រដ្ឋា​ភិបាល​​អំពាវ​នាវ​​ឱ្យ​​អ្នក​​ពាក់​ព័ន្ធ​​ព្រឹត្តិ​​ការណ៍​៣​វិច្ឆិកា​ បន្ត​​នៅ​​ដាច់​ដោយ​ឡែក​​ឱ្យ​​គ្រប់​១៤​ថ្ងៃ​

មន្ត្រីក្រសួងការងាររង់ចាំនៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យជម្ពូវ័ន ក្នុងថ្ងៃអនុវត្តចត្តាឡីស័កលើកម្មករ-កម្មការិនី ធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (Danielle Keeton-Olsen/VOD)

ក្រសួងសុខាភិបាលអំពាវនាវ​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្ដិការណ៍ ៣វិច្ឆិកា បន្ត​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែកឱ្យ​គ្រប់១៤ថ្ងៃ ដោយ​ថា ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ១៩នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព។ 

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលឱ្យ​ដឹង​ថា ក្រសួង​បាន​យក​សំណាកអ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍ ៣វិច្ឆិកា មក​ធ្វើតេស្ត​លើក​ទី៣ ដែល​មាន​ចំនួន ១ ៣៥២ វត្ថុ​សំណាក គឺ​បង្ហាញ​លទ្ធផល​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ១៩ទាំងអស់ ដែល​ជា​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​កម្ពុជា។ 

ទោះជាយ៉ាងណា ក្រសួងជំរុញ​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​នៃ​ព្រឹត្តិ​ការណ៍​នេះ បន្ត​ដាក់ខ្លួន​ឱ្យ​ដាច់ដោយឡែក​ឱ្យ​គ្រប់១៤ថ្ងៃ​ដោយ​ត្រឹមត្រូវនិង​ហ្មត់ចត់ មុននឹង​ធ្វើតេស្ត​លើក​ទី៤នៅ​ថ្ងៃពុធ​ខាងមុខ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌីន បានឱ្យ​អ្នកសារព័ត៌មាន​ដឹង​តាម​សារ​អេឡិចត្រូនិច​តេឡេក្រាម​ថា ការ​បន្ត​ដាក់ខ្លួន​ដាច់ដោយឡែក​បន្ត​ទៀត​ឱ្យ​គ្រប់១៤ថ្ងៃ គឺជា​រឿង​ចាំបាច់​បំផុត ដើម្បី​ឱ្យ​ប្រាកដ​ថា​ គ្មាន​ការ​ចម្លង​វីរុស​កូ​វីដ១៩ចេញពី​ព្រឹត្តិ​ការណ៍៣វិច្ឆិកា​បន្ត​ទៀត។ 

លោកស្រី​វេជ្ជបណ្ឌិត​ មានប្រសាសន៍​ថា៖ «ការ​ធ្វើតេស្ត​ចុងក្រោយ​នេះ គឺជា​ការ​ធ្វើតេស្ត​សំខាន់​មែនទែន​សម្រាប់​ព្រឹត្តិ​ការណ៍៣វិច្ឆិកា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ហើយ​ការ​សន្និដ្ឋាន​ចុងបញ្ចប់​នៃ​ការ​ចម្លងឬក៏​មិន​ចម្លង​វីរុស​កូ​វីដ១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ហើយ​បើ​យើង​និយាយដោយឡែក ការ​ចម្លង​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា​នេះ នឹងអាច​វាយតម្លៃ​ទៅ​បាន នៅពេល​ដែល​លទ្ធផល​លើក​ទី៤នឹង​ចេញ​បង្ហាញ​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​ករបស់​លោក កាលពី​ថ្ងៃទី១៤ ដោយ​បាន​លើកឡើង​ថា បើ​ទោះបី​លោក​ធ្វើតេស្ត​រក​កូ​វីដ១៩ លើក​ទី៣ បាន​ទទួលលទ្ធផល​អវិជ្ជមាន​ក្ដី ក៏​លោក​ថា លោក​នឹង​បន្ត​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក​ឱ្យ​គ្រប់​ចំនួន១៤ថ្ងៃ និង​ជំរុញ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍៣វិច្ឆិកា បន្ត​ដាក់ខ្លួន​ឱ្យ​គ្រប់​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ផង​ដែរ។ 

លោក​សរសេរ​ថា៖ «ទោះ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​បន្ត​ធ្វើ​ចត្តាឡីស័​ករ​ហូត​ដល់​ថ្ងៃទី១៨ វិច្ឆិកា ដែល​នឹង​ត្រូវ​ធ្វើតេស្ត​លើក​ទី៤ និង​ជា​លើក​ចុងក្រោយ ដែល​ខ្ញុំ​សង្ឃឹមថា នឹង​មាន​លទ្ធផល​អវិជ្ជមាន​ទាំង​ខ្ញុំ​និង​ភរិយា ព្រមទាំង​បងប្អូន​ប្រមាណ​ជាង១ ០០០នាក់ ដែល​ធ្វើ​ចត្តាឡីស័​កក្នុង​ពេល​ជាមួយគ្នា​ពី​ថ្ងៃទី៤ វិច្ឆិកា ២០២០ ដែល​នឹង​ធ្វើ​ឱ្យ​ការ​ព្រួយបារម្ភ​អំពី​កូ​វីដ​-១៩ ត្រូវ​បាន​កាត់បន្ថយ​នៅក្នុង​រាជធានី​ភ្នំពេញនិង​ខេត្តកណ្តាល ដែល​នឹងអាច​ឈាន​ទៅ​បើក​សាលារៀន​ឡើងវិញ​សម្រាប់​ការសិក្សា​របស់​កូនចៅ​យើង»។

អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍៣វិច្ឆិកាម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើង​ថា លោក​បាន​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ចំនួន១៣ថ្ងៃ​មក​ហើយ ដោយ​ថា ការ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​នេះ ធ្វើ​ឱ្យ​មាន​អារម្មណ៍​តានតឹង​ណាស់​ ជាពិសេស​នៅពេល​ជិតដល់​ថ្ងៃ​ពិនិត្យ​ចុងក្រោយ។

ទោះជាយ៉ាងណា លោក​ថា លោក​ព្យាយាម​ធ្វើការងារនិង​ហាត់ប្រាណ​ដើម្បី​បន្លប់​អារម្មណ៍​ស្មុគស្មាញ​នេះ។

លោក​ថា៖ «ថ្ងៃ​ដំបូង គឺ​យើង​ព្រួយបារម្ភ​ខ្លាំង​បំផុត​សម្រាប់​ការ​ធ្វើតេស្ត​ហ្នឹង​ណា​! ហើយ​អារម្មណ៍​ពេល​ហ្នឹង​គឺ​វា​អត់​ស្ងប់​ទេ ​នៅពេល​ដែល​យើង​ធ្វើតេស្ត​ហើយ​ភ្លាម​ៗអ៊ីចឹង​ណា ដល់​ថ្ងៃ​ពាក់កណ្ដាល ​អារម្មណ៍​វា​ដូចធម្មតា​ហើយ តែ​នៅពេល​ដែល​កៀក​ដល់​ការពិនិត្យ​លើក​ទី២ លើក​ទី៣ ពិសេស​នៅ​ថ្ងៃទី២ អារម្មណ៍​វា​រាង​អត់​ស្រួល​ដែរ ការ​គិត​យើង​ច្រើន​ដែរ​ទៅ​ ចេះតែ​បា​រម្ភចឹង​ទៅ។ ដល់ទី៣ ដូចធម្មតា​ទេ តែ​ដល់​ចន្លោះ​ពី​ថ្ងៃទី៣ មកដល់​ថ្ងៃនេះ​ យើង​គិតថា វា​ដូច​ជា​ស្ត្រេស​ច្រើនជាង​មុន​អ៊ីចឹង​ណា ដោយសារតែ​ក្នុង​មួយ​រយៈ​ហ្នឹង​ យើង​នៅតែ​ក្នុង​បន្ទប់​តែឯង​ ដែល​យើង​ដើរទៅ​វិញ​ទៅមក​រហូត»។

អ្នកសម្របសម្រួល​គម្រោង​និង​ជា​អ្នក​ផ្តល់​ប្រឹក្សា​របស់​អង្គការ ​ធី​ភី​អូ លោក ស៊ាង លាប មានប្រសាសន៍​ថា ជា​ធម្មតា មនុស្ស​នៅពេល​ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​តែម្នាក់ឯង ក្នុងរយៈពេល​យូរ អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ធុញថប់​ ភ័យខ្លាច ឆាប់​ខឹង អន់ចិត្ត។ លើស​ពីនេះ​ទៀត លោក​ថា មនុស្ស​មួយចំនួន​នឹង​ចាប់ផ្ដើម​បន្ទោស​លើ​ខ្លួនឯង​ដែល​បណ្ដាល​ឱ្យ​មានរឿង​នេះ​កើតឡើង​មក​លើ​ខ្លួន។ 

លោក​បន្ថែម​ថា៖ «អ៊ីចឹង​វា​ធ្វើ​ឱ្យ​ខ្លួន​គាត់​អារម្មណ៍​អត់​ស្រួល អ៊ីចឹង​ដល់ពេល​គាត់​មាន​អារម្មណ៍​ថា ពីមុន​ គាត់​មាន​សេរីភាព ​ចង់​ធ្វើ​អី​បាន តែ​ឥលូវគាត់​នៅតែ​ក្នុង​ផ្ទះ​អ៊ីចឹង​ណា​! អ៊ីចឹង​វា​ធ្វើ​ឱ្យ​សម្ពាធ​ផ្លូវចិត្ត​ហ្នឹង​វា​កាន់តែ​កើន​ឡើង​ៗ ហើយ​មួយទៀត ​គឺ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ឆ្លង​ហ្នឹង ​វា​ធ្វើ​ឱ្យ​ខ្លួន​គាត់​កាន់តែ​ភ័យ។ អ៊ីចឹង​ជួនណា​គាត់​ឃើញ​គេ​បង្ហាញ​រោគសញ្ញា​ដែល​ពាក់ព័ន្ធ​កូ​វីដ​ហ្នឹង​យ៉ាង​ម៉េច​ៗ អ៊ីចឹង​ជួនណា​ទៅ ​[ខ្លួន​គាត់​] ចេញ​ស្អី​រាង​ប្លែក​បន្ដិច គាត់​ចាប់ផ្ដើម​ភ័យ​ទៀតហើយ អ៊ីចឹង​រឿង​ដែល​ធំ​មែនទែន​ គឺ​ពាក់ព័ន្ធ​នឹង​ថប់អារម្មណ៍​តែម្ដង»។

លោក ស៊ាង លាប បន្ថែម​ទៀត​ថា អ្នក​ដែល​មាន​អារម្មណ៍​បែបនេះ ត្រូវ​ទាក់ទង​ទៅ​អ្នកជំនាញ​ដើម្បី​ប្រឹក្សា​យោបល់ ក៏ដូចជា​ជួយ​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ពួក​គេ​បាន​ស្ងប់​ផង​ដែរ។ 

លោក​ថា៖ «ការ​ផ្ដល់​ប្រឹក្សា​តាម​ទូរសព្ទ​ វា​ជា​បច្ចេកទេស​មួយ​ដែរ គ្រាន់តែ​ខុសគ្នា​បន្ដិច​ពី​រឿង​មួយ​ឃើញ​ មុខ​មួយ​អត់​ឃើញ​មុខ​តើ! ក៏ប៉ុន្ដែ​ក្នុង​ផ្នែក​ចិត្តសាស្ត្រ​ គេ​មាន​បច្ចេកទេសក្នុង​ការ​ថា​គាត់​និយាយ​មក​ យើង​មាន​សមត្ថភាព​អាច​យល់​បាន​ថា តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ម៉េច ​ថា​គាត់​កំពុង​ព្រួយបារម្ភឬមួយ​ក៏​គាត់​ខឹង​គាត់​បន្ទោស​ខ្លួនឯង ព្រោះ​អ្នក​ខឹង​ទាំង​ខ្លួនឯង ខឹង​ទាំង​អ្នកដទៃ​ទៀត ហើយ​យើង​នឹង​បង្រៀន​គាត់​ឱ្យ​ចេះ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​អារម្មណ៍​ស្ងប់ឱ្យធ្វើ​ម៉េច​ឱ្យ​ត្រជាក់ចិត្ត​វិញ»។ 

បើ​តាមលោក ស៊ាង លាប អ្នក​ដែល​កំពុង​ដាក់ខ្លួន​ដាច់ដោយឡែក អាច​ទាក់ទង​ទៅ​អ្នកជំនាញ​អង្គការ TPO តាមរយៈ​ហ្វេ​សបុ​កផេ​ករបស់​អង្គការ​ដោយ​ផ្ទាល់​ក៏បាន។

គិត​មកដល់​ថ្ងៃ១៦ ខែវិច្ឆិកា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៣០២នាក់ ក្នុង​នោះ​ជាសះស្បើយ​ចំនួន២៨៩នាក់ និង១៣នាក់​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត។

ចំពោះ​អ្នក​ជាប់ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា​វិញ មាន​ចំនួន១ ៧៤១នាក់ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ក្នុង​នោះ​មាន៤នាក់​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ