រដ្ឋាភិបាល​​បញ្ចេញ​​ថវិកា​ខ្ទង់​៣០​ម៉ឺន​ដុល្លារ​ជួយ​ពលរដ្ឋ​ក្រី​ក្រ​អំឡុង​ពេល​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​កូវីដ​១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០។ (រូបភាពពីហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ប្រាក់​ដល់​ទៅ ១១៧០​​លាន​រៀល ឬ​ស្មើ​នឹង​ប្រហែល ៣០​ម៉ឺន​ដុល្លារ​ សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ក្រី​ក្រ​ដែល​ត្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៥​ថ្ងៃ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​ពី​សេចក្ដី​សម្រេច​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ និង​កែ​លម្អ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃ​នេះ​។

លោក​នាយក​រដ្ឋ​មន្ត្រីថ្លែង​ថា លោក​បាន​សម្រេច​បញ្ចេញ​ថវិកា​ទៅ​តាម​បណ្ដា​ខេត្ត និង​រាជ​ធានី​នៅ​ទូទាំង​ប្រទេស ដើម្បី​ចាត់​ចែង​ប្រគល់​ទៅ​ពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​តាម​ផ្ទះ ឬ​នៅ​តាម​មណ្ឌល​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​អាជ្ញាធរ។

បើ​តាមការ​ថ្លែង​នោះ រដ្ឋាភិបាល​សម្រេច​ផ្ដល់​ថវិកា ២​ម៉ឺន​រៀល ឬ ៥​ដុល្លារ​​ក្នុង​មួយ​ថ្ងៃ​សម្រាប់​​គ្រួសារ​នីមួយៗ​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក​២​សប្ដាហ៍ ដែល​ចាត់​ទុក​វិធានការ​នេះ​ថា​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​បន្ថែម​ទៀត។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «យើង​ហ៊ាន​ចាយ​លុយ​បែប​នេះ ដើម្បី​ការពារ​អ្នក​ដទៃ​កុំ​ឱ្យ​ឆ្លង​ចេញ​ពី​គាត់ ហើយ​ដើម្បី​កុំ​ឱ្យ​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នេះ រង​គ្រោះ​ដោយ​មិន​បាន​ចេញ​រក​ស៊ី​ ហើយ​ប្រពន្ធ​កូន​ដាច់​បាយ។ យើង​មិន​ឱ្យ​មាន​នរណា​ដាច់​បាយ​ជា​ដាច់​ខាត!»

ជាង​នេះ​ទៅ​ទៀត លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ឡើង​វិញ​ផង​ដែរ​ថា រាល់​ការ​ព្យាបាល និង​ការ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​នេះ ត្រូវ​ផ្ដល់​ទៅ​ដល់​ពលរដ្ឋ​ដោយ​ឥត​កម្រៃ​សេវា​ទាំង​អស់ និង​ដោយ​គ្មាន​ការ​រើស​អើង​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ហើយ​យើង​ធ្វើ​ដោយ​គ្មាន​ការ​រើស​អើង​អ្វី​ទាំង​អស់។ អ្នក​ណា​ក៏​ដោយ​មាន​ជំងឺ យើង​ផ្គត់​ផ្គង់​ឱ្យ​ទាំង​អស់ ហើយ​យើង​ពិនិត្យ​ព្យាបាល​ដោយ​មិន​យក​ប្រាក់​ទេ។ សូម​បញ្ជាក់​លើ​ចំណុច​នេះ​ឱ្យ​បាន​ច្បាស់»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​ពី​សេចក្ដី​សម្រេច​បែប​នេះ​របស់​រដ្ឋាភិបាល បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​មួយ​កើត​ឡើង​លើ​ស្ត្រី​ម្នាក់​វ័យ ៥៦​ឆ្នាំ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ