សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ឃ្លាំងស្តុកសម្ភារទំហំជាង១ ៥០០ម៉ែត្រការ៉េ នៃក្រុមហ៊ុនមួយស្ថិតនៅឃុំរកាកោះ ស្រុកគងពិសី ត្រូវបានភ្លើងឆាបឆេះទាំងស្រុងនៅព្រឹកថ្ងៃនេះ។
អធិការនគរបាលស្រុកគងពិសី លោក ឃឹម សុផាន់រ៉ា ប្រាប់ថា ឃ្លាំងស្តុកសម្ភាររបស់ក្រុមហ៊ុន អ៊ិនធ័រណាស៊ិនណាល យូនៀន អ៊ិនដាស្ទ្រី ស្ថិតនៅភូមិព្រៃខ្វា ត្រូវភ្លើងឆាបឆេះនៅម៉ោង១០ព្រឹកថ្ងៃនេះ មុននឹងត្រូវគ្រប់គ្រងបាននៅវេលាថ្ងៃត្រង់នេះ បន្ទាប់ពីប្រើប្រាស់ទឹកបាញ់ពន្លត់អស់២០គ្រឿង។
អធិការនគរបាលរូបនេះ បានឱ្យដឹងទៀតថា សម្ភារជ័រទាំងអស់ដែលស្តុកទុកក្នុងឃ្លាំង មានដូចជា ស្នោ និងកាវ ជាដើម ត្រូវភ្លើងឆេះទាំងស្រុង ហើយថា ឃ្លាំងនោះជាកម្មសិទ្ធិរបស់ស្ត្រីជនជាតិចិន អ្នកស្រី Xiao Xiji។
លោក ឃឹម សុផាន់រ៉ា ប្រាប់ថា ទំហំនៃការខូចខាតដោយសារអគ្គិភ័យនេះ មិនត្រូវបានម្ចាស់ប្រាប់ឱ្យដឹងនៅឡើយទេ ហើយភ្លើងឆាបឆេះឃ្លាំងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងឃ្លាំង៕