កម្ពុជា​​រក​​ឃើញ​​មនុស្ស​២​នាក់​​ទៀត​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ពាក់​ព័ន្ធ​​នឹង​​ករណី​​ឆ្លង​​ក្នុង​​សហ​គមន៍​

មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​នៅ​ហាង Pedro ក្រោយ​មាន​បុគ្គលិក​បម្រើការ​ងារ​នៅ​ហាង​នេះ​ម្នាក់​មាន​ផ្ទុក​កូ​វីដ១៩ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស២នាក់​ទៀត​ឆ្លង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ពួក​គេ​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មីនេះ ត្រូវ​បាន​រក​ឃើញ​លើ​បុរស​កម្ពុជា​ អាយុ២១ឆ្នាំ គឺ​ជា​អ្នក​ស្នាក់​ជាមួយ​បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​បម្រើការ​នៅ​ហាង​លក់​សម្លៀកបំពាក់ Pedro ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។

ចំណែក​​ស្ត្រី​កម្ពុជា ​អាយុ២៩ឆ្នាំ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា គឺជាម​ន្ត្រី​រាជការ​នៅ​ក្រសួងមហាផ្ទៃ ដែល​បាន​ចូល​ហាង​លក់​សម្លៀកបំពាក់ Zendro ស្ថិតនៅ​ក្នុង​ខណ្ឌ​បឹងកេងកង ​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា​កន្លងមក។

បើ​តាម​ក្រសួងសុខាភិបាល អ្នកជំងឺ​ទាំងពីរ​នាក់​នេះត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។

កម្ពុជា​កំពុង​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូងត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា។

រហូតមកដល់​ថ្ងៃនេះ មនុស្ស៣២នាក់​ហើយត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​កាលពី​ចុងខែ​មុន​នេះ។

មនុស្ស៣៤៨នាក់​ហើយត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ គិត​ចាប់តាំងពី​ចុងខែ​មករា​មក ជា​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ លើកដំបូង​ទៅលើ​បុរស​ជនជាតិ​ចិន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ