ក្រសួង​​អប់រំ​​សម្រេច​​ឱ្យ​​មន្ត្រី​​ថ្នាក់​​ជាតិ​​ធ្វើ​ការ​​តាម​​ផ្ទះ​​រៀង​ខ្លួន​ ខណៈ​​មាន​​ក្ដី​​បារម្ភ​​ពី​​ការ​​រីក​​រាល​ដាល​​នៃ​​វីរុស​​កូ​រ៉ូ​ណា

ក្រសួងអប់រំ យុវជន និងកីឡា (រូបថត៖ ហ៊ួត វុទ្ធី)

​ក្រសួង​អប់រំ​កម្ពុជា​បានសម្រេច​ឱ្យមន្ត្រី​អប់រំ​ថ្នាក់​ជាតិធ្វើការ​តាម​ផ្ទះ​រៀង​ៗខ្លួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​មាន​ក្ដី​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​វីរុស ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​ហុងគ្រី​កាលពី​សប្ដាហ៍​មុន។

ក្នុង​សេចក្ដីណែនាំ​នៅ​ថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា លោក​បណ្ឌិត ហង់​ជួន ណា​រ៉ុន បានសម្រេច​ឱ្យ​មន្ត្រី​អប់រំ​ទាំងអស់ ធ្វើការ​តាម​ផ្ទះ​រៀង​ៗខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ និង​ផ្អាក​ការ​ត្រួតពិនិត្យ​អវត្តមាន​មន្ត្រី។

ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​បំពេញការងារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានិង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​រក្សា​ដំណើរការ​ការងារ​នៃ​អង្គភាព​អប់រំ​នៅ​ទូទាំង​ប្រទេស។

រដ្ឋមន្ត្រី​អប់រំ លោក​បណ្ឌិត ហង់​ជួន ណា​រ៉ុន ថែមទាំង​បាន​ណែនាំ​ឱ្យ​អនុវត្ត​តាម​វិធានការ​អនាម័យ​របស់ក្រ​សួង​សុខាភិបាល និង​តាមដាន​សុខភាព​មន្ត្រី​អប់រំ​ជាប្រចាំ​ផង​ដែរ។

ក្រសួង​អប់រំ​បានសម្រេច​បែបនេះ បន្ទាប់ពី​កម្ពុជា​ស្ថិត​ក្នុង​ក្ដី​បារម្ភ​អស់​រយៈពេល១សប្ដាហ៍​មក​ហើយ ក្រោយពី​ព្រឹត្តិ​ការណ៍ ៣វិច្ឆិកា ដែល​សំដៅ​ទៅដល់​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក ភី​ធ័រ ស៊ី​ចា​តូ នៅក្នុង​ប្រទេស​កម្ពុជា។

ប្រមុខ​ការទូត​ហុងគ្រី​រូប​នេះ ត្រូវ​បាន​ធ្វើតេស្ត​សុខភាព ហើយ​រក​ឃើញ​ផ្ទុក​វីរុស​កូ​រ៉ូ​ណា នៅពេល​លោក​ធ្វើដំណើរ​ទៅដល់​ប្រទេស​ថៃ បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ចនិង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ នៅក្នុង​ថ្ងៃទី៣ ខែវិច្ឆិកា​នោះ។

អស់​រយៈពេល១សប្ដាហ៍​មក​ហើយ​ កម្ពុជា​បាន​រក​ឃើញ​មនុស្ស៤នាក់​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ពួក​គេ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គណៈប្រតិភូ​ហុងគ្រី​ អំឡុង​ដំណើរ​ទស្សនកិច្ច​មួយថ្ងៃ​នោះ។

ទន្ទឹមគ្នា​នេះ កម្ពុជា​បាន​ប្រមូល​មនុស្ស​ដល់ទៅ​ជិត១ ៥០០នាក់​ហើយ ដើម្បី​ធ្វើតេស្ត​ពិនិត្យ​សុខភាព បន្ទាប់ពី​ពួក​គេ​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់និង​ដោយប្រយោល​ជាមួយនឹង​ព្រឹត្តិ​ការណ៍ ៣វិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ