ក្រសួង​សុខា​ភិបាល​​ព្រមាន​​ចាត់​វិធាន​ការ​​ច្បាប់​​ចំពោះ​​អ្នក​លក់​​ម៉ាស់​និង​​ទឹក​​សម្លាប់​​មេរោគ​​ក្នុង​​តម្លៃ​​ខ្ពស់​​

មន្ត្រីក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តន៍នៃជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាល​ព្រមានចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ផលិតផលិតផល​វេជ្ជសាស្ត្រ និង​ម្ចាស់​ឱសថស្ថាន ដែល​លក់​ម៉ាស់និង​ផលិតផល​សម្លាប់​មេរោគ​ក្នុង​តម្លៃ​ខ្ពស់ នៅ​ចំ​ពេល​ដែល​កម្ពុជា​មាន​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ព្រឹត្តិ​ការណ៍ ៣វិច្ឆិកា​កន្លងមក​នេះ។

ក្នុង​លិខិត​ផ្ញើ​ទៅ​ម្ចាស់​ក្រុមហ៊ុន​ផលិត​ផលិតផល​វេជ្ជសាស្ត្រ និង​ម្ចាស់​ឱសថស្ថាន​នានា​ទូទាំង​ប្រទេស​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រាប់​ទៅ​ឱសថស្ថាន​ទាំងនោះ ឱ្យ​ចែកចាយ ឬលក់​ម៉ាស់និង​ផលិតផល​សម្លាប់​មេរោគ​ដែល​មានការ​បញ្ជាក់​ពី​ក្រសួង។

ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​លក់​ម៉ាស់និង​ផលិតផល​សម្លាប់​មេរោគ រួមមាន​ ទឹក​អាល់កុលឬជែ​លលា​ងដៃ​ជាដើម នៅក្នុង​តម្លៃថោក​សមរម្យ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទិញ​យក​ទៅ​ប្រើប្រាស់។

ក្រសួងសុខាភិបាល​និយាយ​ថា៖ «ក្នុងករណី​លោក លោកស្រី​ម្ចាស់​គ្រឹះស្ថាន និង​ឱសថការី​ទទួលបន្ទុក​បច្ចេកទេស​គ្រឹះស្ថាន​ខាងលើ ឬបុគ្គល​ណា​ដែល​មិន​គោរព​តាម​ការណែនាំ​នេះ ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ​តឹងរ៉ឹង ដោយធ្វើ​ការ​ផ្អាក​សកម្មភាព​អាជីវកម្ម​គ្រឹះស្ថាន និង​វិធាន​ការ​ផ្សេង​ៗទៀត​ស្របតាម​ច្បាប់​ជាធរមាន»។

ក្រសួងសុខាភិបាល​បាន​ព្រមាន​បែបនេះ​នៅ​ចំ​ពេល​ដែល​កម្ពុជា​មាន​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក ភី​ធ័រ ស៊ី​ចា​តូ នៅ​កម្ពុជា​ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា។

រហូតមកដល់​ថ្ងៃនេះ កម្ពុជា​រក​ឃើញ​មនុស្ស៤នាក់​ហើយបាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ពួក​គេ​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ហុងគ្រី​រូប​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ