វិភាគ​៖​ គ្រឿង​ញៀន​​គួរ​​មាន​​វិធាន​ការ​​ទប់​ស្កាត់​​ឱ្យ​​ខ្លាំង​​ជាង​​កូ​វីដ​​

អាជ្ញាធរកំពុងតែឆែកឆេរលើខ្លួនយុរជនម្នាក់ ក្រោយពីពួកគេត្រូវបានចាប់ខ្លួនពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់។ រូបភាព៖ ហ្វេសប៊ុក ស ថេត /ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នា២០១៩

គ្រឿងញៀន​ប្រៀប​ដូចជាមេរោគ​កាច​សាហាវ​មួយ​ដែល​កំពុង​សម្លាប់​ជីវិតនិង​ធ្វើ​ឱ្យ​ខូចអនាគត​ពលរដ្ឋខ្មែរ​ ពិសេស​ក្នុង​ស្រទាប់​យុវជន​នៅ​គ្រប់ទីកន្លែង ​ទាំង​រាជធានីនិង​នៅ​តាម​តំបន់ជនបទ​ដាច់ស្រយាល។

នៅក្នុង​ស្រទាប់​មហាជន​ បើ​និយាយ​ពី​គ្រឿងញៀន​ ហាក់​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​ពួក​គេ​សុទ្ធ​ដឹង​ អ្នកខ្លះ​ស្គាល់​ប្រភេទ​គ្រឿងញៀន​ខ្លះទៀត​ផង​ ទោះ​ពួក​គេ​មិនធ្លាប់​ប្រើ ដោយសារ​មានសាច់​ញាតិ មាន​មិត្ត​ភក្តិ មាន​អ្នកភូមិ​ជាមួយបាន​ប្រើប្រាស់ ហើយ​ការ​និយាយ​គ្នា​ពី​គ្រឿងញៀន​នៅ​តាម​ភូមិ​ឮជា​ហូ​រហែ​ដែរ។

បើ​និយាយ​ពី​ពាក្យ​គ្រឿងញៀន​ ហាក់​ធម្មតា ប៉ុន្តែ​បើ​និយាយ​ពី​ផល​ប៉ះពាល់ ​មិនធម្មតា​ទេ គឺ​អ្នក​ដែល​ប្រើប្រាស់​ហើយ ប្រឈម​បាត់បង់ជីវិត ខូច​បញ្ញា​ស្មារតី បាត់បង់​ការសិក្សា​ឬការងារ កើត​ហិង្សា​ក្នុង​គ្រួសារ​និង​សង្គម។

គ្រួសារ​ខ្លះ​មាន​អ្នក​ញៀន​ថ្នាំ​ម្នាក់ ​ត្អូញត្អែរ​ថាលំបាកដោយសារ​កូន​ដើរ​ចោលផ្ទះ លួច​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ ពេល​សមត្ថកិច្ច​ចាប់ខ្លួន ​ត្រូវ​ចំណាយ​លុយ​បង់​ក្រៅផ្លូវការឬចំណាយ​ផ្គត់ផ្គង់​អាហារ​នៅកន្លែង​ឃុំឃាំង​ ជាដើម។ ប៉ុន្តែ​គ្រួសារ​ខ្លះ​មាន​អ្នក​ញៀន២ទៅ៣នាក់ អ្នក​ញៀន​ជាកូនៗ ជា​ម្តាយ ឬជា​ឪពុក ធ្វើ​ឱ្យ​ស្ថានភាព​ក្នុង​គ្រួសារ​កាន់តែ​លំបាក​ថែមទៀត​ដែល​មិន​អាច​ពិពណ៌នា​អស់។

មជ្ឈមណ្ឌល Alta Mira ជា​មជ្ឈមណ្ឌល​ព្យាបាល​ការ​ញៀន​គ្រឿងស្រវឹងនិង​គ្រឿងញៀន មាន​ទីតាំងនៅ​សហរដ្ឋអាមេរិក បាន​លើកឡើង​ថា គ្រឿងញៀន​ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​រយៈពេល​ខ្លីនិង​រយៈពេល​វែង។

មជ្ឈមណ្ឌល​នេះ​លើកឡើង​ថា គ្រឿងញៀន​បាន​បំផ្លាញ​ថ្លើម បេះដូង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត ដូចជា ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​ជំងឺ​ថប់អារម្មណ៍។

ការសិក្សា​របស់​មជ្ឈមណ្ឌល​នេះលើកឡើង​ទៀត​ថា គ្រឿងញៀន​ក៏​ធ្វើ​ឱ្យ​ខូច​ខួរក្បាល​ប្រែ​ទៅ​ជាខុសប្រក្រតី ហើយក៏​បាន​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​បាត់បង់​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ ឈាន​ដល់​ប្រព្រឹត្ត​បទល្មើស ជួប​បញ្ហា​សេដ្ឋកិច្ច​ផ្ទាល់ខ្លួននិង​គ្រួសារ។

បើ​មើល​លើ​ផល​ប៉ះពាល់​សង្គម​វិញ គឺ​អ្នក​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ភាគច្រើន​ពី​អាយុ១៥ ដល់៤៥ឆ្នាំ គឺជា​វ័យ​ដែល​ពោរពេញ​ដោយ​កម្លាំងកាយ​និង​ស្មារតី​ក្នុង​ការ បម្រើការ​ងារឬប្រើ​កម្លាំង​ពលកម្ម ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ វ័យ​ទាំងនេះ​ក៏អាច​ក្លាយជា​ថ្នាក់ដឹកនាំ​តាម​ស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬអង្គការ​សង្គម​ស៊ីវិល​ ជាដើម ប៉ុន្តែពួក​គេ​បែរជា​ត្រូវ​បំផ្លាញ​ដោយ​គ្រឿងញៀន។

ទន្ទឹមនឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នេះ យើង​មក​មើល​របាយការណ៍​របស់​សមត្ថកិច្ច​ ពាក់ព័ន្ធ​ការ​បង្ក្រាប​លើ​ករណី​គ្រឿងញៀន បង្ហាញថា មិន​មានការ​ថយ​ចុះ​នោះ​ទេ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល បង្ហាញថា នៅ​ឆ្នាំ២០១៨ អ្នក​ជាប់សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​បាន​បញ្ជូន​ទៅ​តុលាការ​ មាន​ចំនួន​ជាង១ម៉ឺន៧ពាន់​នាក់ (១៧ ៧៩៥​)។ ចំនួន​នេះ​កើនឡើង​ជាង៧ពាន់​នាក់ (៧ ៨៦២​) បើ​ធៀប​នឹង​ឆ្នាំ២០១៧។

របាយការណ៍​ដដែល នៅ​ឆ្នាំ២០១៩ សមត្ថកិច្ច​បង្ក្រាប​​បទល្មើស​គ្រឿងញៀនបានជិត១ម៉ឺន​ករណី (៩ ៨០៦​) កើនឡើង​ជាង២២ភាគរយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង២ម៉ឺន​នាក់ ​(២០ ៤៩០​) កើនឡើង​ជាង២ពាន់​នាក់ (២ ៦៩៥​) បើ​ធៀប​នឹង​ឆ្នាំ២០១៨។

របាយការណ៍​បង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់ក្រ​សួង​មហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន ចំនួន៧ ៧៨៨ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន១៥ ៧៧០នាក់ (ស្រី៩៨០នាក់​) ក្នុង​នោះ​មាន​ជនបរទេស២២៤នាក់ (ស្រី៣៣នាក់​)។ របាយការណ៍​បន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំញៀន​គ្រប់​ប្រភេទ​ជាង៧០២គីឡូក្រាមនិង៥៤៦កញ្ចប់​តូច កញ្ឆា​ជាង២៨៧គីឡូក្រាម​និង១៩៩ ៥៥៩ដើម។

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ថា ទោះ​រដ្ឋាភិបាល​ខិតខំ​កសាង​ពន្ធនាគារ​យ៉ាងណា​ក៏​មិន​គ្រប់គ្រាន់​ដែរ ដោយសារ​ការ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន មាន​ចំនួន​ច្រើន​ក្នុង១ថ្ងៃ​ៗ ស្រប​ពេល​ដែល​ពន្ធនាគារ​មួយចំនួន​ពេញនិង​ខ្លះទៀត​ចង្អៀត។ 

ស្ទើរគ្រប់​វេទិកាសាធារណៈ ​លោក ស ខេង តែងតែ​ណែនាំ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ពង្រឹង​ការ​បង្ក្រាបនិង​ទប់ស្កាត់​គ្រឿងញៀន ដោយ​លោក​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ។

នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ​ឆ្នាំ២០២០ ក្នុង​ឱកាស​ចែក​គ្រាប់ពូជ​ដល់​កសិករ​នៅក្នុង​ខេត្តព្រៃវែង លោក ស ខេង ក៏បាន​រំឭក​ដល់​មន្ត្រី​ពាក់ព័ន្ធ ឪពុក​ម្តាយ​ និងអាណាព្យាបាល បង្កើន​ការទប់ស្កាត់​កូន​កុំឱ្យ​ប្រើប្រាស់​គ្រឿងញៀន។ លោក​រំឭក​ថា គ្រឿងញៀនប៉ះពាល់​ទាំង​សុខភាពនិង​សង្គមជាតិ។

លោក ស ខេង៖ «គ្រឿងញៀន វា​មាន​ឥទ្ធិពល​អាក្រក់​ណាស់​ដល់​សុខភាព​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង។ មិនមែន​ត្រឹមតែ​ខូចសុខភាព​ដល់​អ្នក​ជក់​គ្រឿងញៀន​នោះ​ទេ វា​ខូច​ដល់​សង្គម ​ព្រោះ​អា​ហ្នឹង​តែ​ជក់ ​ឱ្យ​វា​កាច វា​អត់​ដឹងខុសត្រូវ​នោះ​ទេ វា​កាប់ ​វា​ចាក់ ទោះបី​ឪពុក​ម្តាយ​ក៏ដោយ បងប្អូន​សាច់ញាតិ​ក៏ដោយ។ ឬមួយ​វា​ទៅជា​ចោរប្លន់ ​ចោរលួច គេ​ឱ្យធ្វើ​អី​ធ្វើ​ហ្នឹង គេ​ឱ្យ​បោក​គ្រាប់បែក បោក​គ្រាប់បែក វា​គ្រោះថ្នាក់​ខ្លាំង​ណាស់»។

នៅក្នុង​កម្មវិធី​តុមូល​វី​អូ​ឌី នៅ​ថ្ងៃទី២៦ ខែមិថុនា លោក​ឧត្តមសេនីយ៍ឯក ថោង សុ​គន្ធា អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការ​ដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្លែង​ថា ពលរដ្ឋឬយុវជន​ដែល​ប្រើប្រាស់​គ្រឿងញៀន​ហើយ គឺ​ពិបាក​ក្នុង​ការ​កាត់​ផ្តាច់​ណាស់ ក្រោយ​ព្យាបាល​ហើយអាចងាកមក​ប្រើ​វិញ​ដដែល។

លោក ថោង សុ​គន្ធា៖ «ភាគច្រើន​គឺ​គាត់​មិនបាន​បញ្ឈប់​ការប្រើ​ប្រាស់​គ្រឿងញៀន​ទេ គឺ​ក្រោយពី​ទទួលការ​ព្យាបាល​របៀប​នេះ ពេល​ត្រឡប់ទៅវិញ គាត់​ប្រើប្រាស់​គ្រឿងញៀន​ដដែល»។

នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ​ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​ការទប់ស្កាត់​គ្រឿងញៀន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។ ក្នុង​សារា​ចរ​ណែនាំ​នោះ ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ថា សកម្ម​ភាព​ជួ​ញដូរនិង​ប្រើប្រាស់​គ្រឿងញៀន​រីក​រាលដាល​កាន់តែ​ធំ។

អង្គការសហប្រជាជាតិ​លើកឡើង​ក្នុង​របាយការណ៍​មួយ​កាលពី​ខែឧសភា ​ឆ្នាំ២០២០ ថាកម្ពុជា​ឋិត​ក្នុងចំណោម​ប្រទេស​អាស៊ាន​ចំនួន៤ ដែល​រក​ឃើញ​ករណី​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​ច្រើនជាង​គេ​បំផុត​ក្នុង​តំបន់ ខណៈ​តម្លៃ​ធ្លាក់ចុះ​កាន់តែ​ទាប តែ​គុណភាព​ថ្នាំ​កាន់តែ​ខ្ពស់។

ដោយ​ផ្អែកលើ​ស្ថានភាពនិង​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន ស្ថាប័ន​មានសមត្ថកិច្ច​គួរ​បង្កើន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ដូច​ឬខ្លាំងក្លា​ដូច​ករណី​កូ​វីដ១៩ ដូចជា ​ការបង្កើត​គណៈកម្មការ​បន្ទាន់​ដោះស្រាយ បង្កើត​សារ​អប់រំ​នៅ​តាម​ទូរទស្សន៍ វិទ្យុ ប្រព័ន្ធ​អ៊ិ​នធឺណិត និង​ដាក់​បដា​ភ្ជាប់​សារ​អប់រំ​តាម​ដងផ្លូវ​ជាប្រចាំ។ 

រដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកានិង​ធន​ធាន​ផ្សេង​ៗរបស់​ជាតិ រួម​ទាំង​ធ្វើ​យុទ្ធនាការ​ប្រមូល​ថវិ​កាដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩។ ចំពោះ​អ្នក​មិន​គោរព​តាម​វិធានការ​របស់ក្រ​សួង​សុខាភិបាល​ក្នុង​ការទប់ស្កាត់​កូ​វីដ១៩នោះ​ទេ នឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៀតផង។ដូចគ្នា​ដែរ​ ករណី​គ្រឿងញៀន​មិនមែន​ជា​បញ្ហា​តូច​នោះ​ទេ គប្បី​មាន​វិធានការ​តឹង​រ៉ឹង​និងអនុវត្ត​ជាប្រចាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ