វិភាគ​៖​ មូល​ហេតុ​ថៃ​មិន​ជំរុញ​ឱ្យ​ពលរដ្ឋ​ទទួល​ទាន​គ្រឿង​ស្រវឹង​

ច្បាប់​ហាមឃាត់​មួយចំនួន​ដែល​បាន​ដាក់​ឱ្យ​អនុម័ត​លើ​ការប្រើ​ប្រាស់​គ្រឿងស្រវឹង​អំឡុង​ខែមេសា ឆ្នាំ២០២០ ខណៈ​មានការ​រាតត្បាត​ពីក​កូ​វីដ១៩ នៅ​ប្រទេស​ថៃ។ (Bangkok Post​/ VARUTH HIRUNYATHEB​)

រដ្ឋាភិបាលថៃមិនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទទួលទានគ្រឿងស្រវឹង ហើយក៏បានបង្កើតច្បាប់គ្រប់គ្រង ព្រោះយល់ឃើញថា ពលរដ្ឋជោកជាំដោយគ្រឿងស្រវឹង មានផលប៉ះពាល់ច្រើនជាងផលប្រយោជន៍។​

នៅក្នុងប្រទេសថៃ រួមទាំងបាងកកជារាជធានីផង មិនមានឃើញដាក់បដាផ្សព្វផ្សាយគ្រឿងស្រវឹងតាមភ្លើងស្តុប តាមដងផ្លូវនានា ឬតាមអគារជាផ្ទះឯកជនទេ។ ចំណែកនៅលើប្រព័ន្ធផ្សព្វផ្សាយ រួមមាន ទូរទស្សន៍ វិទ្យុ បណ្តាញទំនាក់ទំនងសង្គម រួមទាំង Facebook Twitters YouTube ជាដើម ក៏មិនអនុញ្ញាតឱ្យមានដែរ។​

នៅតាមដងផ្លូវក្នុងប្រទេសថៃ មិនសូវមានបដាឬរូបភាពផ្សេងៗច្រើន គឺមានតែរូបព្រះមហាក្សត្រ និងរូបភាពនៃគម្រោងអភិវឌ្ឍន៍មួយចំនួនទៅវិញ។​ ចំណែកគ្រឿងស្រវឹង គឺមិនមានផ្សព្វផ្សាយសោះតែម្តង។​

នៅក្នុងច្បាប់ថៃចេញផ្សាយកាលពីឆ្នាំ២០០៨ បានបញ្ជាក់ថា ហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព រួមទាំងការដាក់បង្ហាញនិមិត្តសញ្ញាឬសារអូសទាញឱ្យមានការទទួលទានគ្រឿងស្រវឹង។​

រដ្ឋាភិបាលថៃលើកឡើងហេតុផលថា គ្រឿងស្រវឹងធ្វើឱ្យប្រជាជនខូចសុខភាពផ្លូវកាយ ឬចុះខ្សោយខួរក្បាល  ខូចសុខភាពផ្លូវកាយផ្លូវចិត្ត កើតអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យមានភាពក្រីក្រ។​

គ្រប់គ្រងការលក់

ច្បាប់គ្រប់គ្រងគ្រឿងស្រវឹងរបស់ថៃ ហាមការលក់ក្នុងករណីមួយចំនួន ហាមលក់ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ ការដើរលក់ចល័តគ្មានច្បាប់អនុញ្ញាត ការលក់បញ្ចុះតម្លៃពិសេសដើម្បីលក់ដាច់ច្រើន ការលក់ដោយបង្កើតកម្មវិធីផ្តល់រង្វាន់ឱ្យអតិថិជនចូលរួមប្រកួតប្រជែងធ្វើឱ្យសប្បាយរីករាយក្នុងបំណងលក់បានច្រើន​ និងការលក់ដោយប្រើវិធីសាស្ត្រយកគ្រឿងស្រវឹងទៅដូរជាមួយគ្រឿងស្រវឹង ឬយកគ្រឿងស្រវឹងទៅផ្លាស់ប្តូរជាមួយទំនិញ ឬសេវាកម្មផ្សេងៗទៀត។​

ទីតាំងមិនឱ្យមានគ្រឿងស្រវឹង

ច្បាប់ថៃហាមទីតាំងដែលមិនឱ្យមានលក់គ្រឿងស្រវឹង រួមមាន វត្តអារាមឬកន្លែងប្រតិបត្តិសាសនា មន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាល ឬកន្លែងលក់ថ្នាំពេទ្យ កន្លែងការិយាល័យរបស់រដ្ឋ កន្លែងស្ថាប័នអប់រំ ចំណតរថយន្តរបស់រដ្ឋ ស្ថាននីយលក់ប្រេង និងទីតាំងផ្សេងទៀតដែលមន្ត្រីយល់ថាត្រូវហាមឃាត់ការលក់។​

អ្នកមិនអាចលក់គ្រឿងស្រវឹងបាន

អ្នកដែលមិនអាចលក់គ្រឿងស្រវឹងបាន គឺច្បាប់ថៃបានកំណត់មនុស្សអាយុក្រោម២០ឆ្នាំ និង អ្នកដែលស្រវឹងជាប្រចាំដែលមិនមានស្មារតីគ្រប់គ្រាន់។​

នៅក្នុងច្បាប់ថៃឆ្នាំ២០០៨នេះ បានកំណត់កាតព្វកិច្ចដល់នាយករដ្ឋមន្ត្រី និងអន្តរក្រសួង រៀបចំជាក្រុមការងារ ធានាដល់ការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនថៃនៅទូទាំងប្រទេស។​

កាលពីចុងខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចថៃចាប់ខ្លួនស្ត្រីបីនាក់ដែលប្រើវីដេអូតាមហ្វេសប៊ុកផ្សព្វផ្សាយស្រាបៀរ ដែលថា ទិញមួយថែមមួយ ស្រាល្អមានរសជាតិឆ្ងាញ់ ជាដើម។​ ស្ត្រីទាំងនេះ ក្រោយការផ្សព្វផ្សាយតែប៉ុន្មានថ្ងៃនៅក្នុងខេត្តសាយាបូរី ត្រូវសមត្ថកិច្ចចាប់បានហើយពិន័យជាប្រាក់មួយចំនួនផង។

នៅក្នុងអំឡុងពេលនៃការផ្ទុះឆ្លងរាលដាលមេរោគកូវីដ១៩ នៅឆ្នាំ២០២០នេះ នៅក្នុងប្រទេសមានការបិទអាជីវកម្មមួយចំនួន រួមទាំងកន្លែងលក់គ្រឿងស្រវឹងផង។ ករណីនេះ ក្រុមម្ចាស់ហាងលក់គ្រឿងស្រវឹងបាននាំគ្នាដាក់លិខិតទៅកាន់រដ្ឋភា ដើម្បីស្នើសុំផ្សព្វផ្សាយលក់គ្រឿងស្រវឹងតាមប្រព័ន្ធអ៊ីនធឺណិត ដោយពួកគេអះអាងថា ការលក់មិនដាច់ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។​

ទោះយ៉ាងណា សំណើរបស់ក្រុមម្ចាស់ហាងលក់គ្រឿងស្រវឹងទាំងនោះ មិនទទួលបានការអនុញ្ញាតពីរដ្ឋសភាទេ ដោយសារតែសមាជិកសភាថៃយល់ថា ការជំរុញឱ្យពលរដ្ឋទទួលទានគ្រឿងស្រវឹងមានផលប៉ះពាល់ច្រើនជាងផលប្រយោជន៍។

ក្រៅពីការមិនបើកទូលាយឱ្យមានការបើលក់ ទិញ និងទទួលទានគ្រឿងស្រវឹងហើយនោះ រដ្ឋាភិបាលថៃក៏បានផ្សព្វផ្សាយទូលំទូលាយពីផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងផងដែរ ដូចជាការនាំឱ្យកើតរោគផ្សេងៗ ចុះខ្សោយខួរក្បាល គ្រោះថ្នាក់ចរាចរណ៍ ជាដើម ដែលការផ្សព្វផ្សាយទាំងនេះធ្វើជាផ្ទាំងបដាផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា។​​

សេដ្ឋកិច្ចថៃ

បើសួរថា តើថៃមិនស្តាយចំណូលបានពីគ្រឿងស្រវឹងទេឬ បានជាមិនជំរុញឱ្យសាធារណជនទទួលទានគ្រឿងស្រវឹង? សំនួរនេះ ប្រហែលជានៅតែមានចម្លើយដដែលគឺ គ្រឿងស្រវឹងមានផលប៉ះពាល់ច្រើនជាងផលចំនេញ។

ចំណែកថៃជាប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោនៅក្នុងតំបន់និងពិភពលោកដែរនោះ ផលិតផលលេចធ្លោរបស់ថៃមិនមែនគ្រឿងស្រវឹងទេ គឺជាផលិតផលកសិកម្ម និងឧស្សាហកម្ម ដូចជា គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រួនិចទៅវិញ។​

របាយការណ៍នាំចេញផលិតផល១០មុខរបស់ថៃប្រចាំឆ្នាំ២០១៩ រួមមាន គ្រឿងម៉ាស៊ីន រួមទាំងម៉ាស៊ីនកុំព្យូទ័រ គ្រឿងម៉ាស៊ីននិងសម្ភារអេឡិចត្រូនិច ជ័រកៅស៊ូនិងកៅស៊ូកែច្នៃហើយ ជាដើម។​ នៅតំបន់អាស៊ាន ថៃជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។​

ផលិតផលស្ទើរគ្រប់ប្រភេទដែលពលរដ្ឋថៃប្រើប្រាស់ គឺជាផលិតផលនៅក្នុងប្រទេសថៃ រួមទាំងម្ហូបអាហារ រថយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលផ្សេងៗទៀត។ បើពិនិត្យផលិតផលនៅក្នុងផ្សារនានា រួមទាំងផ្សារទំនើបនៅក្នុងប្រទេសថៃនោះ គឺស្ទើរទាំងអស់ជាផលិតផលរបស់ថៃ។​

ស្ថានភាពសេដ្ឋកិច្ចរបស់ថៃមិនត្រឹមតែអាចជួយបង្កើតការងារឱ្យពលរដ្ឋនៅក្នុងប្រទេសនេះធ្វើបានទេ ថែមទាំងអាចជួយផ្តល់ការងារដល់ប្រទេសជិតខាងរាប់លាននាក់ថែមទៀត រួមទាំងពលរដ្ឋកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។​

ជារួមមក រដ្ឋាភិបាលថៃមិនបានពឹងលើចំណូលពីពន្ធនៃការផលិតនិងលក់ដូរគ្រឿងស្រវឹងទេ ហើយថៃក៏រឹតត្បិតការលក់ដូរនិងការទទួលទានគ្រឿងស្រវឹងផងដែរ។​

របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា សិក្សាពីអ្នកជំនាញនៅសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងសាកលវិទ្យាល័យ Peking របស់ចិន។​ ការសិក្សានេះបញ្ជាក់ថា អ្នកពិសាស្រាក្នុង១ថ្ងៃ ១ឬ២កែវ (កែវតូច សំដៅលើស្រាក្រហម) ប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល ១០ទៅ១៥ភាគរយ ហើយបើពិសា៤កែវ អាចប្រឈមដាច់សរសៃឈាមខួរក្បាលដល់ទៅ៣៥ភាគរយ រួមទាំងជំងឺផ្សេងៗជាង២០០ប្រភេទទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ