាទី​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​អ្នកស្រី មូរ សុខ​ហួរ កាលពី​ថ្ងៃម្សិលមិញ បង្ហាញ​ឱ្យឃើញអនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃ​អ៊ា​ង រួម​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ព​ស់២រូប​ទៀត បាន​កាន់​លិខិត​មួយ​ច្បាប់​ដើរទៅ​កាន់​ច្រកចូល​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក។

ក្នុង​វីដេអូ​ដដែល​នោះ អ្នកស្រី មូរ សុខ​ហួរ បាន​ចុច​កន្ដឹង​ទ្វាររបង​ស្ថានទូត​ចំនួន៣ដង ប៉ុន្តែគ្មាន​នរណា​ម្នាក់​បើកទ្វារ​ចេញ​មក​ផ្ដល់​ព័ត៌មានឬឆ្លើយតប​នឹង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំងនោះ​ទេ។

អ្នកស្រី មូរ សុខ​ហួរ បាន​ថ្លែង​ក្នុង​វីដេអូ​នោះ​ថា ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​ទាំង១១រូប មានបំណង​វិលត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុង​សវនាការ​ទៅតាម​ការ​កោះហៅ​របស់​តុលាការ​កម្ពុជា។

អ្នកស្រី មូរ សុខ​ហួរ ថ្លែង​ថា៖ «បើ​យើង​អត់មាន​អ្វី​នឹង​ទៅផ្ទះ​វិញ មាតុភូមិ​យើង​វិញ តើ​យើង​ទៅតាម​ផ្លូវ​ណា​? អ៊ីចឹង​មិន​គេ​និរទេស​យើង​! អាហ្នឹង​ផ្ទុយ​ស្រឡះ​នឹង​មាត្រា៣៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា»។

អ្នកស្រី សុខ​ហួរ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង៦០រូប ក្នុង​នោះ​មាន​ទាំង​លោក សម រង្ស៊ី ផង​ដែរ ត្រូវ​បាន​សាលាដំបូង​រាជធានី​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃនេះ និង​នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​ពី​បទ​«រួមគំនិតក្បត់» «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស» និង​បទ​ចោទ​«ឧបឃាត» ឬប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។

អ្នកស្រី សុខ​ហួរ ថ្លែង​បន្ត​ថា៖ «នៅ​ប្រទេសជាតិ​ណា​ក៏​គេ​ត្រូវ​ឱ្យ​ពលរដ្ឋ​គេ​ទៅ​ស្រុក​គេ​វិញ ហើយ​ឱ្យ​ស្ថានទូត​ហ្នឹងទទួលយក​បណ្ដឹង​ក្ដី ការ​កង្វល់​ក្ដី​ដែល​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ហ្នឹង​គេ​មក​ពឹង។ ស្ថានទូត​ហ្នឹង​តាមរយៈ​អគ្គរាជទូត​ហ្នឹង ត្រូវតែ​ឆ្លើយតប។ អ៊ីចឹង​ថ្ងៃ​ហ្នឹង ហេតុ​អី​បាន​បិទទ្វារ​?»

វី​អូ​ឌី​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ឯស​ហរ​ដ្ឋ​អាមេរិក​បានទេ ហើយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បដិសេធ​បកស្រាយ​បន្ថែម ហើយ​ប្រាប់​ឱ្យ​យោង​ទៅលើ​ខ្លឹមសារ​សេចក្ដីថ្លែង​ការណ៍​ចេញ​ដោយស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន។

វី​អូ​ឌី​ក៏បាន​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ផង​ដែរ ប៉ុន្តែលោក​មិន​លើក​ទូរសព្ទ ខណៈ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ប្រាប់​ឱ្យ​សាកសួរ​ទៅ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង វិញ។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា ការ​ស្នើសុំ​សុពលភាព​លិខិតឆ្លងដែន​ឡើងវិញ ដើម្បី​ចូលរួម​សវនាការ​នៅ​កម្ពុជា​នោះ ក្រសួង​ការបរទេស​ជា​អ្នក​សម្រេច។ ប៉ុន្តែលោក​ជឿ​ថា រដ្ឋាភិបាល​មិន​អនុ​ញ្ញាតិ​នោះ​ទេ ដោយសារ​អ្នក​ទាំងនោះ​ជា​អ្នកប្រព្រឹត្តខុស​ច្បាប់ ហើយ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ស្របច្បាប់​ផង​ដែរ។

លោក សុខ ឥសាន ប្រាប់៖ «កុំ​ថ្នាំងថ្នាក់​អី ដែល​ស្ថានទូត​នៅ​សហរដ្ឋអាមេរិក​ដែលគេ​បិទទ្វារ គេ​មិន​ទទួលពាក្យ​នោះ។ វា​រឿង​ធម្មតា អ្នក​ត្រូវ​ច្បាប់​មិន​ស្វាគមន៍​អ្នក​ខុសច្បាប់​ទេ ហើយ​អ្នកឯង​ពូកែ អ្នកឯង​មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល មូលហេតុ​អ្វី​អ្នកឯង​លូន​ទៅ​រក​ស្ថានទូត​រដ្ឋាភិបាល​នៅ​បរទេស»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍​ថា ដំណាក់កាល​នេះ ស្ថានទូត​កម្ពុជា​ពិបាក​ក្នុង​ការសម្រេច​ផ្តល់​សុ​ពលភាព​​លិខិតឆ្លងដែន​ឱ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង។ ប៉ុន្តែលោក​ថា បើ​មេដឹកនាំ​អាមេរិក​ថ្មី​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ នោះ​អាមេរិក​អាច​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​អាមេរិក ដើម្បី​ឱ្យ​ទទួល​បាន​សេរីភាព​ពេញលេញ។

លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍​ថា៖ «ខ្ញុំ​គិតថា រដ្ឋា​ភិ​បា​ល​អាមេរិក លោក បៃ​ដិន ឡើង​កាន់អំណាច​នៅ​អាមេរិក បើក​លំហ​សេរីភាព​ប្រជា​ធិបតេយ្យ យន្តការ​អាច​ដោះស្រាយ​បាន​ហើយ​ជាមួយ​កម្ពុជា។ ជាទូទៅ កម្ពុជា​ត្រូវ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ មិន​អាច​ឈរ​គោលការណ៍​ដូច​បច្ចុប្បន្ន​ទេ មានន័យថា បិទ​សិទ្ធិពល​រដ្ឋ​ណាមួយ កាលណា​លុប​ប៉ាស្ព័រ [លិខិតឆ្លងដែន​]ណាមួយ ឬក៏​រដ្ឋាភិបាល​អាមេរិក​ចាប់​បញ្ជូន​ [មន្ត្រី​បក្ស​ប្រឆាំង​]មក​ស្រុកខ្មែរ អាច​ប្រឈម​នឹង​កត្តា​រិះគន់ឬក៏​ចរន្ត​នៃ​សង្គម​ប្រជាធិបតេយ្យ​ហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ