ការ​បង្ហូរទឹក​ស្អុយ​ចូល​ព្រែក​កំពត​ បង្កក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ពលរដ្ឋ​ក្នុង​តំបន់​នោះ​

លូ​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ចាក់​ក្នុង​ព្រែក «កំពង់បាយ» ឬឈ្មោះ​ដែលគេ​និយម​ហៅ «ព្រែក​កំពត» ស្ថិតនៅ​ក្រុង​កំពត ខេត្តកំពត មាន​ចម្ងាយ​ប្រមាណ៦០ម៉ែត្រ​ពី​គល់​ស្ពាន​ព្រែក​កំពង់បាយ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។ (គៀត សុរិ​ទ្ធ​ធា​វី​)

ទឹក​កខ្វក់​លាយឡំ​ជាមួយ​សំរាម​នៅតែ​ត្រូវ​បាន​បង្ហូរ​តាម​លូ​ជាច្រើនទីតាំង​ចូល​ទៅ​ព្រែក​មួយ​កន្លែង​ក្នុង​ក្រុង​កំពត ខេត្តកំពត និង​ចោទ​ជា​បញ្ហា​ទៅលើ​បរិស្ថាន សុខភាព​របស់​ពលរដ្ឋ និង​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ជាប់​ដែនសមុទ្រ​មួយ​នេះ។

ព្រែក «កំពង់បាយ» ឬឈ្មោះ​ដែលគេ​និយម​ហៅ «ព្រែក​កំពត» ស្ថិតនៅ​ក្រុង​កំពត ខេត្តកំពត មាន​ចម្ងាយ​ប្រមាណ៦០ម៉ែត្រ​ពី​គល់​ស្ពាន​ព្រែក​កំពង់បាយ។ ព្រែក​កំពង់បាយ ​លាតសន្ធឹង​ប្រមាណ​ជាង២៤ ០០០ម៉ែត្រ និង​មាន​មាត់​ព្រែក​ប្រហែលជា២៦៨ម៉ែត្រ នៅក្នុង​ទីរួមខេត្ត​កំពត និង​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ការរស់នៅ​ប្រចាំថ្ងៃ ជាពិសេស​ការ​នេសាទ​សមុទ្រ។

ស្ថានភាព​ផ្នែក​ខ្លះ​ទាក់ទង​នឹង​បញ្ហា​ដែល​កំពុង​ប្រឈម​កើតឡើង​នៅ​ព្រែក «កំពង់បាយ» ឬឈ្មោះ​ដែលគេ​និយម​ហៅ «ព្រែក​កំពត» ស្ថិតនៅ​ក្រុង​កំពត ខេត្តកំពត មាន​ចម្ងាយ​ប្រមាណ៦០ម៉ែត្រ​ពី​គល់​ស្ពាន​ព្រែក​កំពង់បាយ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ (គៀត សុរិ​ទ្ធ​ធា​វី​)

ក្នុង​នោះ ការ​ផ្គត់ផ្គង់​ប្រភព​ទឹក​ប្រើប្រាស់ និង​ផល​ប៉ះពាល់​លើ​ជីវៈចម្រុះ​នៅតែ​ជួប​បញ្ហា​ប្រឈម ដោយសារ​ការ​បង្ហូរទឹក​លូ​កខ្វក់​ចូលក្នុង​ព្រែក និង​បាន​ធ្វើ​ឱ្យ​ទឹកព្រែក​នោះ​កាន់តែ​កខ្វក់ និង​ជះក្លិន​ស្អុយ​នៅ​តំបន់​មួយចំនួន​នៅក្នុង​ទីក្រុង ដែល​ទើបតែ​ទទួល​បាន​ពានរង្វាន់​ផ្កា​បៃតង កាលពី​បុណ្យ​សមុទ្រ​នា​ពេល​ថ្មី​ៗកន្លងមក​នេះ។

ជា​អ្នកនេសាទ​ជនជាតិ​ឥស្លាម ​អស់​រយៈពេល​ជាង២០ឆ្នាំ​មក​ហើយ លោក ម៉ាត់ រីម បាន​រៀបរាប់និង​បង្ហាញ​ពី​ក្តី​បា​រម្ភ​ចំពោះ​ផល​ប៉ះពាល់​កើត​ចេញពី​ការ​បង្ហូរទឹក​កខ្វក់​ចូលក្នុង​ព្រែក។ គាត់​បាន​ប្រាប់​ពី​ផលវិបាក​ក្នុង​ការ​បង្ហូរទឹក​កខ្វក់​ចូល​ព្រែក​ថា វា​បាន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​ផល​នេសាទ ដោយសារ​ទឹកព្រែក​នា​ពេល​បច្ចុ​ប្ប​ន្ននេះ​ ពោរពេញ​ដោយ​សំរាមនិង​ថង់​ប្លាស្ទិក។

លោក ម៉ាត់ រីម រៀបរាប់​ថា៖ «ពីមុន​ គ្រាន់បើ​ជាង​ឥលូវ​បន្ដិច អត់​សូវ​មាន​ត្រី​ មាន​ក្ដាម។ តាមខ្ញុំ​ស្មាន​មើល ​វា​ប្រហែលជា​ប៉ះពាល់ លូ​គេ​បង្ហូរ​ចូល​ហ្នឹង​ទាំងអស់ ដោយ​អា​ថង់​ប្លា​ស្ទិក​យើង​ហ្នឹង​ខ្លាំង​ណាស់ លើក​មក​ម្ដង​ៗ ពេញ​លប​ទាំងអស់»។ 

ស្រដៀងគ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ម្នាក់ទៀត លោក ម៉ាត់ ប៊ូលឹ​ម ដែល​ជា​អ្នកលក់​ផ្លែឈើ​នៅ​តាម​មាត់​ព្រែក​កំពត​នេះ បាន​ត្អូញត្អែរ​ពី​បញ្ហា​ក្លិនស្អុយ​ភាយ​ចេញពី​ទឹកព្រែក​កំពត​ ដោយ​លោក​ថា វា​បាន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​រស់នៅ​ជុំវិញ​តំបន់​នេះ រួម​ទាំង​ខ្លួន​លោក​ផ្ទាល់។ បន្ថែម​លើស​ពីនេះ លោក​យល់ថា បញ្ហា​ទឹក​កខ្វក់​នេះ ក៏​ជា​មូលហេតុ​មួយ​ជំរុញ​ឱ្យមានការ​បាត់បង់​ភ្ញៀវ​ទេសចរដែល​មក​កម្សាន្ដ​នៅ​តំបន់​មាត់​ព្រែក​កំពត​នេះ។ 

លោក ម៉ាត់ ប៊ូលឹ​ម លើកឡើង​ថា៖ «ពេលណា​ខ្យល់បក់​មក ​យើង​អាច​ធំ​ក្លិន​ម្ដងម្កាល ធុំក្លិន​ខ្លាំង ​ប៉ះពាល់​ខ្លាំង​ដែរ​! ហើយរឿង​បា​រម្ភ បា​រម្ភហើយ​បង​! អាហ្នឹង​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ខ្លាំង​ណាស់ ​បង​ធុំក្លិន​ស្អុយ […] បា​រម្ភ​ថា វា​ប៉ះពាល់​ដល់​ខេត្ត​របស់​យើង វា​អាច​បាត់បង់​ភ្ញៀវ​ទេសចរ​ដែរ បញ្ហា​អ៊ីចឹង​ៗ មើលទៅ​វា​អត់មាន​អ្នក​ខ្វាយខ្វល់ បាត់បង់​ភ្ញៀវ​ទេសចរ​ដែល​គាត់​មកលេង​កម្សាន្តនិង​បញ្ហា​សុខភាព​យើង»។

លោក ម៉ាត់ ប៊ូលឹ​ម រិះគន់​ថា អាជ្ញាធរ​មិនសូវ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​នេះ​ទេ ជាពិសេស អ្នក​រស់នៅ​ក្បែរ​តំបន់​នេះ ដែល​មកទល់​ពេលនេះ មិនទាន់​មាន​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​ពី​អាជ្ញាធរ​ឡើយ។ លោក​បន្ដ​ថា ប្រជាពលរដ្ឋនិង​អាជីវករ​លក់ដូរ​នៅ​តាម​មាត់​ព្រែក​កំពត បាន​ជួប​បញ្ហា​ក្លិន​មិនល្អ ដែល​ប៉ះពាល់​ដល់​អារម្មណ៍និង​សុខភាព​របស់​ពួក​គេ។ 

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «បញ្ហា​ហ្នឹង​! ចង់​ឱ្យអាជ្ញាធរ​ដែល​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង​ គាត់​យកចិត្ត​ទុកដាក់​ផង​បាទ​! ក្នុង​ចំណុច​ហ្នឹង ប៉ះពាល់​ ព្រោះ​ជួនកាល​អារម្មណ៍​វា​រាង​មួម៉ៅ ដែល​ពេល​ក្លិន​មក​ម្ដង​ៗ អ៊ីចឹង​វា​ស្អុយ​ម្ដង​ៗ ប៉ុន្តែ​ពេលខ្លះ​ ពួក​គាត់​អត់​ហ៊ាន​និយាយ​ពី​បញ្ហា​ហ្នឹង​! ព្រោះ​បើ​និយាយទៅ ​ក៏​គេ​មិន​ស្ដាប់​យើង​ដែរ វា​ទាមទារ​ឱ្យ​យើង​សហការ​គ្នា»។

អ្នកស្រី ស៊ឹម ស៊ី​ថូ ជា​ម្ចាស់​ទីតាំង​រី​សត​លំ​ហែ​កំពត​នៅ​តំបន់​មាត់​ព្រែក រៀបរាប់​ថា ប្រជាជន​នៅ​តំបន់​មាត់​ព្រែក​កំពត​ផ្ទាល់​តែម្តង គឺជា​ដើមចម​បង្ក​ឱ្យ​មាន​បញ្ហា​ទឹក​កខ្វក់ បូករួម​ទាំង​មិនសូវ​យកចិត្ត​ទុកដាក់​របស់​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើ​ឱ្យ​មានការ​បំពុល​មាត់​ព្រែក​នេះ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង។

អ្នកស្រី ស៊ឹម ស៊ី​ថូ រៀបរាប់​បន្ដ​ថា៖ «ប្រជាជន​យើង​មាន​ទំនៀម​ទម្លាប់ ឥរិយា​ថ អាត្មានិយម​ អត់​គិត​ថ្ងៃក្រោយ គិតតែ​មួយ​ពេល​ហ្នឹង​អ៊ីចឹង។ នៅពេល​ទៅ​ហ្នឹង​ ជិះទូក​តាម​ព្រែក​មើលទៅ​ឃើញ​ហើយ បង្គន់​ម្នា​ក់ៗសុទ្ធតែ Direct ចូលក្នុង​ព្រែក​ទាំងអស់ អ្នកខ្លះ​ទៅ​ធ្វើ​បង្គន់​ចំពី​លើ​ព្រែក ​ជុះអាចម៍​ដូច​តាំងពី​ឆ្នាំ៩០ជាង​អ៊ីចឹង»។ 

អ្នកស្រី ស៊ឹម ស៊ី​ថូ ក៏​លើកឡើង​ពី​ចំនុច​អវិជ្ជមាន​នៃ​ការ​មិន​យកចិត្ត​ទុកដាក់​ពី​ដែន​សមត្ថកិច្ច​នៅក្នុង​តំបន់ចំពោះការ​ចុះ​ត្រួតពិនិត្យនិង​ធ្វើការ​វាយតម្លៃ​អ្វី​នោះ​ទេ ដោយ​អ្នកស្រី​បាន​រៀបរាប់​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​សំរាមនិង​ការ​បំពុល​ទឹកមាត់​ព្រែកដែល​នៅតែ​បន្ត​កើតមានឡើង​ឥត​ឈប់ឈរ។

អ្នកស្រី​បន្ថែម​ថា៖ «ការ​សហការ​ពី​អាជ្ញាធរ​ដែនដី​នៅ​ហ្នឹង​ មើលទៅ​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ដែល​ខ្ញុំ​ចូល​ទៅ មិន​មានការ​អប់រំ​ណែនាំ​ពី​អាជ្ញាធរ។ ឧទាហរណ៍ ​ឃើញ​យើង​ធ្វើ​កន្លែង​អ៊ីចឹង យើង​មិនថា​គេ​ទៅ​រឹ​តបន្ដឹង​ទេ ប៉ុន្តែ​យ៉ាងហោចណាស់​ ក៏​គេ​ចុះទៅ​សួរនាំ​យើង។ អូ​! ឥលូវ​ការគ្រប់គ្រង​ទឹក​កខ្វក់​ យើង​ធ្វើ​ម៉េច អី​ធ្វើ​ម៉េច ការអប់រំ​អ្នកភូមិ​ពី​ការ​បំពុល​ទឹក​ហ្នឹង​យ៉ាងម៉េច ឃើញ​អ្នកភូមិ​ធ្វើ​ផ្ទះ ធ្វើ​បង្គន់​ដាក់​លូ Direct ចូលក្នុង​ព្រែក​ហ្នឹង​! យើង​ឃើញ យើង​អ៊ីចឹង​ទៅណា មិនដឹង​ហ៊ាន​និយាយ​ថាម៉េច»។ 

ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នេះ ​រាយការណ៍​ថា ក្លិនស្អុយ​ស្ទើរ​ទ្រាំមិនបាន​នេះ គឺជា​ក្លិន​លូ​ដែល​បង្ហូរ​ចេញពី​ផ្សារ​សាមគ្គី​ ចាក់​ចូល​ព្រែក​កំពត ហើយ​មួយចំនួន​ទៀតគឺ​លូ​តូច​ៗបង្ហូរ​មក​ពី​កន្លែង​អាជីវកម្ម ផ្ទះសំណាក់ និង​សណ្ឋាគារ​ដែល​នៅ​ជាប់​តំបន់​មាត់​ព្រែក​នេះ​តែម្ដង។

ប្រជានេសាទម្នាក់រៀបចំបង់សំណាញ់ចាប់ត្រី នៅតំបន់ព្រែកកំពង់បាយ ឬ ព្រែកកំពត ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។ (គៀត សុរិ​ទ្ធ​ធា​វី​)

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តកំពត លោក ស៊ុយ ធា ទទួលស្គាល់​ថា ​ទឹក​កខ្វក់​បាន​ហូរ​ចូល​ព្រែក​កំពត​មែន តាមរយៈ​ប្រព័ន្ធ​លូ​ចំនួន១៤ខ្សែដែល​បន្សល់​តាំងពី​សម័យ​បារាំង​គ្រប់គ្រង​មក​ម្ល៉េះ។ លោក​អះអាង​ថា អាជ្ញាធរ​ធ្លាប់​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​សិក្សា​ពី​គម្រោង​បញ្ចៀស​ទឹក​ស្អុយ​ចេញពី​ព្រែក​កំពត​ដែរ ប៉ុន្តែ​គម្រោង​សិក្សា​ត្រូវ​ចំណាយ​ថវិកា​ច្រើន ទើបត្រូវ​បរាជ័យ​ទៅវិញ។

លោក ស៊ុយ ធា អះអាង​ទៀត​ថា អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី ហៅ​កាត់​ថា ADB កំពុង​សិក្សា​ពី​គម្រោង​ចម្រោះ​ទឹក​ស្អុយ និង​បង្វែរ​ចេញពី​ក្រុង​កំពត ​នា​ពេល​ខាងមុខ។ ម្យ៉ាងទៀត លោក​ថា រដ្ឋាភិបាល​ក៏​គ្រោង​ប្រើប្រាស់​ដី​ទំហំ១០ហិ​កតា ដើម្បី​ធ្វើជា​អាង​ចម្រោះ​ទឹក​ស្អុយ មុននឹង​បង្ហូរទឹក​នោះ​ទម្លាក់​ទៅកាន់​ព្រែក «ក្បាលរមាស»

លោក ស៊ុយ ធា អះអាង​ថា៖ «ខាង ADB កំពុង​ចាប់ផ្តើម​ធ្វើ​អាហ្នឹង​ហើយ ប្រហែលជា​នៅ​ឆ្នាំ២០២១ នឹង​ធ្វើ​ហើយ​ជាស្ថាពរ យើង​បណ្តោះ​ទឹក​ស្អុយ​ចេញពី​ក្រុង​កំពត​បាន​អស់ហើយ»។

នាយក​ស្ដីទី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ និង​ស្រ្តី​នៅ​កម្ពុជា​ ប្រចាំ​នៅ​ខេត្តកំពត លោក វិត ស៊ី​ណន មានប្រសាសន៍​ថា បញ្ហា​លូ​ទឹក​ស្អុយ​បង្ហូរ​ចូល​ព្រែក​កំពត​នេះ កើត​ចេញពី​សកម្មភាព​អាជីវកម្មនិង​កង្វះ​ការយល់​ដឹង​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ ដែល​មិនបាន​គិត​គូ​រដល់​ផល​ប៉ះពាល់​រយៈពេល​វែង​ទៅលើ​បរិស្ថាន​នា​ថ្ងៃ​អនាគត។ ម្យ៉ាងទៀត លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​មិនទាន់​មាន​វិធានការ​ទប់ស្កាត់​ឱ្យមានប្រសិទ្ធភាព​ និង​ជំរុញ​ឱ្យភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយនៅឡើយ។ 

លោក វិត ស៊ី​ណន បន្ដ​ថា៖ «ដំណោះស្រាយ គឺ​បង្កើន​ការអប់រំ​នៅ​តំបន់​ហ្នឹង។ ដោយសារ​ថា ពេលខ្លះ គាត់​មិនបាន​គិត​ពី​ផល​ប៉ះពាល់​ធំ​រួមគ្នា​ហ្នឹង​មាន​វិសាលភាព​ប៉ុណ្ណា​ទេ ប្រសិនបើ​យើង​មិនបាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត​ហ្នឹង»។

លោក វិត ស៊ី​ណន សង្កេតឃើញ​ថា លូ​ទឹក​ស្អុយ​បង្ហូរ​ចូល​ព្រែក​កំពត​នេះ ​បង្ក​ជា​ផលវិបាក​មួយចំនួនដូចជា បង្កើត​ជា​ហានិភ័យ​ទៅលើ​ជីវ​ចម្រុះ​ក្នុងទឹក​សមុទ្រ បន្ថយ​ទិន្នផល​នេសាទ ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ចនិង​ទេសចរណ៍ និង​បម្រែបម្រួល​អាកាសធាតុ​ ជាដើម។ 

លោក​យល់ថា អាជ្ញាធរនិងមន្ត្រី​ពាក់ព័ន្ធ​គួរ​សហការ​គ្នា​រៀបចំ​គម្រោង​សិក្សា​ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​ការ​បង្ហូរទឹក​ស្អុយ​ចូល​ព្រែក​កំពត​នេះ រួម​ទាំងវិធានការ​អប់រំនិង​ផ្សព្វផ្សាយ​ផ្សេងទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យមានប្រសិទ្ធភាព។ 

លោក វិត ស៊ី​ណន បន្ដ​ថា៖ «បើ​តាមយោបល់ខ្ញុំ យើង​ត្រូវឱ្យមានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ គឺ​មន្ទីរ​ពាក់ព័ន្ធ​តាម​ផ្នែក​ពាក់ព័ន្ធ ឱ្យពួក​គាត់​ធ្វើ អញ្ចឹង​ពួក​គាត់​ដឹង ហើយ​គាត់​ឯកភាព​ទៅលើ​លទ្ធផល ដោយមាន​ការសម្រប​សម្រួល​ពី​យើង​អញ្ចឹង»។

សកម្មជន​បរិស្ថាន កញ្ញា លឹម គឹ​មស័រ លើកឡើង​ថា បញ្ហា​បង្ហូរទឹក​កង្វក់​ចូល​ព្រែក​ចូល​សមុទ្រ​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​កញ្ញា​លើក​ឧទាហរណ៍​ដទៃទៀត​ដែល​កើតមាន​នៅ​ក្រុង​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។

កញ្ញា​រិះគន់​ថា អាជ្ញាធរ​មិនសូវ​ខ្វល់ខ្វាយនិង​ចាត់វិធានការ​រៀបចំ​ទុកដាក់​ជាមុន​ដើម្បី​ទប់ស្កាត់​បញ្ហា​នោះ​ទេ ដូចជា​ ការរៀបចំ​អាងស្តុកទឹកឬក៏​ទីកន្លែង​ចម្រោះ​ទឹក​កខ្វក់​មុន​បង្ហូរ​ចូល​ព្រែក និង​ថា ទាល់តែ​មានការ​រិះគន់​ខ្លាំង​ពី​ប្រជាជន ទើប​ចាប់ផ្តើម​រិះរក​វិធានការ​ដោះស្រាយ។ 

កញ្ញា លឹម គឹ​មស័រ បន្ដ​ថា៖ «វា​ជា​រឿង​ដដែល​ៗ វា​មិន​ខុសពី​កំពង់សោមឬក៏​នៅ​ភ្នំពេញ​អី​ទេ​បង! ព្រោះ​ការ​បង្ហូរ​ចូល​ទឹក​ស្អុយ​ហ្នឹង ពី​ដំបូង​ឡើយ ​អាជ្ញាធរគាត់​ហាក់ដូចជា​អត់​ខ្វល់ គាត់​អត់​ព្រម​ធ្វើ​អា​កន្លែង​ចម្រោះ​ទឹក​អីហ្នឹង ឱ្យ​បាន​ត្រឹមត្រូវ​ទេ​! ទាល់តែ​គាត់​បង្ហូរ​ចូល​ហើយ ប្រជាជន​ស្រែក​តវ៉ា​អ៊ីចឹង​ទៅ បាន​គាត់​ចាប់ផ្តើម​ធ្វើ​កន្លែង​ចម្រោះ​ទឹក»។

សកម្មជន​ឃ្លាំមើល​បញ្ហា​បរិស្ថាន​រូប​នេះ ​ក៏​អំពាវនាវ​ទៅ​អាជ្ញាធរនិង​ពលរដ្ឋ​ពិចារណា​ឡើងវិញ​អំពី​សកម្មភាព​របស់​ខ្លួនដែល​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ដោយ​ថា បញ្ហា​នេះ​មិនមែន​ជា​ទំនួល​ខុសត្រូវ​របស់​អាជ្ញាធរ​ទាំងស្រុង​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ក៏​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ទឹក​ស្អុយ​ហូរ​ចូល​ព្រែក​កំពត​នេះ​ផង​ដែរ។ 

កញ្ញា លឹម គឹ​មស័រ បន្ថែម​ថា៖ «ខាង​អាជ្ញាធរ​គួរ​គិត​ឡើងវិញ ហើយ​គួរតែ​រៀបចំ​អា​ប្រព័ន្ធ​ចម្រោះ​ទឹកឬក៏​កន្លែង​ស្តុក​ទឹក​កខ្វក់ កន្លែងណា​ផ្សេង​ពី​តំបន់​ទេសចរណ៍​ហ្នឹង​ បង! វា​ពិបាក​ដែរ ដោយសារតែ​បញ្ហា​ហ្នឹង គឺ​មិនមែន​តែ​អាជ្ញា​ធរ​ទេ ប្រជាពលរដ្ឋ​ដែល​គាត់​រស់នៅ​តំបន់​ហ្នឹងឬក៏​អ្នក​ដែល​បង្ហូរទឹក​ពី​ហ្នឹង គាត់​គួរ​យល់​ដែរ ​អ៊ីចឹង​ណា! គាត់​គួរតែ​សំណូមពរ​ទៅ​អាជ្ញា​ធរ ឬក៏​គាត់​គួរតែ​រៀបចំកន្លែង​បង្ហូរទឹក​ហ្នឹង​ផ្សេងក្រៅពី​ព្រែក​កំពត​អ៊ីចឹង»។

វេជ្ជបណ្ឌិត​ផ្នែក​សុខភាព​ទូទៅ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មួយ​នៅ​រាជធានី​ភ្នំពេញ លោក ជូ ចាន់​ឬទ្ធិ ពន្យល់​ថា កាកសំណល់និង​ទឹក​កខ្វក់​ដែល​មាន​សារធាតុគីមី អាច​បង្ក​ជា​មេរោគ​បាន។ លោក​បន្ដ​ថា តាមរយៈ​ការ​ប៉ះពាល់​ជាមួយ​ទឹក​កខ្វក់​នេះ មេរោគ​នឹង​ធ្វើ​ឱ្យ​រលាក​ស្បែក ថែមទាំង​អាច​ជ្រាបចូល​ទៅ​បង្ក​ជា​ដំបៅ និង​បង្កើត​ជា​សត្វល្អិត​ក្នុង​ពោះវៀន​មនុស្ស។

លោក ជូ ចាន់​ឬទ្ធិ មានប្រសាសន៍​បន្ដ​ថា៖ «មេរោគ​ខ្លះ​នៅក្នុង​ទឹក រួច​ភាយ​មេរោគ​នោះ​ទៅតាម​ខ្យល់អាកាស​ក៏មានដែរ ព្រោះ​បាក់តេរី​មួយចំនួន​វា​តូច​ៗ មើល​មិនឃើញ​ទេ»។

កាលពី​​ដើមខែ​មីនា ឆ្នាំ២០២០ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះហត្ថលេខា​លើ​អនុស្សរ​ណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​វា​វី​អគ្គិសនី​កំចាយ Sinohydro របស់​ចិន ក្នុង​ការ​កសាង​ទំនប់​បង្ហៀរទឹក​នៅ​ព្រែក​កំពង់បាយ ក្រុង​កំពត​នេះ ដែល​គិតជា​ទឹកប្រាក់​សរុប៨០ម៉ឺន​ដុល្លារ​អាមេរិក។

បន្ទាប់ពី​ទំ​បន់​បង្ហៀរ​ទីមួយ​នេះ រដ្ឋាភិបាល​អះអាង​ថា ក៏​គ្រោង​ប្រើប្រាស់​ថវិកា​របស់​ខ្លួន​ក្នុង​ការ​បន្ដ​សាងសង់​ទំនប់​ទី២ នៅ​ផ្នែក​ខាងក្រោម ដែល​ថា គម្រោង​នេះ​នឹង​គិត​គូ​រដល់​កិច្ចការពារ​បរិស្ថាននិង​ផល​ប៉ះពាល់​សង្គម។ 

យោង​តាម​ព័ត៌មាន​នៃ​កម្មវិធី​អនាម័យ​ទឹក​ស្អាត​របស់​អង្គការសុខភាព​ពិភពលោក (WHO​) បាន​បង្ហាញថា ការប្រើ​ប្រាស់​ទឹក​កខ្វក់​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​ដូចជា ជំងឺរាក​រូស ជំងឺគ្រុនចាញ់ មេរោគ​ដល់​ស្បែក និង​ជំងឺ​ជាច្រើន​មុខ​ទៀត​ទាក់ទង​ទៅ​នឹង​ក្រពះពោះវៀន​ដែល​បង្ក​មក​ពី​ដង្កូវ​បារ៉ាស៊ីត​នៅក្នុង​ទឹក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នឹង​មាន​ជួបប្រទះ​បញ្ហា​នៅពេល​ដែល​ប្រភព​ទឹក​ត្រូវ​បាន​បំពុល វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់រុក្ខជាតិ និង ភាវៈ​មានជីវិត​ដែល​រស់នៅ​ក្នុងទឹក​នោះ​ផង​ដែរ​៕

អត្ថបទដោយ៖ គៀត​ សុរិទ្ធធាវី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ