ក្រសួង​​ពីរ​​គ្រោង​​ផ្លាស់​ប្ដូរ​​ទី​ស្ដី​ការ​​របស់​​ខ្លួន​​ក្រោយ​​គម្រោង​​សាង​សង់​​បញ្ចប់​​រួច​រាល់​​នៅ​​ចុង​ឆ្នាំ​​នេះ​

ក្រុម​មន្ត្រី​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ៗចុះ​ពិនិត្យ​ទីតាំង​អគារ​ថ្មី​នៃ​ទី​ស្តី​ការក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន ដែល​កំពុង​សាងសង់​នៅឡើយ ស្ថិតនៅ​សង្កាត់​ច្រាំងចំរេះ ខណ្ឌឫស្សីកែវ នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន Ministry of Public Works and Transport – MPWT​)

​ក្រសួង​ទាំងពីរ​គ្រោង​ផ្លាស់ប្ដូរ​ទីស្ដីការ​របស់​ខ្លួន​ទៅកាន់​ទីតាំង​ថ្មី បន្ទាប់ពី​គម្រោង​សាងសង់​អគារ​ទីស្ដីការ​ថ្មី​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​បញ្ចប់​រួចរាល់​នៅ​ចុងឆ្នាំ​នេះ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានឱ្យ​ដឹង​ថា ដំណើរការ​សាងសង់​អគារ​ថ្មី​នៃ​ទីស្ដីការ​ក្រសួង​ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ ជា សុ​ផា​រ៉ា ក្នុង​សង្កាត់​ច្រាំងចំរេះ ខណ្ឌឫស្សីកែវ សម្រេច​បាន​ស្ទើរតែ​ទាំងស្រុង​ហើយ ដោយ​នៅ​សេសសល់​តែ​ការងារ​តុបតែង​លម្អ​ខាងក្នុងនិង​បរិវេណ​អគារ​តែប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក គង់ វិមាន បានឱ្យ​ដឹង​ថា ក្រសួង​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ខែមករា​ខាងមុខនេះ ប៉ុន្តែលោក​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ ដោយ​រង់ចាំ​ការសម្រេច​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នៅពេល​សាកសួរ​អំពី​ទំហំ​ចំណាយ​សម្រាប់​សាងសង់​អគារ​ទីស្ដីការ​ថ្មីនេះ មន្ត្រី​រូប​នេះប្រាប់​ថា លោក​មិន​អាច​ប្រាប់​បាន​នោះ​ទេ ប៉ុន្តែលោក​ថា ក្រសួង​មិន​មានបំណង​បិទបាំង​ព័ត៌មាន​នោះ​ឡើយ ដោយ​រង់ចាំ​ដល់​គម្រោង​សាងសង់​សម្រេច​រួចរាល់​ទាំងស្រុង​សិន។

លោក គង់ វិមាន បានឱ្យ​ដឹង​ទៀត​ថា ចំណែក​ទីតាំង​ចាស់​របស់ក្រ​សួង​មាន​ទំហំ​ជាង១ហិ​កតា ស្ថិតនៅ​ជិត​វត្តភ្នំ​ ​ក្នុង​ខណ្ឌដូនពេញ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ប្រគល់​ទៅ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល យក​ធ្វើជា​ទីស្ដីការ​ថ្មី។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស់ មុនី​រ៉ាត់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​ស្ថាប័ន​លោក​មិនទាន់​សម្រេច​រុះរើ​ទៅកាន់​ទីតាំង​ថ្មី​នៅពេល​ណា​នោះ​ដែរ ប៉ុន្តែលោក​ថា រង់ចាំ​ការ​ចាកចេញ​រួចរាល់​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន។

មន្ត្រី​រូប​នេះបានឱ្យ​ដឹង​ថា ទីតាំង​ចាស់​របស់ក្រ​សួង​រ៉ែ និង​ថាមពល ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារថ្មី៣ ក្នុង​ខណ្ឌដូនពេញ ត្រូវ​បាន​ប្រគល់​ទៅ​រដ្ឋាភិបាល​សម្រាប់​ចាត់ចែង​បន្ត ប៉ុន្តែលោក​ប្រាប់​ថា លោក​មិនបាន​ដឹង​ថា រដ្ឋាភិបាល​ចាត់ចែង​ប្រគល់​ទៅ​ឱ្យ​នរណា​នោះ​ឡើយ។

លោក គង់ វិមាន បានឱ្យ​ដឹង​ថា អគារ​ទីស្ដីការ​ថ្មី​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន មាន​ចំនួន៥អគារ ហើយ​អគារ​នី​មួយ​ៗមាន​កម្ពស់៩ជាន់ ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​ស្ថាប័ន​ចំណុះ​របស់ក្រ​សួង។

សំណង់​អគារ​ទីស្ដីការ​ថ្មី​របស់ក្រ​សួង​ដែល​ស្ថិត​លើ​ផ្ទៃដី​ទំហំ​ខ្ទង់៤ហិ​កតា ត្រូវ​បាន​ចាប់ផ្ដើម​សាងសង់​កាលពី​ខែឧសភា​ឆ្នាំមុន ហើយ​គ្រោង​បញ្ចប់​គម្រោង​សាងសង់​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០២០នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ