តម្លៃ​​ប្រេង​ឥន្ធនៈ​​នៅ​​កម្ពុជា​​ធ្លាក់​ចុះ​៥០​រៀល​​ទៀត​​ចំ​​ពេល​​មាន​​ក្ដី​​បារម្ភ​​ពី​​ការ​​រីក​​រាល​ដាល​​នៃ​​កូ​វីដ​១៩​​

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា នឹង​ធ្លាក់ចុះ​បន្ថែម​ទៀត​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់ចុងខែ​នេះ ចំ​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ហុងគ្រី។

ក្នុង​សេចក្ដីជូនដំណឹង​ចេញ​នៅ​ថ្ងៃនេះ ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា តម្លៃ​ប្រេងសាំង​ធម្មតា នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ២ ៩០០រៀល ខណៈ​ប្រេង​ម៉ា​សូត នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ២ ៦០០រៀល​ក្នុង​មួយ​លីត្រ​ ចាប់ពី​ថ្ងៃទី១៦ រហូតដល់​ថ្ងៃទី៣០ ខែវិច្ឆិកា​នេះ។

តម្លៃ​ប្រេងឥន្ធនៈ​ដែល​គ្រោង​ដាក់​លក់​នៅ​ពាក់កណ្ដាល​សប្ដាហ៍ទីពីរ​នៃ​ខែវិច្ឆិកា​នេះ បាន​ធ្លាក់ចុះ​អស់៥០រៀល​បន្ថែម​ទៀត បើ​ធៀប​ទៅ​នឹង​តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​បាន​ដាក់​លក់រាយ​ចន្លោះ​ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៥ ខែវិច្ឆិកា​នេះ។

ក្នុង​សេចក្ដីជូនដំណឹង​ដដែល​នោះ ក្រសួង​ពាណិជ្ជកម្ម​និយាយ​ថា ការ​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​នេះ ត្រូវ​បាន​ធ្វើឡើង​ទៅតាម​សេចក្ដីសម្រេច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក្រសួង​នេះ​អះអាង​ថា គឺ​ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រជាជន។

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្រោយ​ព្រឹត្តិ​ការណ៍ ៣វិច្ឆិកា ដែល​សំដៅ​ដល់​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក ភី​ធ័រ ស៊ី​ចា​តូ។

ប្រមុខ​ការទូត​ហុងគ្រី​រូប​នេះ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ នៅ​ថ្ងៃទី៣ ខែវិច្ឆិកា ក្រោយ​គាត់​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​នៅពេល​គាត់​ធ្វើដំណើរ​ទៅដល់​ប្រទេស​ថៃ។

គិត​ត្រឹម​ថ្ងៃនេះ មានតែ​មនុស្ស៤នាក់​ប៉ុណ្ណោះ​នៅក្នុងចំណោម​មនុស្ស​រាប់​រយ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ហុងគ្រី​នោះ ត្រូវ​បាន​ធ្វើតេស្តនិង​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩។

ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​នៅ​ព្រឹក​ថ្ងៃនេះ​ថា សំណាក​ដល់ទៅ៣ ៩១៨ហើយ ត្រូវ​បាន​ប្រមូល​យក​មក​ធ្វើតេស្ត ហើយ​លទ្ធផល​តេ​ស្ត​បង្ហាញ​សញ្ញា​អវិជ្ជមាន លើកលែងតែ​មនុស្ស៤នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩រួចហើយ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ