«តាំងពីតូច មិនមែនថាតែខ្ញុំទេ ខ្ញុំគិតថា មនុស្សជាច្រើនបានទទួលបានការកម្សាន្តពីសិល្បៈស្រមោល ដូចជាយកម្រាមដៃទៅបាំងពន្លឺចាំងទៅជញ្ជាំងអី ឃើញរូបនេះរូបនោះ យើងសប្បាយមែនទែនកាលពីក្មេង»។
នេះជាចំណុចចាប់ផ្ដើមនៃចំណាប់អារម្មណ៍ដំបូងបំផុតទៅលើរូបភាពស្រមោលរបស់យុវជន អ៊ួ ដារិទ្ធ ដែលមានវ័យ២៥ឆ្នាំ គឺជាអ្នករៀបចំឆាកភាពយន្ត និងជាម្ចាស់ហ្វេសប៊ុកផេកសិល្បៈស្រមោល DR Shadow Art។
លោក អ៊ួ ដារិទ្ធ បន្ថែមថា វាកាន់តែទាក់ទាញលោកបន្ថែមទៀតនៅពេលលោកបានមើលល្ខោនស្បែកតូចដែលជាសិល្បៈស្រមោលរបស់ដូនតាខ្មែរ។
លោកថា៖ «ល្ខោនស្បែកតូចដែលសិល្បៈស្រមោលហ្នឹងអាចរៀបរាប់អំពីសាច់រឿងដំណើរដើមទង ផ្ដល់ការកម្សាន្តដល់មហាជនគ្រប់ស្រទាប់ អ៊ីចឹងសិល្បៈហ្នឹងគួរឱ្យចាប់អារម្មណ៍មែនទែន។ ហើយមិនយូរប៉ុន្មានទេ ខ្ញុំបានឃើញរូបមួយផ្ទាំងដែលវាល្បីនៅក្នុងបណ្ដាញសង្គម គឺរូបចម្រឹងបង្អួចប្រាសាទអង្គរវត្តដែលព្រះអាទិត្យជះពន្លឺមក ចម្រឹងបង្អួចហ្នឹងបាំងពន្លឺធ្វើឱ្យចេញស្រមោលទៅលើជញ្ជាំង ដែលមើលទៅឃើញកំពូល៣ ដែលយើងអាចសម្គាល់បានថាជាប្រាសាទអង្គរវត្ត»។
បើទោះជាយ៉ាងណា ចំណាប់អារម្មណ៍របស់លោកនៅមិនទាន់ចេញជារូបរាងនៅឡើយទេ ទើបតែនៅដើមឆ្នាំ២០២០នេះ លោកមានពេលធ្វើវាឱ្យកើតឡើង។
លោកបន្ថែមថា៖ «ទាក់ទងត្រង់ថា ចាប់អារម្មណ៍យូរហើយ ហេតុអីបានទើបតែធ្វើ? គឺរឿងពិតនោះ គឺវាអាស្រ័យដោយកូវីដចូលមកដល់ ដែលធ្វើឱ្យការងារយើងមិនសូវមមាញឹក ដល់អ៊ីចឹងយើងមានពេលច្រើន ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើ។ ដល់អ៊ីចឹង វាហ្នឹងហើយ ឱកាសហ្នឹងដែលយើងសិក្សាស្រាវជ្រាវបន្ថែម ច្នៃសិល្បៈហ្នឹងមកឱ្យទៅជាអ្វីដែលប្លែកសម្រាប់ខ្លួនឯងក្នុងពេលដែលយើងអត់សូវមមាញឹកហ្នឹង»។
សិល្បៈដែលលោកច្នៃនេះ គឺចេញពីគំនិត ការតស៊ូ និងបទពិសោធន៍ខ្លួនទាំងស្រុង បន្ទាប់ពីព្យាយាមម្ដងហើយម្ដងទៀតជាង១ខែ ដើម្បីធ្វើរូបព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋមួយ។
លោក អ៊ួ ដារិទ្ធ៖ «ទាក់ទងនឹងការរៀនហ្នឹង គឺអត់រៀនមកពីណាទេ គឺយើងឃើញរបស់មានស្រាប់ ហើយយើងស្រមៃរបស់ដែលយើងចង់បាន បន្ទាប់ពីស្រមៃថាយើងចង់បានអីហើយ គឺចាប់ផ្ដើមធ្វើតែម្ដង ហើយថាទៅរៀននោះ គឺអត់ទៅរៀននៅឯណាទេ គឺរៀនពីកំហុសខ្លួនឯងតែម្ដង។ ពេលយើងធ្វើទៅ ជួបការលំបាកអីខ្លះអ៊ីចឹង ពេលលំបាក យើងកែសម្រួលរកកន្លែងខុសទាល់តែឃើញ»។
រូបមួយផ្ទាំងដែលលោកអ្នកនាងកំពុងមើលនេះ គឺកើតចេញពីការងារជាច្រើនថ្ងៃរបស់ក្រុមជាង DR Shadow Art។
លោក អ៊ួ ដារិទ្ធ បានឱ្យដឹងថា មុំនៃពន្លឺគឺសំខាន់បំផុតក្នុងការកំណត់ពីទីតាំងរបស់រូប បន្ទាប់មកពុម្ពដំបូងរបស់វាគឺកើតចេញដោយការគូសវាសដោយដៃទៅលើក្រដាស តមកទៀតត្រូវច្រៀកក្រដាសដើម្បីបង្កើតជាពុម្ព មុននឹងកាត់បន្ទះលោហៈបិតជាចុងក្រោយ។
លោកបញ្ជាក់ថា៖ «ឥលូវនេះ ដូចជាមិនមានអីលំបាកគួរឱ្យកត់សម្កាល់ទេ គ្រាន់តែថា យើងដំបូងបង្កើតគំនូរសខ្មៅ ដល់ពេលអ៊ីចឹង យើងបង្កើតគំនូរមួយផ្សេងទៀតជារូបសខ្មៅពីរូបថតយើងត្រូវប្រើពេលយូរ ត្រូវការផ្ចិតផ្ចង់ ត្រូវកែច្រើន មុននឹងបានគំនូរសខ្មៅមួយ។ បន្ទាប់ពីបានគំនូរសខ្មៅហើយ គឺយើងអាចធ្វើជាបន្ទះលោហៈបាន វាលែងសូវពិបាកហើយ វាត្រូវការពេលយូរត្រូវការដាក់អារម្មណ៍ ក៏ប៉ុន្ដែវាមិនមែនជាបញ្ហាអីទៀតទេ»។
បច្ចុប្បន្ន ក្រុមជាងសិល្បៈស្រមោលរបស់លោក អ៊ួ ដារិទ្ធ មានសមាជិក៤នាក់ ដែលអាចទទួលធ្វើរូបភាពជូនអតិថិជន ក្នុងរូបមួយអាចចំណាយពេលជាមធ្យម២សប្ដាហ៍។
ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញម្នាក់ លោក ឡាក់ លំឆ័ង ថាការធ្វើរូបឱ្យចេញពីស្រមោលនេះ វាគួរឱ្យចាប់អាម្មណ៍ ដោយថា ប្រសិនជាគ្មានពន្លឺជះចំមុំនៃរូប នោះរូបនឹងមិនចេញឡើយ។
លោកមានប្រសាសន៍ថា៖ «ប្រសិនជាយើងមើលទៅថា វាអត់គួរឱ្យចាប់អារម្មណ៍ទេ ប៉ុន្ដែនៅពេលដែលយើងបញ្ចាំងភ្លើងមក គឺវាចេញជារូបភាព។ អ៊ីចឹងវាគឺជាសិល្បៈមួយដែលកម្រផងដែរ សំខាន់គឺអ្នកដែលចេះបង្កើតអាហ្នឹង គឺមានតិច»។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា សិល្បៈរូបភាពចេញពីស្រមោលនេះ គឺស្ថិតក្នុងសិល្បៈសហសម័យ ដែលជាការរួមបញ្ចូលរវាងសិល្បៈបុរាណនិងសម័យទំនើប។ លោកបន្ថែមថា ក្រសួងតែងតែមានគោលការណ៍លើកទឹកចិត្តដល់អ្នកដែលមានគំនិតច្នៃប្រឌិតបែបនេះ ដើម្បីឱ្យសិល្បៈមានសម្បូរបែប។
លោកមានប្រសាសន៍បែបនេះថា៖ «វាជាលក្ខណៈបុរាណផង បូកជាមួយនឹងទំនើបកម្មផង ដែលធ្វើយ៉ាងម៉េចឱ្យមានមូលដ្ឋានពីយើងទៅ កុំចម្លងរបស់គេទាំងស្រុង យើងមានការសាទរ មានការលើកទឹកចិត្តទៅលើសិល្បៈបែបនេះ»។
លោកបន្ថែមថា ជាទូទៅ ក្រសួងមានសាលាបណ្ដុះបណ្ដាល រៀបចំធ្វើសិក្ខាសាលា ចែករំលែកចំណេះដឹង មានការលើកទឹកចិត្តឱ្យសិល្បៈបង្កើតជាសមាគម បង្កើតជាសហគ្រាស ឬសិប្បកម្មសិល្បៈអ្វីផ្សេងៗ ខណៈបើមានបញ្ហាបច្ចេកទេសឬក៏ចង់បានការសិក្សាបន្ថែមលើសិល្បៈដែលខ្លួនកំពុងតែបង្កើតនោះ ក្រសួងក៏នឹងបញ្ជូនគ្រូឱ្យទៅផ្ដល់ប្រឹក្សាឬបង្រៀនផងដែរ។ លោកជំរុញដល់អ្នកដែលបង្កើតសិល្បៈថ្មីៗទាំងនោះ ឱ្យចូលរួមប្រកួតប្រជែងយកពានរង្វាន់ក្នុងទិវាវប្បធម៌ដែលមានជារៀងរាល់ឆ្នាំ។
សម្រាប់លោក អ៊ួ ដារិទ្ធ អ្វីដែលលោកចង់ឃើញបំផុតពីការងារសិល្បៈស្រមោលរបស់លោកនោះ គឺចង់ឱ្យពលរដ្ឋកម្ពុជាដឹងថា ខ្មែរក៏មានសិល្បៈសហសម័យបែបនេះនៅក្នុងប្រទេសរបស់ខ្លួនដែរ។
លោកមានប្រសាសន៍ថា៖ «បរទេសមានច្រើន តែទម្រង់ផ្សេងៗគ្នាអ៊ីចឹងណា ដល់ពេលទម្រង់សិល្បៈនេះ ខ្ញុំអត់ធ្លាប់ឃើញពីមុនមក ដល់អ៊ីចឹងខ្ញុំធ្វើឱ្យមានហើយ។ អ៊ីចឹងចង់ឱ្យបងប្អូនដឹងថា ទម្រង់ហ្នឹង ស្រុកខ្មែរយើងក៏មាន ព្រោះបងប្អូនខ្លះគាត់ស្រឡាញ់ណាស់ទៅនឹងសិល្បៈលម្អចង់តាំងត្រង់នេះត្រង់នោះអ៊ីចឹងទៅ។ ទាក់ទងនឹងសិល្បៈនេះ វាមានលក្ខណៈពិសេសអ៊ីចឹងហើយ វាជាផលិតផលក្នុងស្រុកទៀត! អ៊ីចឹងធ្វើឱ្យគាត់ស្រឡាញ់ពេញចិត្តទៀត ថាមិនគាំទ្រមិនលើកស្ទួយមិនបាន បើគាត់មិនដឹង វាផ្សេង។ អ៊ីចឹងអ្វីដែលខ្ញុំរំពឹងនោះ ត្រង់ថា យើងផ្សព្វផ្សាយឱ្យគាត់បានដឹងសិល្បៈបែបហ្នឹង គឺយើងមាន ហើយមិននៅឆ្ងាយដៃទេ គឺនៅកៀកដៃតែម្ដង»។