នគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្ត្រី២នាក់បានស្លាប់ ហើយអ្នកភូមិ១២នាក់ទៀតនៅស្រុកទឹកផុស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីពួកគេផឹកទឹកអណ្ដូងនៅក្នុងចម្ការឪឡឹកមួយនៅឯវាលស្រែ។
អធិការរងនគរបាលស្រុកទឹកផុស លោក បួរ វន្នី បានប្រាប់ថា ស្ត្រីម្នាក់អាយុ៤៣ឆ្នាំ បានស្លាប់កាលពីព្រឹកថ្ងៃម្សិលមិញនេះ ហើយស្ត្រីម្នាក់ទៀតអាយុ៤៧ឆ្នាំ បានស្លាប់នៅរសៀលថ្ងៃដដែលនោះផងដែរ នៅក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
មន្ត្រីនគរបាលរូបនេះ បានឱ្យដឹងទៀតថា មនុស្ស១២នាក់ទៀតកំពុងស្ថិតក្រោមការសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែលោកថា លោកមិនទាន់ដឹងអំពីស្ថានភាពសុខភាពរបស់ពួកគេនៅឡើយទេ។
លោក បួរ វន្នី បានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះដែលរស់នៅភូមិជីប៉្រង ឃុំជៀប បានធ្លាក់ខ្លួនក្នុងស្ថានភាពបែបនោះ បន្ទាប់ពីពួកគេផឹកទឹកអណ្ដូងនៅក្នុងចម្ការឪឡឹកមួយស្ថិតនៅវាលស្រែ ជាទីដែលពួកគេទៅច្រូតស្រូវ។
ប៉ុន្តែមន្ត្រីនគរបាលរូបនេះ ប្រាប់ថា សមត្ថកិច្ចមិនអាចបញ្ជាក់ពីមូលហេតុពិតប្រាកដបានទេ ហើយលោកអះអាងថា គ្មានមន្ត្រីសុខាភិបាលណាទៅយកសំណាកទឹកអណ្ដូងយកទៅត្រួតពិនិត្យនោះឡើយ។
លោក បួរ វន្នី ប្រាប់ថា៖ «ពួកខ្ញុំអត់ហ៊ានសន្និដ្ឋានទេ ប៉ុន្តែសំខាន់ទាល់តែខាងពេទ្យសន្និដ្ឋានមកវិញ។ ពួកខ្ញុំបានពិភាក្សាគ្នាជាមួយលោកអធិការហើយថា ពួកយើងអត់ហ៊ានសន្និដ្ឋានទេ។ទាល់តែខាងពេទ្យវាយតម្លៃថា ស្លាប់ដោយសារទឹកអណ្ដូងឬដោយសារជំងឺលើសឈាមយ៉ាងម៉េច អាហ្នឹងទាល់តែខាងហ្នឹងវាយតម្លៃមក បានខ្ញុំហ៊ានធ្វើការបន្តទៀត»។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មានស្ថានភាពល្អប្រសើរឡើងវិញហើយ ហើយលោកថា ពួកគេអាចត្រូវបានអនុញ្ញាតឱ្យចាកចេញនៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត។
បើតាមមន្ត្រីសុខាភិបាលរូបនេះ ក្រៅពីមនុស្សពេញវ័យ ក៏មានកុមារ២នាក់ផងដែរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត។
លោក ប្រាក់ វ៉ុន ប្រាប់ថា៖ «មូលហេតុ គឺគាត់ពុល បរិភោគទឹកមានសារធាតុគីមី។ ហ្នឹងជាជំហានដំបូងនៃការសន្និដ្ឋាន។ មានអ្នកចម្ការឪឡឹក គាត់បាញ់ថ្នាំឪឡឹក ហើយគាត់លាងធុងថ្នាំនៅក្បែរអណ្ដូង។ យើងសន្និដ្ឋានជាដំបូង»។
លោក ប្រាក់ វ៉ុន បានបញ្ជាក់ផងដែរថា អាជ្ញាធរមូលដ្ឋានបានសម្រេចបិទអណ្ដូងទឹកនោះហើយ ដោយហាមឃាត់ពលរដ្ឋមិនឱ្យប្រើប្រាស់ទៀតនោះឡើយ។
នៅពេលសួរថា តើមន្ត្រីសុខាភិបាលបានយកទឹកអណ្ដូងទៅពិនិត្យឬយ៉ាងណានោះ មន្ត្រីសុខាភិបាលរូបនេះ ប្រាប់ថា មិនបានយកទឹកអណ្ដូងនោះទៅពិសោធន៍នោះឡើយ ប៉ុន្តែមន្ត្រីសន្និដ្ឋានបែបនេះ បន្ទាប់ពីសាកសួរពលរដ្ឋដែលប្រាប់ថា មានអ្នកភូមិបានយកធុងថ្នាំទៅលាងសម្អាតនៅជិតអណ្ដូងទឹកនោះ៕