រដ្ឋា​ភិបាល​​សម្រេច​​បិទ​​ក្រសួង​មហា​ផ្ទៃ​​ ក្រោយ​​រក​​ឃើញ​​មន្ត្រី​និង​​សាច់​ញាតិ​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ជា​បន្ត​បន្ទាប់​

ពលរដ្ឋធ្វើដំណើរពីមុខក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ (រូបថត៖ ហួត វុទ្ធី)

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេច​ផ្អាក​ការ​បំពេញការងារ​របស់​មន្ត្រី​នៅ​ក្រសួង​មួយ​នេះ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​មន្ត្រី​បម្រើការ​ងារនៅ​ក្រសួង​មួយ​នេះ និង​សាច់ញាតិ​របស់​ពួក​គេ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ជាបន្តបន្ទាប់។

លោក ស ខេង បានសម្រេច​បែបនេះ​នៅក្នុង​បទបញ្ជា​មួយ​ចេញ​នៅ​ថ្ងៃនេះ ដែល​លោក​ថា ធ្វើតាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ស ខេង និយាយ​ក្នុង​បទបញ្ជា​នោះ​ថា រូបលោក​សម្រេច​ចេញ​បទបញ្ជា ​«ផ្អាក​ការ​ចេញឬចូល​បំពេញការងារ​ជា​បណ្ដោះអាសន្ន​នៅក្នុង​បរិវេណ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ នៅ​តាម​អគ្គនាយក​ដ្ឋាននិង​អង្គ​ភា​ពនានាដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ ចាប់ពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី»

លោក ស ខេង បញ្ជាក់​ក្នុង​បទបញ្ជា​ថា សេចក្ដីសម្រេច​របស់​លោក គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ទៅដល់​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល និង​មន្ត្រី​ពន្ធនាគារ។

រដ្ឋមន្ត្រី​មហាផ្ទៃ​រូប​នេះ ក៏បាន​ណែនាំ​ផង​ដែរ​ទៅ​មន្ត្រី​រាជការ​ស៊ីវិល នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​ទាំងអស់ ដែល​បម្រើការ​ងារ​ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ ឱ្យទៅ​ផ្ដល់​សំណាក​សម្រាប់​ពិនិត្យ​រក​វីរុស​កូ​រ៉ូ​ណា​នៅ​ថ្ងៃនេះ​ក្នុង​បរិវេណ​ក្រសួង និង​រក្សាខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បែបនេះ ក្រោយពី​មន្ត្រី​បម្រើការ​នៅ​ស្ថាប័ន​មួយ​នេះ និង​សាច់ញាតិ​របស់​ពួក​គេ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ជាបន្តបន្ទាប់​ចាប់តាំងពី​ការ​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូង​កាលពី​ចុងខែ​វិច្ឆិកា​កន្លងមក​នេះ។

អគ្គនាយក​ពន្ធនាគារ លោក ឆែម សា​វុធ គឺជា​មន្ត្រី​ដំបូង​គេ​នៅ​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩កាលពី​ចុងខែ​វិច្ឆិកា បន្ទាប់ពី​ភរិយា​របស់​លោក​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា។

មនុស្ស​ដល់ទៅ៣២នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ គិត​ចាប់តាំងពី​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ