លោក​ ចាន់​ យ៉េ​ត​ មិន​​​ទោម​នស្ស​​ទេ​ ក្រោយ​​រដ្ឋា​ភិបាល​​ដក​ចេញ​​ពី​​ឧត្ដម​​ក្រុម​ប្រឹក្សា​​ពិគ្រោះ​និង​​ផ្ដល់​​យោបល់​

មេដឹកនាំ​គណបក្ស​នគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ គណបក្សនគរប្រជាធិបតេយ្យ)

​មេដឹកនាំ​គណបក្ស​ដ៏​តូច​មួយ​ដែល​បាត់បង់​តំណែង​ពី​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់​រដ្ឋាភិបាល​នោះ ប្រាប់​ថា លោក​សប្បាយចិត្ត​ចំពោះ​សេចក្ដីសម្រេច​បែបនេះ ហើយ​លោក​ថា ករណីនេះ​កើតឡើង​ដោយ​កំហុស​របស់​លោក។

ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េ​ត ត្រូវ​បាន​ព្រះមហាក្សត្រ​សម្ដេចព្រះបរមនាថ នរោត្ដម សីហ​មុនី ត្រាស់​បង្គាប់​បញ្ចប់​តំណែង​ពី​សមាសភាព​នៃ​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ កាលពី​ថ្ងៃម្សិលមិញ​នេះ ទៅតាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​ដក​តំណែង​មេ​បក្ស​មួយ​នេះ​ចេញពី​ក្រុម​ពិគ្រោះ​យោបល់​របស់​រដ្ឋាភិបាល​ បាន​កើតឡើង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះបន្ទាប់ពី​លោក​បាន​ប្រកាស​ដកខ្លួន​ពី​ដំណើរការ​ដោះស្រាយ​ទំនាស់​ដីធ្លី​មួយ​រវាង​ប្រជាពលរដ្ឋ២៣០គ្រួសារ ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ក្រុមហ៊ុន​ឯកជន​មួយ។

លោក ចាន់ យ៉េ​ត ប្រាប់​ថា លោក​មិន​អាក់អន់​ចិត្ត​ទៅ​នឹង​ការសម្រេច​ចិត្ត​បែបនេះ​ទេ ហើយ​លោក​ប្រាប់​ថា នេះ​គឺជា​កំហុស​របស់​លោក។

លោក ចាន់ យ៉េ​ត ប្រាប់​ថា៖ «ដោយសារតែ​ខ្ញុំ​បាន​ធ្វើ​បេសកកម្ម​ដោយ​មិនបាន​ធ្វើ​លិខិត​បេសកកម្ម​ចុះទៅ​តំបន់​បឹង​ជង្រុក ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ដោយសារតែ​ខ្ញុំ​ឆកល្វែង​ត្រង់​ចំណុច​ហ្នឹងឯង ក៏ប៉ុន្តែ ខ្ញុំ​ក៏​មិន​អាក់អន់​ចិត្តនឹង​ការ​ដក​តំណែង​ហ្នឹង​ដែរ។ ខ្ញុំ​សប្បាយចិត្ត​ទៅវិញ​ទេ»។

មេ​បក្ស​រូប​នេះ អះអាង​ថា អនុប្រធាន និង​អគ្គលេខាធិការ​បក្ស​របស់​លោក នឹង​បន្ត​ស្ថិតនៅ​ជាស​មាស​ភាព​នៅក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់​រដ្ឋាភិបាល​នេះ​ដដែល បើ​ទោះជា​លោក​ត្រូវ​បាន​ដក​តំណែង​ក្ដី។

នៅក្នុង​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ជាង១ឆ្នាំ លោក ចាន់ យ៉េ​ត អះអាង​ថា ប្រតិភូ​គណបក្ស​របស់​លោក ដោះស្រាយ​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​បាន​ប្រហែល៣០ករណី។

នៅក្នុង​ឧត្ដម​ក្រុមប្រឹក្សា​មួយ​នេះ លោក ចាន់ យ៉េ​ត មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី ដែល​មានន័យថា លោក​ទទួល​បាន​ប្រាក់ខែ​ជាង២លាន​រៀល ឬប្រហែល​ជាង៥០០ដុល្លារ​អាមេរិក។

លោក ចាន់ យ៉េ​ត គឺជា​អនុប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ដឹកនាំ​ដោយ​ប្រធាន​បក្ស អ្នកស្រី សុខ​រ័ត្ន សុ​វណ្ណ​បញ្ចៈ​សីលា។

អ្នកស្រី សុ​វណ្ណ​បញ្ចៈ​សីលា គឺជា​អតីត​សមាសភាព​មួយ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​មួយ​នេះ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ដូច​ទៅ​នឹង​មេដឹកនាំ​បក្សនយោបាយ១៤រូប​ទៀតផង​ដែរ។

អ្នកស្រី សុ​វណ្ណ​បញ្ចៈ​សីលា ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​តំណែង​ពី​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នៅ​ខែមេសា​ឆ្នាំមុន មួយ​សប្ដាហ៍​ក្រោយពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជុំវិញ​ការ​ចោទ​ថា «បាន​បំផុសបំផុល» ប្រជាពលរដ្ឋ​ឱ្យ​កាន់កាប់​ដី​ស្ថិត​ក្នុង​ឧទ្យានជាតិ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ។

លោក ចាន់ យ៉េ​ត ប្រាប់​ថា លោក​បាន​ក្លាយជា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ហើយ​បន្ទាប់មក​ បក្ស​នេះបាន​ប្ដូរ​ឈ្មោះ​ទៅជា​គណបក្ស​«នគរ​ប្រជាធិបតេយ្យ​»កាលពី​ខែតុលា ឆ្នាំ២០១៩កន្លងមក។

មុន​ចូល​ប្រឡូក​ក្នុង​នយោបាយ​ចាប់តាំងពី​ឆ្នាំ២០១១មក លោក ចាន់ យ៉េ​ត ប្រាប់​ថា លោក​គឺជា​អតីត​ទាហាន​ខ្មែរក្រហម​មួយ​រូប​ស្ថិត​ក្រោម​បញ្ជាការ​របស់​លោក អ៊ី ឈាន អតីត​មេទ័ព​របស់​ក្រុម​ខ្មែរក្រហម​នៅ​តំបន់​ប៉ៃលិន ដែល​ក្រោយមក ​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតាំង​ជា​អភិបាលខេត្ត​ប៉ៃលិន ​ចាប់តាំងពី​ឆ្នាំ២០០៣មក។

លោក ចាន់ យ៉េ​ត ប្រាប់​ថា៖ «ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង ជា​កូនកំព្រា។ ខ្ញុំ​ជា​ទាហាន​រហូត។ បើ​និយាយទៅ ខ្ញុំ​ជា​ទា​ហា​នប៉ា​រ៉ា ​[ក្រោម​បញ្ជាការ​លោក សាក់ ស៊ុត​សា​ខន​] ខ្មែរក្រហម ទាហាន​ខ្មែរ។ វាយគ្នា​ចុះ​ឡើង​ៗ ខ្មែរក្រហម​ចាប់បាន ធ្វើជា​ទាហាន​ខ្មែរក្រហម ជា​អង្គរក្ស​វរ​សេនា​ធំ១៧ កងពល២២៥ របស់​តា ឈាន»។

ក្រោយ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ១៩៩៨ លោក ចាន់ យ៉េ​ត បាន​ក្លាយទៅជា​កសិករ ហើយ​លោក​ថា គ្មាន​សមាជិក​ណា​ម្នាក់​នៃ​គ្រួសារ​របស់មាន​ប្រវត្តិ​ជា​អ្នកនយោបាយ​ទេ ប៉ុន្តែលោក​ប្រាប់​ថា៖

«ក្រោយមក ខ្ញុំ​ក៏​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ហ្វឹកហ្វឺន​នយោបាយ ឱ្យ​បង្កើត​គណបក្ស​ហ្នឹងឯង»។

លោក ចាន់ យ៉េ​ត គឺជា​មេ​បក្ស​ទី៣ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដកចេញ​ពី​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ បន្ទាប់ពី​អ្នកស្រី សុខ​រ័ត្ន សុ​វណ្ណ​បញ្ចៈ​សីលា និង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វឌ្ឍនា​សា​ប៊ុ​ង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ