អ្នក​នាំ​ពាក្យ​​ថា​ បុរស​​ម្នាក់​​ធ្លាក់​​ពី​ទី​តាំង​​ចត្តា​ឡីស័ក​​ក្នុង​​សណ្ឋា​គារ​​មួយ​​ដោយ​សារ​​រវើ​រវាយ​​នឹង​​ថ្នាំ​ញៀន​​

សកម្មភាពរបស់ក្រុមបុគ្គលិក និងគ្រូពេទ្យ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ (រូបភាព៖ ហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន បានឱ្យ​ដឹង​ថា បុរស​កម្ពុជា​ម្នាក់​ដែល​លោត​ចុះពី​ទី​តាំង​ចត្តាឡីស័​កក្នុង​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃម្សិលមិញ​នេះ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ១៩នោះ​ឡើយ ដោយ​ថា ជា​«រឿង​ផ្ទាល់ខ្លួន»របស់​បុរស​រូប​នោះ។

អ្នកស្រី វណ្ណ​ឌីន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា បុរស​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ កាលពី​ថ្ងៃម្សិលមិញ​នេះ បន្ទាប់ពី​បុរស​រូប​នោះបាន​លោត​ពីទី​តាំង​ចត្តាឡីស័​កនៅក្នុង​សណ្ឋាគារ ឡុង លីវ នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

អ្នកស្រី ឱ វណ្ណ​ឌីន បាន​ប្រាប់​ថា បុរស​កម្ពុជា​ម្នាក់​នោះត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅក្នុង​សណ្ឋាគារ​​តាំងពី​ថ្ងៃទី២ ខែធ្នូ ហើយ​លទ្ធផល​តេ​ស្ត​របស់​គាត់​បញ្ជាក់​ថា គាត់​មិន​មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នោះ​ឡើយ។

អ្នកនាំពាក្យ​រូប​នេះប្រាប់​បន្ត​ថា ក្រោយ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត បុរស​រូប​នោះបានដឹង​ខ្លួននិង​អាច​និយាយ​បាន​ខ្លះ ប៉ុន្តែស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ។

អ្នកស្រី វណ្ណ​ឌីន ឱ្យ​ដឹង​ថា បុរស​រូប​នេះញៀន​ថ្នាំ ដែល​បណ្ដាល​ឱ្យ​រវើ​រវាយ ហើយ​ភ្លាត់ជើង​ធ្លាក់ចុះ​ក្រោម។

អ្នកស្រី​អះអាង​បែបនេះ បន្ទាប់ពី​បាន​សាកសួរ​សាម៉ីខ្លួន និង​ក្រោយ​ការ​ធ្វើតេស្ត​ទឹកនោម​របស់​បុរស​នោះ ដែល​រក​ឃើញ​មាន​សារធាតុ​ញៀន​អំ​ហ្វេ​តា​មីន។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​រូប​នេះ បញ្ជាក់​ថា ករណី​បុរស​រូបនេះលោត​ពីទី​តាំង​ចត្តាឡីស័ក មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ១៩ទេ ប៉ុន្តែអ្នកស្រី​ថា ជា​«រឿង​ផ្ទាល់ខ្លួន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ