ក្រុម​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​អំពាវ​នាវ​​ឱ្យ​​ទម្លាក់​​ចោល​​សេចក្ដី​ព្រាង​​ច្បាប់​​គ្រប់​​គ្រង​​អ៊ិ​ន​ធឺណិ​ត​

បុរសម្នាក់កំពុងចុចទូរសព្ទបើកមើលព័ត៌មាន។ រូបភាព៖ ហេង វិចិត្រ

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​បណ្ដាញ​អ៊ិ​នធឺណិ​ត ដោយ​ចាត់ទុក​សេចក្ដីព្រាង​ច្បាប់​នេះ​ថា គំរាមកំហែង​ដល់​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺណិ​ត សិទ្ធិ​ឯកជន និង​សេរីភាព​បញ្ចេញមតិ​តាម​បណ្ដាញ​អ៊ិ​នធឺណិ​ត។

ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) បាន​លើកឡើង​ថា ខ្លួន​បានឃើញ​សេចក្ដីព្រាង​លើក​ទី៣នៃ​សេចក្ដីព្រាង​ច្បាប់​គ្រប់​គ្រង​អ៊ិ​នធឺណិ​ត ដែល​ចុះ​កា​លប​រិច្ឆេទថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ។

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ បាន​និយាយ​ថា សេចក្ដីព្រាង​ច្បាប់​នេះមិន​ត្រូវ​បាន​ចែករំលែក​ឱ្យ​សាធារណជន​បានដឹង​ទេ ហើយក៏​មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិលឬអ្នកជំនាញ​ឡើយ ប៉ុន្តែថា រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​យោបល់​ពី​ក្រុមហ៊ុន​ឯកជន​មក​ពី​អាមេរិក។

អង្គការ​មួយ​នេះ​និយាយ​ថា៖ «រដ្ឋាភិបាល​កម្ពុជា​គួរតែ​រំលាយ​ចោល​សេចក្ដីព្រាង​ច្បាប់​អ៊ិ​នធឺ​ណិ​ត ដែល​គំរាមកំហែង​កាន់តែ​ខ្លាំង​ទៅលើ​ការ​ឃ្លាំមើល​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺណិ​ត សិទ្ធិ​ឯកជន និង​សេរីភាព​បញ្ចេញមតិ​តាម​អន​ឡាញ»។

HRW បាន​និយាយ​ទៀត​ថា៖ «សហរដ្ឋអាមេរិក រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេងទៀត និង​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​អន្តរជាតិ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា គួរតែ​អំពាវនាវ​ឱ្យ​មានការ​ទម្លាក់​ចោល​សំណើ​ច្បាប់​នេះ»។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក ប៊្រេដ អា​ដាម (Brad Adams​) បាន​និយាយ​ក្នុង​សេចក្ដីថ្លែង​ការណ៍​នោះ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ឱ្យ​ដឹងជាយូរមកហើយ​នូវ​ការ​លួចស្ដាប់​សំឡេង​សន្ទនា​តាម​ទូរសព្ទនិង​ជ្រៀតចូល​ក្នុង​សារ​អេ​ឡិច​ត្រូ​និច។

លោក អា​ដាម និយាយ​ទៀត​ថា ការ​ស្នើ​ឡើង​នូវ​ច្បាប់​អ៊ិ​នធឺណិ​តនេះ នឹង​ផ្ដល់​ភាព​ស្របច្បាប់​បន្ថែម​ទៀត​ដល់​លោក ហ៊ុន សែន ដើម្បី​បន្ត​តាមដាន​កិច្ច​សន្ទនា​ឯកជន​របស់​អ្នកដទៃ។

លោក អា​ដាម និយាយ​ថា៖ «ពាក្យពេចន៍​នៃ​សេចក្ដីព្រាង​ច្បាប់​គ្រប់​គ្រង​អ៊ិ​នធឺ​ណិ​ត មាន​លក្ខណៈ​ទូលាយនិង​មិន​ច្បាស់លាស់​ខ្លាំង​ណាស់ ហើយនិង​ផ្ដល់​អំណាច​បន្ថែម​ទៀត​ទៅដល់​រដ្ឋាភិបាល​ផ្ដាច់ការ​ស្រាប់​ទៅ​ហើយ​នោះ ដើម្បី​កាត់ទោស​អ្នករិះគន់និង​គូប្រជែង​នយោបាយ»។

ការប្រើ​ប្រាស់​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​នៅ​កម្ពុជា បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​កត់ត្រា​ឃើញថា មាន​មនុស្ស​ដល់ទៅ ១៥លាន ២សែន​នាក់ បាន​ចូល​ប្រើ​ប្រាស់​អ៊ិ​នធឺ​ណិ​តនៅ​កម្ពុជា ​នៅក្នុង​ខែមេសា​ឆ្នាំ២០២០នេះ បើ​ធៀប​នឹង​ចំនួន​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺ​ណិ​ត ១៣លាន ៨សែន​នាក់​ កាលពី​ខែធ្នូ​ឆ្នាំ២០១៨កន្លងមក។

ជាមួយគ្នា​នេះ ចំនួន​អ្នកប្រើ​ប្រាស់​ស្មា​តហ្វូ​នឬទូរសព្ទ​ទំនើប​នៅ​កម្ពុជា ​នៅក្នុង​ខែមេសា​កន្លងមក​នេះ មាន​រហូតដល់ ២០លាន ៧សែន​គ្រឿង​ឯណោះ។

វី​អូ​ឌី​បាន​ព្យាយាម​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ ប៉ុន្តែលោក​មិន​ទទួល​ទូរសព្ទ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ច្រានចោល​ការ​លើកឡើងនិង​ក្ដី​បារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល ដោយ​លោក​ប្រាប់​ទៅ​សង្គម​ស៊ីវិល​ឱ្យ​មើល​រដ្ឋាភិបាល​ក្នុង​ផ្លូវ​ល្អ​ផង។

លោក ផៃ ស៊ី​ផាន ប្រាប់​ថា៖ «សង្គម​ស៊ីវិល​គាត់​យល់សប្តិ​អាក្រក់​រហូត។ គាត់​មើល​មក​រដ្ឋាភិបាល​ជា​រដ្ឋាភិបាល​ចង្រៃ​សម្រាប់​ពួក​គាត់ ប៉ុន្តែគាត់​ភ្លេច​គិត រដ្ឋាភិបាល​អនុគ្រោះ​ឱ្យ​សង្គម​ស៊ីវិល​ច្រើនណាស់។ ដូច្នេះ គួរតែ​មានការ​ពិចារណា​មួយ​ដ៏​ថ្លៃថ្នូរ​ផង កុំឱ្យ​មានគំនិត​ទុច្ចរិត ឱ្យ​តែ​រដ្ឋាភិបាល​ធ្វើ គឺ​សុទ្ធតែ​អ្នកគ្រប់គ្រង សុទ្ធតែ​បង្ខើច ​[រឹត​ត្បិត​] សេរីភាព ដូចជា មិន​អាច​ទទួលយក​បានទេ ​កាលណា​មាន​គិត​អញ្ចឹង»។

បើ​តាម​លោក ផៃ ស៊ី​ផាន សេចក្ដីព្រាង​ច្បាប់​នេះ កំពុង​ស្ថិត​ក្រោម​ការពិគ្រោះនិង​ពិនិត្យ​ដោយ​គណៈកម្មការ​អន្តរក្រសួង ដែល​ក្នុង​នោះ​មាន​ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ផង​ដែរ ហើយ​ថា រដ្ឋាភិបាល​នឹង​បញ្ជូន​សេចក្ដីព្រាង​ច្បាប់​នេះ​ទៅ​ឱ្យ​សង្គម​ស៊ីវិល​ជួយ​ផ្ដល់​យោបល់ នៅពេល​វា​តាក់តែង​ចប់​រួចរាល់។

ចំណែក​ឯអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ថា លោក​មិន​ចាប់អារម្មណ៍​នឹង​ការ​លើកឡើង​របស់​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ ដែល​ថា សេចក្តី​ព្រាងច្បាប់​នេះគំរាមកំហែង​ដល់​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺណិ​ត សិទ្ធិ​ឯកជន និង​សេរីភាព​បញ្ចេញមតិ​តាម​បណ្ដាញ​អ៊ិ​នធឺណិ​ត។

ប៉ុន្តែលោក សុភ័គ បញ្ជាក់​ថា នៅពេល​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អ៊ីន​ធឺ​ណិ​តចេញ​ជារូបរាង នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មានការ​គោរព​សិទ្ធិមនុស្ស ដោយ​លោក​ជំរុញ​ទៅ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម ​ត្រូវ​បញ្ចេញមតិ​ឱ្យ​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក ខៀវ សុ​ភ័គ មានប្រសាសន៍​ថា៖ «ពាក្យ​ថា “ច្បាប់” មិនមែន​ជា​នំ​សម្រាប់​មនុស្ស​ទូទៅ​ទេ ហើយ​កំណត់​សកម្មភាព​មនុស្ស​មិន​ឱ្យធ្វើ​អ្វី ហើយ​ប្រទេស​របស់​យើង គឺជា​ប្រទេស​ដែល​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស នរណា​ក៏អាច​ធ្វើ​បាន​ក្នុង​ការ​បញ្ចេញមតិ ប៉ុន្តែសេរីភាព​មួយ​កុំ​ឱ្យ​ប៉ះពាល់​ទៅដល់​សេរីភាព​អ្នកដទៃ។ ឧទហរណ៍ និយាយ​ហែកកេរ្តិ៍ គឺ​ច្បាប់​មាន​ចែង​ទាំងអស់។ ការដឹកនាំ​រដ្ឋ​មិនមែន​គិត​ស្រួល​ដូច​អ្នកណា​និយាយ​អញ្ចេះនិយាយ​អញ្ចុះ​ទេ»។

កាលពី​ខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​រួច​ទៅ​ហើយ​នូវ​ប្រកាស​អន្តរក្រសួង​មួយ​ស្ដីពី​ការគ្រប់គ្រង​គេហទំព័រនិង​បណ្ដាញ​សង្គម ដែល​ប្រកាស​នេះ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេ​វា​អ៊ិ​នធឺណិ​តទាំងអស់ ត្រូវតែ​ដំឡើង​កម្មវិធី​ឃ្លាំមើល​មួយ ដើម្បី​តាមដាន​មា​តិ​កាដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​អ៊ិ​នធឺ​ណិ​ត។

ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​នោះ បាន​ផ្ដល់​អំណាច​ឱ្យទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ «បិទឬរាំ​ងខ្ទប់» នូវ​គេហទំព័រឬទំព័រ​បណ្ដាញ​សង្គម​ណាមួយដែល​មាន​មា​តិកា​ខុសច្បាប់ឬត្រូវ​បាន​ចាត់ទុកជា​សារ​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព​សង្គម រើសអើង ឬបង្ក​ចលាចល​សង្គម​ដោយចេតនា ដែល​នាំ​ឱ្យ​កើតមានមហន្តរាយ​ដល់​សន្តិសុខជាតិនិង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ។

កាលពី​ខែកក្កដា​ក្នុង​ឆ្នាំនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ច្រក​អ៊ិ​នធឺណិ​តជាតិ ដែល​តម្រូវ​ឱ្យ​ចរាចរ​ណ៍​អ៊ិ​នធឺ​ណិ​តទាំងអស់ ត្រូវ​ឆ្លងកាត់​ស្ថាប័នរដ្ឋ​មួយ ដែល​ត្រួតពិនិត្យ​ទៅលើ​សកម្មភាព​លើ​អន​ឡាញ​។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត បានឱ្យ​ដឹង​ថា ខាង​លោក​មិនទាន់​បានឃើញ​សេចក្ដីព្រាង​ច្បាប់​នេះ​នៅឡើយ​ទេ ហើយ​លោក​ស្នើ​ទៅ​រដ្ឋាភិបាលឱ្យ​បើកចំហ​សេច​ក្ដី​ព្រាងច្បាប់​នេះ​ចំពោះ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់។

លោក អំ សំអាត ប្រាប់​ថា៖ «បើសិនជា​យកល្អ [សេចក្តី​ព្រាងច្បាប់​ស្តី​​ពី​ការ​គ្រប់​គ្រង​អ៊ិ​នធឺ​ណិ​ត] ច្បាប់​ហ្នឹង គួរតែ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ បើក​ឱ្យ​បាន​ទូលំទូលាយ មុននឹង​ធ្វើការ​អនុម័ត ដើម្បី​ប្រមូល​ធាតុ​ចូល។ ធ្វើ​យ៉ាងណា​កុំឱ្យ​ច្បាប់​ហ្នឹង​ចេញទៅ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ»។

បើ​ទោះបីជា​កម្ពុជា​មិនទាន់​មានច្បាប់​គ្រប់​គ្រង​អ៊ិ​នធឺ​ណិ​តក៏ដោយ ប៉ុន្តែមនុស្សជា​ច្រើន​នាក់​ហើយ ត្រូវ​បាន​ចាប់ខ្លួនឬកាត់ទោស​ជុំវិញ​ការ​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិ​នធឺ​ណិ​តនិង​បណ្ដាញ​សង្គម។

លោក ឡយ លី​ហួរ គឺជា​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាង៨ឆ្នាំ​មក​ហើយ ​នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ហើយ​លោក​តែងតែ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ដល់​លោក ប៉ុន្តែលោក​កាត់បន្ថយ​សម្ដែង​មតិ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បារម្ភ​ចំពោះ​ការ​ហៅ​ទៅ​សាកសួរឬការចោទប្រកាន់​ណាមួយ​ពី​តុលាការ។

លោក ឡយ លី​ហួរ ប្រាប់​ថា៖ «ខ្ញុំ​រាល់ថ្ងៃ​អត់​ហ៊ាន​បង្ហោះ​អ្វី​ទេ ព្រោះ​អ្វី​ សូម្បីតែ​ខាង​តុលាការ​ក៏​គេ​ថា​ដែរ ឃើញ​ខ្ញុំ​បង្ហោះ​ខុស​រឿង គេ​នឹង​ចោទប្រកាន់​យើង ហៅ​ទៅ​សាក​សួរ​នៅ​តុលាការ។ ដូច​រាល់ថ្ងៃ ខ្ញុំ​នៅ​ជាប់​ក្រៅ​ឃុំ​ ពិបាក​ណាស់ ធ្វើអ្វី​ក៏​ពិបាក​ដែរ ច្បាប់ ​[គ្រប់​គ្រង​អ៊ិ​នធឺ​ណិ​ត] ហ្នឹង​ចេញ​ទៀត ខ្ញុំ​កាន់តែ​ពិបាក​ទៀត​ហើ​យ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ