មេធាវីការពារក្ដីឱ្យអតីតអ្នកកាសែត ខេមបូឌា ដេលី (The Cambodia Daily) បានឱ្យដឹងថា តុលាការខេត្តរតនគិរី បានសម្រេចទម្លាក់ចោលការចោទប្រកាន់ទៅលើអតីតអ្នកកាសែតទាំងពីររូប បន្ទាប់ពីដើមបណ្ដឹងបានសម្រេចដកពាក្យបណ្ដឹងទៅវិញ។
សំណុំរឿងចោទប្រកាន់ពីបទ «ញុះញង់» ប្រឆាំងអតីតអ្នករាយការណ៍ព័ត៌មានរបស់កាសែត ខេមបូឌា ដេលី (The Cambodia Daily) លោក អូន ភាព និងលោក Zsombor Peter ដែលត្រូវបានប្ដឹងតាំងពីជាង៣ឆ្នាំមុននោះ ត្រូវបានសាលាដំបូងខេត្តរតនគិរីបើកសវនាការជំនុំជម្រះនៅរសៀលថ្ងៃនេះ។
មេធាវីការពារក្ដីឱ្យអតីតអ្នកសារព័ត៌មានទាំងពីររូបនេះ គឺលោក សេក សោភ័ណ្ឌ បានប្រាប់វីអូឌីនៅក្រោយបញ្ចប់សវនាការនៅរសៀលថ្ងៃនេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក គង់ តាំងម៉េង បានសម្រេចលើកលែងការចោទប្រកាន់ទាំងស្រុងទៅលើកូនក្ដីរបស់លោក។
លោក សេក សោភ័ណ្ឌ ប្រាប់ថា៖ «តាមខ្ញុំស្ដាប់ហ្នឹង គាត់សម្រេចឱ្យឈ្មោះ អូន ភាព និង Zsombor Peter ហ្នឹង រួចផុតពីបទចោទទាំងស្រុង ហើយសាលក្រមហ្នឹងប្រកាសជាសាធារណៈ»។
មេធាវីរូបនេះបានឱ្យដឹងថា តុលាការខេត្តរតនគិរី បានសម្រេចបែបនេះ បន្ទាប់ពីដើមចោទ លោក រម៉ាំ យ៉ូត បានសម្រេចដកពាក្យបណ្ដឹងវិញ។ លោក រម៉ាំ យ៉ូត គឺជាអតីតមេឃុំប៉ាតេកូតាគណបក្ស សម រង្ស៊ី ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។
នៅពេលសាកសួរពីមូលហេតុដែលនាំឱ្យដើមបណ្ដឹងសម្រេចដកពាក្យបណ្ដឹងនោះ លោក សេក សោភ័ណ្ឌ បានប្រាប់ថា៖ «អត់មានហេតុផលអីទេ គាត់លើកហេតុផលថា ឈប់ប្ដឹងហើយ យូរហើយ ដូចចង់ភ្លេចអស់ហើយ គាត់លើកឡើងអ៊ីចឹង ហើយគាត់លើកប៉ុណ្ណឹងទៅ។ ចៅក្រមសួរបញ្ជាក់ទៀតថា ឱ្យច្បាស់ណាថាឈប់ប្ដឹងមែនក៏អី។ គាត់ [រម៉ាំ យ៉ូត] បាទ! ឈប់ហើយ»។
លោក សោភ័ណ្ឌ ប្រាប់ថា ក្រុមប្រឹក្សាជំនុំជម្រះបានផ្ដល់យុត្តិធម៌ដល់កូនក្ដីលោកហើយ ហើយលោកត្រេកអរចំពោះសេចក្ដីសម្រេចបែបនេះ។
លោក អូន ភាព និងលោក Zsombor Peter ដែលបានចាកចេញពីប្រទេសកម្ពុជាទៅហើយនោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីពួកគេធ្វើដំណើរទៅរាយការណ៍ព័ត៌មាននៅមុនការបោះឆ្នោតឃុំ-សង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧កន្លងមក។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់ថា តុលាការពិតជាបានសម្រេចបែបនេះមែន ក្រោយពីដើមបណ្ដឹងសម្រេចដកពាក្យបណ្ដឹង។
នៅពេលសាកសួរអំពីហេតុផលនាំឱ្យដកពាក្យបណ្ដឹង លោក កែវ ពិសុទ្ធ ប្រាប់ថា លោកមិនបានដឹងពីមូលហេតុនោះឡើយ។
បើតាមលោក ពិសុទ្ធ តុលាការនឹងចេញសាលក្រមជាផ្លូវការនៅក្នុងរយៈពេល១០ថ្ងៃ ក្រោយពីក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចបែបនេះ។
កាសែត ខេមបូឌា ដេលី បានបិទការបោះផ្សាយរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់រងការវាយប្រហារជុំវិញការចោទថា ជាប់ពន្ធរដ្ឋជាច្រើនលានដុល្លារ ចំពេលដែលមានការបង្ក្រាបយ៉ាងរាលដាលទៅលើសង្គមស៊ីវិល បក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕