អ្នក​នាំ​ពាក្យ​​រដ្ឋ​សភា​​អះអាង​​ថា​ គ្មាន​​តំណាង​រាស្ត្រ​​ណា​​ម្នាក់​​ឆ្លង​​កូ​វីដ​១៩​ក្នុង​​ព្រឹត្តិ​​ការណ៍​២៨​វិច្ឆិកា​​ទេ​

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ National Assembly Of Cambodia​)

​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង បាន​អះអាង​ថា ការ​តេ​ស្ត​លើ​សំណាក​យកចេញ​ពី​តំណាងរាស្ត្រ មន្ត្រី​រដ្ឋសភា និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត បង្ហាញថា ពុំ​មាន​នរណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ១៩នោះ​ឡើយ ប៉ុន្តែលោក​ថា ពួក​គាត់​បាន​បន្ត​រក្សាខ្លួន​នៅ​ដាច់ដោយឡែក​បន្ត​ទៀត ដើម្បី​តាមដាន​សុខភាព។

អ្នកនាំពាក្យ​រដ្ឋសភា​រូប​នេះ ប្រាប់​ថា លោក​ទទួល​បានការ​ជូនដំណឹង​ពី​អ្នកស្រី ឱ វណ្ណ​ឌីន នៅ​ព្រឹក​ថ្ងៃនេះ អំពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​លើ​សំណាក​ថ្នាក់ដឹកនាំ​រដ្ឋសភា តំណាងរាស្ត្រ មន្ត្រី​បម្រើការ​នៅ​វិមានរដ្ឋ​សភា និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត។

លោក ឡេង ប៉េង​ឡុង ប្រាប់​ថា៖ «អ៊ីចឹង ធ្វើតេស្ត​ទាំងអស់​ហ្នឹង អត់មាន​ [ឆ្លង​កូ​វីដ១៩​] ទេ អវិជ្ជមាន​ទាំងអស់»។

លោក ប៉េង​ឡុង ពុំ​អាច​ប្រាប់​ពី​ចំនួន​ជាក់លាក់​នៃ​អ្នកធ្វើ​តេ​ស្ត​នៅ​វិមានរដ្ឋ​សភា​នោះ​ឡើយ ប៉ុន្តែលោក​ប្រាប់​ថា សមាជិក​ក្រុម​គ្រួសារ​របស់​ដឹកនាំ​រដ្ឋសភា តំណាងរាស្ត្រ មន្ត្រី​រដ្ឋសភា រហូតដល់​កង​រក្សា​សន្តិសុខ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភានិង​តំណាងរាស្ត្រ ក៏បាន​ស្ម័គ្រចិត្ត​ទៅ​ផ្ដល់​សំណាក​សម្រាប់​ត្រួតពិនិត្យ​រក​មេរោគ​កូ​វីដ១៩ផង​ដែរ​ កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ។

បើ​តាម​មន្ត្រី​នាំពាក្យ​រូប​នេះ ប្រធាន​រដ្ឋសភា លោក ហេង សំ​រិន និង​អនុប្រធាន​រដ្ឋសភា​ទាំង២រូប​នេះ មាន​សុខភាព​ធម្មតា ហើយ​ពួក​គាត់ សមាជិកសភា មន្ត្រី​រដ្ឋសភា និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត កំពុង​បន្ត​រក្សាខ្លួន​នៅ​ដាច់ដោយឡែក​នៅ​តាម​ផ្ទះ​រៀងខ្លួន និង​នៅ​សណ្ឋាគារ សុខា ភ្នំពេញ ស្ថិតនៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​ថា សំណាក​ចំនួន១០៦ ត្រូវ​បាន​ប្រមូល​យក​ពី​ថ្នាក់ដឹកនាំ​រដ្ឋសភា សមាជិកសភា មន្ត្រី​រដ្ឋសភា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​មនុស្ស​ពាក់ព័ន្ធ​ដទៃទៀត​កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ។

លោក ប៉េង​ឡុង បានឱ្យ​ដឹង​ទៀត​ថា ចំណែក​ឯកិច្ច​ប្រជុំ​ធំៗ​របស់​រដ្ឋសភាដែល​មានការ​ចូលរួម​ពី​មនុស្ស​លើស​ពី២០នាក់ ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ ហើយ​ការ​បំពេញការងារត្រូវ​បាន​ធ្វើឡើង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ។

ការ​ធ្វើតេស្ត​ទៅលើ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​មនុស្សជា​ច្រើន​ទៀត​នៅ​វិមានរដ្ឋ​សភា ត្រូវ​បាន​ធ្វើឡើង​ក្រោយពី​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អគ្គនាយក​ពន្ធនាគារ លោក ឆែម សា​វុធ កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា​ នៅកន្លែង​ហាត់ប្រាណ ស្ថិតនៅ​ក្នុង​សណ្ឋាគារ​ភ្នំពេញ នៅមុន​ពេល​ដឹង​ថា មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​រូប​នេះមាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។

លោក ឡូយ សុផាត ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃអង្គារ​ថា លោក​បាន​ចូលរួម​ប្រជុំ​សភា និង​បំពេញការងារ​នៅក្នុង​វិមានរដ្ឋ​សភា​ នៅចន្លោះ​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៥ ខែវិច្ឆិកា ហើយក៏​បាន​ធ្វើដំណើរ​ទៅ​ខេត្ត​ស្ទឹងត្រែង​ផង​ដែរ​ កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ