មេ​​បក្ស​​មួយ​​ទៀត​​ត្រូវ​​បាន​​ដក​​​​តំណែង​​ពី​​ឧត្ដម​​ក្រុម​​ប្រឹក្សា​​ពិគ្រោះ​យោបល់ ​បី​​​ថ្ងៃ​​ក្រោយ​​ដក​​ខ្លួន​​ពី​​ជម្លោះ​​ដី​​ធ្លី​​មួយ​

មេដឹកនាំ​គណបក្ស​នគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ គណបក្សនគរប្រជាធិបតេយ្យ)

មេដឹកនាំ​គណបក្ស​នគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ត្រូវ​បាន​​រដ្ឋាភិបាល​សម្រេច​ដក​ចេញ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​មេដឹកនាំ​បក្ស​នេះ បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ដំណើរការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ។

ក្នុង​ព្រះ​រាជក្រឹត្យ​ចេញ​នៅ​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​ សម្ដេច​ព្រះនរោត្ដម សីហមុនី បាន​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​លោក ចាន់ យ៉េត ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី​នោះ ពី​សមាស​ភាព​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់។

ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​​បញ្ចប់​តំណែង​មេដឹកនាំ​បក្ស​នយោបាយ​រូប​នេះ ​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ការ​បញ្ចប់​តំណែង​លោក ចាន់ យ៉េត បាន​កើត​ឡើង​ត្រឹម​តែ២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ដំណើរការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​មួយ​រវាង​ប្រជា​ពលរដ្ឋ២៣០​គ្រួសារ នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ និង​ក្រុមហ៊ុន​ឯកជន​មួយ។

លោក ចាន់ យ៉េត ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ​ថា លោក​សម្រេច​ដក​ខ្លួន​ចេញ មន្ត្រី​ជាន់​ខ្ពស់​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី បាន​ណែនាំ​លោក​ឱ្យ​ឈប់​លូក​ដៃ​ក្នុង​ដំណើរការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​មួយ​នេះ។

លោក ចាន់ យ៉េត គឺ​ជា​សមាសភាព​ទី​២​ នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​បញ្ចប់​តំណែង បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​ខ្មែរ​ក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចប់​តំណែង​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ