រដ្ឋាភិបាល​សម្រេច​ហាម​ឃាត់​ការ​ជួប​ជុំ​មនុស្ស​លើស​ពី​២០​នាក់​នៅ​ភ្នំពេញ និង​សៀមរាប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០។ (រូបភាពពីហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​សម្រេច​​ហាម​ឃាត់​ការ​ជួប​ជុំ​​មនុស្ស​ច្រើន​ចាប​់ពី​២០​នាក់​ឡើង​ទៅ​​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ​ខាង​មុខ​នេះ ដោយ​ថា ជា​វិធានការ​បន្ថែម​ដើម្បី​ការពារ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ក្រោយ​ផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​ក្នុង​សហគមន៍​ជា​លើក​ដំបូង​។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា្​បែប​នេះ​តាម​រយៈ​​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ចែក​ចាយ​តាម​បណ្ដាញ​សង្គម ដែល​លោក​បាន​ណែនាំ​​ទៅ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ឱ្យ​ផ្អាក​ការ​ជួប​ជុំ​រយៈ​ពេល ១៥​ថ្ងៃ ក្នុង​នោះ​ហាម​ឃាត់​ទាំង​កម្មវិធី​មង្គលការ​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ការ​យោគ​យល់ និង​អធ្យាស្រ័យ​​ពី​សំណាក់​ប្រជា​ពលរដ្ឋ​​របស់​យើង ក្នុង​ការ​ជួប​ជុំ​ណា​ក៏​ដោយ​ គឺ​សុំ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ​ទាំង​អាពាហិ៍ពិពាហិ៍ ទាំង​ការ​ប្រជុំ ទាំង​ការ​ជួប​ជុំ​​ជា​លក្ខណៈ​ដែល​អាច​ថា មនុស្ស​លើស​ពី ២០​នាក់​ទៅ មិន​គួរ​មាន​ការ​ជួប​ជុំ​ទេ»

នាយករដ្ឋ​មន្ត្រី​កម្ពុជា​រូប​នេះ បាន​ថ្លែង​បន្ត​ថា សម្រាប់​ការ​ជួប​ជុំ​មនុស្ស​ ២០​នាក់​ចុះ​ក្រោម ត្រូវ​រក្សា​គម្លាត និង​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

រដ្ឋាភិបាល​បាន​សម្រេច​ហាម​ឃាត់​ការ​ជួប​ជុំ​បែប​នេះ បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ជា​លើក​ដំបូង ដែល​បាន​កើត​ឡើង​លើ​ស្ត្រី​ម្នាក់​វ័យ ៥៦​ឆ្នាំ ដែល​ជា​ភរិយា​របស់​អគ្គ​នាយក​ពន្ធនាគារ លោក ឆែម សាវុធ ហើយ​មនុស្ស​រហូត​ដល់ ១៥​នាក់​ហើយ​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​ស្ត្រី​រូប​នេះ ត្រូវ​បាន​ធ្វើ​តេស្ត និង​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​គិត​ត្រឹម​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ