រដ្ឋា​ភិបាល​​ប្រមូល​​ថវិកា​​បាន​​ជាង​៣០​លាន មួយ​ថ្ងៃ​​ក្រោយ​​ប្រកាស​​ពី​​បំណង​​បញ្ជា​ទិញ​​វ៉ា​ក់​​សាំ​ង​កូ​វីដ​១៩​​

ក្រុម​គ្រូពេទ្យ​ក្នុង​ឯកសណ្ឋាន​ការពារ​កូ​វីដ១៩ បំពេញការងារ​យក​សំណាក​ពី​ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃម្សិលមិញ​ថា សប្បុ​រសជន​នា​នាបាន​បរិច្ចាគ​ថវិកា​ជាង៣០លាន​ដុល្លារ​ហើយ ត្រឹមតែ២ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​ឱ្យ​ដឹងពី​ការស្វែងរក​ទិញ​វ៉ា​ក់​សាំងប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩។

លោក ហ៊ុន សែន បាន​រៀបរាប់​ថា ការចូលរួម​ចំណែក​របស់​ប្រជាជន​កម្ពុជា​បែបនេះ មាន​ទំហំ​ធំធេង ដែល​លោក​ចាត់ទុកជា​ខឿន​ដ៏​រឹងមាំ​ការពារ​សុខភាព​របស់​ប្រជាជន។

មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នេះ​ថា លោក​បាន​ណែនាំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ឱ្យ​ជជែក​អំពី​ការ​ត្រៀម​កញ្ចប់​ថវិកា​សម្រាប់​បញ្ជាទិញ​វ៉ា​ក់​សាំងប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា លោក​បាន​ណែនាំ​ទៅ​រដ្ឋមន្ត្រី​ទាំងពីរ​ឱ្យ​ស្វែងរក​ជំនួយ​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ខណៈ​ដែល​កម្ពុជា​«នៅ​ក្រ​ខ្វះ​ថវិកា»សម្រាប់​ទិញ​បន្ថែម។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​លោក​មានបំណង​ទិញ​វ៉ា​ក់​សាំ​ងប្រឆាំង​កូ​វីដ១៩ ចំនួន១លាន​ដូ​ស ស​ម្រាប់​ចាក់​ជូន​ក្រុម​មនុស្ស​អាទិភាព ដូចជា ក្រុម​គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ពន្ធនាគារ។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​បំណង​បញ្ជាទិញ​វ៉ា​ក់​សាំងប្រឆាំង​កូ​វីដ១៩ ចំ​ពេល​ដែល​ប្រទេស​នេះ​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នៅក្នុង​សហគមន៍។

គិត​មកដល់​ថ្ងៃនេះ មនុស្ស៣៨នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​ដែល​ផ្ទុះឡើង​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា​កន្លងមក​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ