អាមេរិក​​ផ្ដល់​​ជំនួយ​៦០​ម៉ឺន​​ដុល្លារ​​បន្ថែម​​ទៀត​​សម្រាប់​​ការ​​ឆ្លើយ​តប​​ដល់​​ពលរដ្ឋ​​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់​

មន្ត្រីទូត​អាមេរិក និង​មន្ត្រី​អង្គការ WFP ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP​) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

​រដ្ឋាភិបាល​អាមេរិក​សម្រេច​ផ្ដល់​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ទៅដល់​ដៃគូ​នានា ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ទឹកជំនន់​នៅ​កម្ពុជា​កាលពី​ខែតុលា​កន្លងមក​នេះ។

ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល​អាមេរិក​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP​) នៅ​ព្រឹក​ថ្ងៃនេះ។

មន្ត្រីទូត​អាមេរិក មន្ត្រី​អង្គការ WFP និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP​) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃនេះ សហរដ្ឋអាមេរិក​តាមរយៈ​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID​) នឹង​ផ្ដល់​ថវិកា៦០ម៉ឺន​ដុល្លារ​នៅក្នុង​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្លើយតប​នឹង​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដែល​បណ្ដាលមកពី​ព្យុះ​ជាបន្តបន្ទាប់ និង​ភ្លៀង​ធ្លាក់​ដ៏​ជោកជាំ​ចាប់តាំងពី​ដើមខែ​តុលា​កន្លងមក។

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផា​ក់​ទ្រីក ម័រហ្វី (Patrick Murphy​) ថ្លែង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​អាមេរិក​សម្រេច​ផ្ដល់​ជំនួយ​បន្ថែម​បែបនេះ ក៏​ព្រោះតែ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​កម្ពុជា​ជាច្រើនដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ឆ្នាំនេះ ហើយ​វា​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​សហគមន៍​រងគ្រោះ​ផង​ដែរ។

លោក ម័រហ្វី បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា លោក​បាន​ចុះទៅ​កាន់​ខេត្ត​មួយចំនួន​នៅ​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ខែតុលា​កន្លងមក​នេះ ហើយ​លោក​ថា លោក​បានឃើញ​ដោយ​ផ្ទាល់​នូវ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​យ៉ាង​​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់។

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផា​ក់​ទ្រីក ម័រហ្វី (Patrick Murphy​) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP​) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក ម័រហ្វី ថ្លែង​ថា៖ «នៅ​ឆ្នាំនេះ កម្ពុជា​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់។ គ្រោះ​ទឹកជំនន់​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ទៅលើ​សហគមន៍ឬគ្រួសារ​ដែល​រងគ្រោះ​រួច​ទៅ​ហើយដោយ​សារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ១៩»។

ជំនួយ​ជា​ថវិកា៦០ម៉ឺន​ដុល្លារ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ផ្ដល់​ទៅអង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (WFP​) បន្ថែម​ទៅលើ​ជំនួយ​លើកដំបូង​ទំហំ១០ម៉ឺន​ដុល្លារ ដែល​អាមេរិក​ផ្ដល់​ទៅ​អង្គការ​មួយ​នេះ​ឆ្លើយ​តប​ភ្លាម​ៗទៅ​នឹង​គ្រោះ​ទឹកជំនន់​នៅ​កម្ពុជា។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន ជំនួយ​ជា​ថវិកា​ទំហំ៦០ម៉ឺន​ដុល្លារ​នេះ នឹង​ត្រូវ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ផ្ដល់​ជា​ជំនួយ​បន្ទាន់​ជួយ​ទៅដល់​ពលរដ្ឋ​ជិត៤ពាន់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​គោលដៅ ដូចជា ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។

នាយក​អង្គការ​កម្ម​វិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី គ្លែរ ខូ​នែន (Claire Conan​) បាន​ថ្លែង​ថា គ្រោះ​ទឹកជំនន់​នៅ​កម្ពុជា​កាលពី​ខែតុលា​កន្លងមក​នេះ បាន​ប៉ះពាល់​ពលរដ្ឋ​កម្ពុជា​ដល់ទៅ៨សែន​នាក់ និង​ផ្ទះសម្បែង​ពលរដ្ឋ​ដល់ទៅ​ជាង១៦ម៉ឺន​ខ្នង។

ប្រទេស​កម្ពុជា​បាន​ទទួលរង​ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​នៅ​ខែតុលា​កន្លងមក​នេះ ដែ​លប​ង្កជា​ទឹកជំនន់​ប៉ះពាល់​ខេត្ត​-រាជធានី ចំនួន២០នៅ​ទូទាំង​ប្រទេស។ របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ (គ.ជ.គ.ម​.) ចេញ​កាលពី​ថ្ងៃទី២៧ ខែតុលា​កន្លងមក​នេះ បង្ហាញថា មនុស្ស​ដល់ទៅ៤៣នាក់បាន​ស្លាប់​ ពាក់ព័ន្ធ​នឹង​ទឹកជំនន់​នៅចន្លោះ​ខែកញ្ញា ដល់​ខែតុលា​កន្លងមក​នេះ។

ភ្លាម​ៗក្រោយ​កម្ពុជា​រងគ្រោះ​ទឹកជំនន់ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹងពី​ការ​ផ្ដល់​ជំនួយ​ទំហំ១០ម៉ឺន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការ​ឆ្លើយតប​បន្ទាន់​ទៅ​នឹង​គ្រោះ​ទឹកជំនន់​នៅ​កម្ពុជា​កាលពី​ខែមុន​នេះ។

តំណាង WFP អ្នកស្រី ខូ​នែន អះអាង​ថា ជំនួយ​ជា​ថវិកា១០ម៉ឺន​ដុល្លារ​ដែល​អាមេរិក​ផ្ដល់​លើកដំបូង​នោះ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​បែងចែក​ស្បៀងអាហារ​ដល់​ពលរដ្ឋ ២ ៥៦០​គ្រួសារ​នៅក្នុង​ខេត្តពោធិ៍សាត់ ជា​ខេត្ត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ។

នាយក​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី គ្លែរ ខូ​នែន (Claire Conan​) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP​) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

អ្នកស្រី គ្លែរ ខូ​នែន ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា៖ «គ្រោះ​ទឹកជំនន់​នេះ គឺជា​បន្ទុក​មួយ​ធ្ងន់ធ្ងរ​សម្រាប់​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​រួច​ទៅ​ហើយដោយ​សារ​វិបត្តិ​កូ​វីដ១៩»។

ស្ថានទូត​អាមេរិក​បាន​និយាយ​ថា រដ្ឋាភិបាល​អាមេរិក​បាន​ផ្ដល់​ជំនួយ​មានតម្លៃ​ដល់ទៅ​ជិត​១៣លាន​ដុល្លារ​រួចមក​ហើយ​ចាប់តាំងពី​ឆ្នាំ២០០០មក ខាង​ផ្នែក​ឆ្លើយតប​នឹង​គ្រោះ​ទឹកជំនន់ ការ​ត្រៀមខ្លួន និង​ជំនួយ​កាត់បន្ថយ​ហានិភ័យ​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ