រដ្ឋ​សភា​​នឹង​​ប្រមូល​​មនុស្ស​​ធ្វើ​តេស្ត​​នៅ​​រសៀល​​ថ្ងៃ​នេះ​ ក្រោយ​​តំណាង​រាស្ត្រ​​មួយ​​រូប​​ចាប់​ដៃ​​ជាមួយ​​មេ​​ពន្ធនា​គារ​​

ទិដ្ឋភាពនៅពីមុខរដ្ឋសភាកម្ពុជា កាលពីពេលកន្លងទៅ។

តំណាងរាស្ត្រ​គណបក្សប្រជាជន​កម្ពុជា លោក ឡូយ សុផាត បានឱ្យ​ដឹង​ថា រូបលោកនិង​សមាជិក​ក្រុម​គ្រួសារ​ដល់ទៅ​ជាង៨០នាក់ កំពុង​រក្សាខ្លួន​នៅ​ដាច់ដោយឡែក​តាម​សេចក្ដីណែនាំ​របស់ក្រ​សួង​សុខាភិបាល បន្ទាប់ពី​រូបលោក​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩។

លិខិត​របស់​អគ្គលេខាធិការ​សភា លោក ឡេង ប៉េង​ឡុង ដែល​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃម្សិលមិញ​នេះ បង្ហាញថា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ លោក ឆែម សា​វុធ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩។

លោក ឡូយ សុផាត បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា លោក​បាន​ចាប់ដៃ​លោក ឆែម សា​វុធ នៅពេល​ជួបគ្នា​អំឡុង​ពេល​ហាត់ប្រាណ​នៅ​សណ្ឋាគារ​ភ្នំពេញ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា​កន្លងមក​នេះ នៅមុន​ពេល​លោក ឆែម សា​វុធ និង​ភរិយា​របស់​លោក ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩។

តំណាងរាស្ត្រ​រូប​នេះបានឱ្យ​ដឹង​ទៀត​ថា លោកនិង​សមាជិក​ក្រុម​គ្រួសារ​សរុប​ជាង៨០នាក់ កំពុង​ធ្វើ​ចត្តាឡីស័​កឬរក្សា​ខ្លួន​នៅ​ដាច់ដោយឡែក​នៅក្នុង​គេហដ្ឋាន​របស់​លោក​នៅ​ភ្នំពេញនិង​នៅ​ខេត្ត​ស្ទឹងត្រែង បន្ទាប់ពី​បាន​ធ្វើតេស្ត​ពិនិត្យ​សុខភាព​រួចហើយ ហើយ​លទ្ធផល​តេ​ស្ត​បង្ហាញ​សញ្ញា​អវិជ្ជមាន​ទាំងអស់។

លោក ឡូយ សុផាត ប្រាប់​ថា៖ «ចត្តាឡីស័​កហ្នឹង​នៅ​តាម​ផ្ទះ​ទេ​ នៅ​ខេត្ត។ ធ្វើតេស្ត​ទាំងអស់អវិជ្ជមាន​ពី​ម្សិល​ដែរ»។

លោក ឡូយ សុផាត អាយុ៧១ឆ្នាំ បាន​ប្រាប់​ថា លោក​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​រដ្ឋសភា និង​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ត្រី​ជាច្រើន​នៅក្នុង​ស្ថាប័ន​មួយ​នេះ ២ថ្ងៃបន្ទាប់​ពី​លោក​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក ឆែម សា​វុធ។

បើ​តាម​លិខិត​របស់​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា សមាជិកសភា១៧រូប ក្នុង​នោះ​មាន​ទាំង​ប្រធាន​រដ្ឋសភា លោក ហេង សំ​រិន ផង​ដែរ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល មន្ត្រី​រដ្ឋសភា និង​មនុស្ស​សរុប​ដល់ទៅ៤៩រូប​ទៀត បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក ឡូយ សុផាត។

អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង បាន​ប្រាប់​ថា ក្រៅពី​លោក ឡូយ សុផាត មនុស្ស​ពាក់ព័ន្ធ​នៅក្នុង​រដ្ឋសភា​ទាំងអស់ មិនទាន់​ត្រូវ​បាន​ធ្វើតេស្ត​ពិនិត្យ​សុខភាព​នៅឡើយ​ទេ ប៉ុន្តែលោក​ថា នឹង​ត្រូវ​ធ្វើតេស្ត​ពិនិត្យ​សុខភាព​នៅ​បរិវេណ​វិមានរដ្ឋ​សភា​នៅ​រសៀល​ថ្ងៃនេះ។

ប៉ុន្តែលោក ប៉េង​ឡុង ប្រាប់​ថា លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​មនុស្ស​ជាក់លាក់​ដែល​ពាក់ព័ន្ធ​នឹង​លោក ឡូយ សុផាត ហើយដែល​ត្រូវ​ធ្វើតេស្ត​បាន​នៅឡើយ​ទេ។

លោក ឡេង ប៉េង​ឡុង ប្រាប់​ថា៖ «អ៊ីចឹង នៅ​ខាង​សភា មានតែ​ម្នាក់​ទេ គឺ​លោក ឡូយ សុផាត ទេ។ អ៊ីចឹង អ្នក​ជាប់ពាក់ព័ន្ធ​ជាមួយ​លោក ឡូយ សុផាត យើង​ចាត់ទុកជា ​[ក្រុម​មាន​ហានិភ័យ] មធ្យម។ អ៊ីចឹង លោក ឡូយ សុផាត ហា​និ​ភ័យ​ខ្ពស់​ហើយ។ អ៊ីចឹង ក្រៅពី​អ្នក​ពាក់ព័ន្ធ​លោក ឡូយ សុផាត គឺ​មធ្យម ត្រូវ​ធ្វើតេស្តនិង​ធ្វើ​ចត្តាឡីស័​ក»។

លោក ប៉េង​ឡុង បានឱ្យ​ដឹងផង​ដែរ​ថា បន្ទាប់ពី​ធ្វើតេស្ត​ហើយ សមាជិកសភានិង​មន្ត្រី​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​លោក ឡូយ សុផាត នឹង​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​តាម​ផ្ទះឬនៅ​តាម​មណ្ឌល​ចត្តាឡីស័​កដែល​ត្រូវ​បាន​រៀបចំ​ដោយ​រដ្ឋ។

គិត​ត្រឹម​ថ្ងៃនេះ មនុស្ស១៧នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូង​កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​មុន នៅពេល​ដែល​ភរិយា​លោក ឆែម សា​វុធ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ