អាជ្ញាធរ​ថា វៀតណាម​រុះរើ​សំណង់​រឹង​​២៦ កន្លែង​​​នៅ​តាម​ព្រំដែន​មិន​ទាន់​ឯក​ភាព​​គ្នាអស់​ហើយ​​​

ប៉ុស្តិ៍​ប្រចាំការ​វៀតណាម​ដែល​ជា​សំណង់​រឹង (ធ្វើពីឈើ សសរថ្ម​) នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ត្រង់​ចំណុច​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ (ហេង វិចិត្រ​)

អាជ្ញាធរ​​ខេត្តកណ្តាល អះអាងថា អាជ្ញាធរវៀតណាម បានរុះរើ​តង់ និងសំណង់រឹងចំនួន​២៦​កន្លែង ដែល​ពួកគេបានសង់នៅតាមបណ្តោយ​ព្រំដែន​មិនទាន់​ឯកភាពគ្នា ក្នុងភូមិ​សាស្ត្រ​​ខេត្ត​នេះ​​​អស់ហើយ​។

ការរុះរើតង់និងសំណង់រឹង​នេះ ធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវីដេអូ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀង សួន​ហ្វុក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ។

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់វីអូឌីនៅរសៀល​ថ្ងៃពុធ​នេះថា យោធា​វៀត​ណាម បាន​រុះរើតង់ និងសំណង់រឹងចំនួន២៦កន្លែងចេញវិញអស់ហើយ នៅថ្ងៃនេះ។

កាលពី​ចុងខែ​សីហា ឆ្នាំ២០២០ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​រាយការណ៍​ថា វៀត​ណាម បាន​សាងសង់​ជម្រក​រឹងមាំ​ធ្វើពីឈើ​សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ​គុណ​នឹង​៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ស្ថិតនៅ​ចម្ងាយ​ប្រមាណ១២០ម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-វៀតណាម​ដែល​មិនទាន់​ឯកភាព​គ្នា។ ការសាងសង់សំណង់រឹងរបស់ភាគីវៀតណាមនេះ ត្រូវ​​បាន​អាជ្ញាធរខេត្ត​បញ្ជាក់ថា បានធ្វើ​ជាបន្តបន្ទាប់​រហូតដល់ ២៦ទីតាំង។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌​មាន នៅ​​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ថា ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរសាទរ​ចំពោះ​ការរីកចម្រើន និង​កិច្ចសហប្រតិបត្តិ​ការរវាងប្រទេសទាំងពីរកន្លងមក និង​បន្តពង្រីកកិច្ច​សហ​ប្រតិបត្តិការឱ្យកាន់តែរឹងម៉ាំថែមទៀត។

សេចក្តីប្រកាសព័ត៌មាន ​បន្តថា នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានសាទរការផ្ដល់​សច្ចាប័ន​បំពេញ​បន្ថែម​លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាឆ្នាំ២០០៥ ព្រមទាំងលើពិធីសារ​ទទួលស្គាល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឆ្នាំ២០១៩ រវាងប្រទេស​​​ទាំងពីរផងដែរ។

សេចក្តីប្រកាសព័ត៌មាន ​បន្ថែមថា រដ្ឋាភិបាលកម្ពុជា-វៀតណាម បានឯកភាពគ្នាពន្លឿននីតិវិធី ដើម្បីផ្លាស់ប្តូរលិខិតតូបកណ៍នៃការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​សកម្ម​រឿង​ព្រំដែន លោក អ៊ុំ សំ​អាន អះអាងថា រដ្ឋាភិបាល កំពុងរុញសន្ធិសញ្ញាបំពេញបន្ថែមដែលមិនទាន់ស្របច្បាប់ទៅស្របច្បាប់។ លោក ចាត់ទុកការពន្លឿននេះថា បានធ្វើឱ្យកម្ពុជា​បាត់បង់​ទឹកដី​បន្ថែមទៀតទៅ​ប្រទេស​​វៀតណាម។

លោកថា៖ «សន្ធិសញ្ញា​ឆ្នាំ១៩៨៥​ដែលខុសច្បាប់ធ្វើឱ្យទៅជាស្របច្បាប់​ ធ្វើឱ្យទៅជាផ្លូវការ​តាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ​ឆ្នាំ២០១៩ ​ហើយរបបក្រុងភ្នំពេញដាក់ទៅ​សភា​អនុម័ត​​ទៅ ស្ដីពីពិធីសារ​ ខណ្ឌសីមា នៃការបោះបង្កោលព្រំដែន ដែលសភា​ឯកបក្សអនុ​ម័តថ្មីៗហ្នឹង ​ហើយព្រឹទ្ធសភាអនុម័តថ្មីៗដែរ ហើយគេនឹងបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហស្ថហត្ថលេខា ​ឱ្យទៅជាច្បាប់តែម្ដង ដើម្បីឱ្យទទួលស្គាល់​ពិធីសារខណ្ឌសីមា​ និងការបោះបង្គោលព្រំដែន៨៤ភាគរយៈកន្លងមកនេះ»។​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​​និស្សិត លោក ម៉ែ​ន ណាត ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា លុបចោលសន្ធិសញាបំពេញបន្ថែមទាំងអស់វិញ ដោយ​សារ​សន្ធិសញាបំពេញបន្ថែមនេះ ផ្ទុយពីរដ្ឋធម្មនុញ្ញ​ និងសន្ធិសញ្ញាទីក្រុងប៉ារីស។

លោកថា៖ «កម្ពុជា ដល់ពេល​គិតគូរអំពីបញ្ហាជាតិខ្លួនឯង គិតគួរ​អំពីបញ្ហាពលរដ្ឋខ្លួន​ឯង​​ ជាប្រទេសមានអធិបតេយ្យ ជាប្រទេសមានបូរណភាពទឹកដីពិតប្រាកដ​ ដូចដែលមានចែងក្នុងធម្មនុញ្ញ​ដែល លោក ហ៊ុន សែន ត្រូវធ្វើ»។

តែ​​យ៉ាងណា ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង ធ្លាប់​បាន​អះអាងច្រើន​លើក​​​ហើយ​ថា ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ត្រឹមត្រូវ​១០០​ភាគ​រយ ហើយ​លោក​ជំរុញ​អ្នក​អះអាង​ថាមាន​បញ្ហា ឱ្យ​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​ទៅកាន់​គណៈ​កម្មា​ធិការ​​​របស់​លោក។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋសភាបាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជា​ណា​ចក្រ​​កម្ពុជានិង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​សំឡេង១១៦លើ១១៦សំឡេង។

កម្ពុជា ​មាន​ព្រំប្រទល់​ដីគោក​ជាប់​ប្រទេស​វៀតណាម​ប្រវែង ១ ២៧០គីឡូម៉ែត្រ ដែល​បច្ចុប្បន្ន​​ភាគី​ទាំងពីរ​​បាន​ឯកភាព​គ្នា​បោះ​​បាន៨៤ភាគរយ​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ