បទ​​យក​ការណ៍​៖​ ការ​​នេសាទ​​ខុស​ច្បាប់​​និង​​តម្រូវ​ការ​​ផ្នែក​​ឱសថ​ ​បង្ក​​ហា​និភ័យ​​ដល់​​សេះ​ស​មុទ្រ​​

ប្រជា​នេសាទ​កំពុង​ស្រាយ​មង​ប្រមូល​ត្រី​ដែល​ជាប់​មង​ជាច្រើន​ប្រភេទ នៅ​តំបន់​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ពេល​កន្លងទៅ។ (អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា / MCC​)

កំពុង​ប្រមូល​ប្រដាប់​ប្រដា​ដាក់​ក្នុង​ទូក​ដើម្បី​ត្រៀម​ចេញទៅ​នេសាទ នៅ​ម៉ោង​ប្រហែលជា៤ល្ងាច អ្នកនេសាទ​វ័យ៣៥ឆ្នាំ លោក ពៅ គៀត បាន​ប្រាប់​ថា ​ផល​នេសាទ​របស់​លោក​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​លោក​មាន​ទូក​ថ្មី​ដែល​ល្អនិង​មាន​មង​ធំជាង​មុន។

លោក​បានឱ្យ​ដឹង​ថា​ ឧបករណ៍​នេសាទ​របស់​លោក​អាច​ចាប់បាន​ត្រី​សឹងតែ​គ្រប់​ប្រភេទ​ទាំងអស់​ដែល​រស់នៅ​ក្នុង​សមុទ្រ​ ដែល​ក្នុង​នោះ​ក៏​មាន​សេះស​មុទ្រ​ផង​ដែរ។ 

លោក​បាន​ថ្លែងប្រាប់​ថា៖ «ពេល​មង​ធំអញ្ចឹង​ បាន​ទាំងអស់ ទាំង​ក្តាម បង្គា មឹក និង​ត្រី​សេះ​[សេះស​មុទ្រ​] តែ​ត្រី​សេះ​បាន​មួយ​ពីរ​ៗ។ វា​អត់​សូវ​ខ្លាំង​ទេ ព្រោះអី​វៀតណាម​ជ្រមុជ​ដើរ​ចាប់ត្រី​សេះ។ វា​ចង​ដុំ​ថ្ម ដាក់​ខ្យល់​អុក​ស៊ី​សែន​ ចុះ​ចាប់​នៅ​កោះ​ខ្ទះរាល់​យប់ ដាក់មង​ចាប់​អត់​កើត​ទេ​ ព្រោះអី​វា​នៅ​រាយ អត់​សូវ​បាន​នៅ​ដុំ​គ្នា​ចឹង​អ្ហ៎ា។ […] ខ្មែរយើង​ក៏​មាន​ចាប់​ដែរ​ តែ​នៅ​ម្តុំ​ត្រពាំង​ល្ពៅ»។ 

នៅ​ផែ​កំពង់​កណ្តាល ស្រុក​ទឹកឈូ ខេត្តកំពត ម៉ោង​ប្រហែល៦ព្រឹក​ថ្ងៃបន្ទាប់ ទូក​របស់​លោក ពៅ គៀត ចត​ក្បែរ​ទូក​មួយទៀត​ដែល​ម្ចាស់​ទូក​កំពុង​រើស​ត្រី​ចេញពី​ពំនូក​កម្ទេច​កម្ទី​ផ្កាថ្ម ផ្កាយសមុទ្រ រួច​ពួក​គេ​ប្រមូល​កម្ទេចកម្ទី​ទាំងនោះ​ចោល​ទៅ​ក្នុង​សមុទ្រ​វិញ។

ចំណែក​ទូក​លោក គៀត ឯណេះ​វិញ សមាជិក​ទូក​គាត់​កំពុង​រើស​ក្តាមនិង​ផល​នេសាទ​ផ្សេងទៀត​ឱ្យ​អ្នកទិញ​ដែល​កំពុង​រង់ចាំ​នៅមុខ​ទូក​របស់​លោក។

លោ​ក គៀ​ត ដែល​ទើប​ត្រលប់​មក​ពី​នេសាទ​ពេញ​មួយ​យប់​ បាន​ហុចសេះស​មុទ្រ​ស្រស់​មួយ​ក្បាលដែល​មាន​ក្លិនឆ្អាប​ឈួល​ឱ្យ​អ្នកសារព័ត៌មាន​វី​អូ​ឌី ដោយពេល​នោះ​លោក​និយាយ​ថា៖

«ថ្ងៃ​ហ្នឹង​បានតែ​ត្រី​សេះ​មួយ​ហ្នឹង​ទេ​! វា​ដោយតាម​មង​យើង​មក»។

ការប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​

តាម​ការស្រាវជ្រាវ​ស្តី​ពី​ស្ថានភាព​សេះស​មុទ្រ​របស់​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា ​(MCC​) ដែល​ធ្វើឡើង​នៅ​ឃុំ​ទំនប់រលក​ថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ឆ្នាំ២០១៨ បាន​រក​ឃើញថា ​ទូក​នេសាទ​ក្បែរ​ឆ្នេរ​បាន​ប្រើ​ឧបករណ៍​អួន​អូស ដែល​ប៉ះពាល់​ដល់​ស្រទាប់​បាត​ទឹក និង​បាន​បំផ្លាញ​ដល់​ជម្រក​ជីវ​ចម្រុះ​បាតសមុទ្រ ព្រមទាំង​ប៉ះ​ពាល់​ដល់​ព​ពួក​សេះស​មុទ្រ ​និងសត្វ​ផ្សេង​ៗទៀត​យ៉ាង​ខ្លាំង។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា ​ឧបករណ៍​នេសាទ​ប្រភេទ​អួន​អូស​ទាំងអស់ ​អាច​ចាប់​សេះស​មុទ្រ​បាន​ទាំង​តូច​ទាំង​ធំ។

សត្វ​សេះស​មុទ្រ​រស់នៅ​ក្នុង​ដែន​ជម្រក​សមុទ្រ​ក្នុង​ប្រទេស​កម្ពុជា។ (អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា / MCC​)

អ្នកនេសាទ​ចំនួន៣គ្រួសារ​ នៅក្នុង​ភូមិ២ ឃុំ​ទំនប់រលក​ថ្មី ស្រុក​ស្ទឹងហាវ ដែល​ត្រូវ​បាន​សម្ភាសសម្រាប់​ការស្រាវជ្រាវ​នោះ​ បាន​ទទួលស្គាល់​ថា​ គ្រួសារ​ខ្លួន​បាន​បង្កើតនិង​ប្រើប្រាស់​អួន​អូស​សំដៅយក​តែ​សេះស​មុទ្រ ដោយ​អួន​អូស​នេះ​មាន​ទំហំ​ក្រឡា​ដៃ ៣,៥ សង់ទីម៉ែត្រ ទំហំ​ក្រឡា​ពោះ ២ សង់ទីម៉ែត្រ ទំហំ​ក្រឡា​គូទ​ថង់ ១,៥ សង់ទីម៉ែត្រ ជម្រៅ ៦ ម៉ែត្រ ទំហំ​ទទឹង ៣ ម៉ែត្រ។ អួន​ត្រូវ​បាន​អូស​នៅ​តំបន់​រា​ក់ៗ ​ហើយ​អាច​ចាប់​សេះស​មុទ្រ​ចំនួន​ប្រហែល ៥០ ទៅ ៦០ ក្បាល​ក្នុង​មួយថ្ងៃ។ 

តាម​ការស្រាវជ្រាវ​ កម្រិត​នៃ​ការយល់​ដឹង​អំពី​សេះស​មុទ្រ​របស់​ពលរដ្ឋ​មាន​តិចតួច​ណាស់​ត្រឹមតែ ៦​% ដែល​ជាហេតុ​ធ្វើ​ឱ្យ​ការ​នេសាទនិង​ការលក់ដូរ​សេះស​មុទ្រ​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​សេរី​នៅឡើយ។ តាម​ការស្រាវជ្រាវ​ដដែល​បាន​បង្ហាញថា ចំនួន​សេះស​មុទ្រ​មានការ​ថយ​ចុះ​ជាលំដាប់ បើ​ធៀប​ទៅ​នឹង​កាលពី៥ឆ្នាំមុន​និង១០ឆ្នាំមុន។ 

របាយការណ៍​ស្រាវជ្រាវ​ដោយ​ស្ថាប័ន​បី​រួមគ្នា The Seahorse Trust​, អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​ (MCC​) និង Save our Seahorse បាន​បង្ហាញថា ត្រី​សេះ​និង​សត្វ​សមុទ្រ​ជិត​ផុតពូជ​ជាច្រើន​ប្រភេទ​កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​បច្ចេកទេស​នេសាទ​គ្មាន​និរន្ត​រភាពនិង​សម្ពាធ​ពី​មនុស្ស។

ការស្រាវជ្រាវ​ធ្វើឡើង​នៅ​កោះ​រ៉ុង នៅ​ឆ្នាំ២០០៨ និង​នៅ​ខេត្ត​កែប ក្នុង​ឆ្នាំ២០១៤ បាន​រក​ឃើញ មាន​ត្រី​សេះ​ចំនួន ៤ ប្រភេទ ​ដូចជា Hippocampus Spinosissimus​, Hippocampus Kuda​, Hippocampus Mohnikei​, Hippocampus Trimaculatus ហើយ​សេះស​មុទ្រ​ទាំងនេះ​បង្ហាញ​ឥរិយាបថ​មិនធម្មតា ដែល​អាច​ជា​លទ្ធផល​នៃ​ការ​បន្សាំ​ខ្លួន ដោយសារ​ការ​រំខាន​របស់​មនុស្ស​តាមរយៈ​ការ​នេសាទ​ហួស​កម្រិតនិង​ការបំផ្លាញ​ជម្រក។

ប្រភព​ដដែល​បញ្ជាក់​ថា​ មានតែ​ត្រី​សេះ Hippocampus Spinosissimus តែប៉ុណ្ណោះ​ដែ​លប​ន្សំា​ខ្លួន​ទៅ​នឹង​ការ​រំខាន​របស់​មនុស្ស​ ដោយ​តោងទៅ​នឹង​កាំប្រមា​សមុទ្រនិង​ផ្កាថ្ម។

ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញថា អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ត្រី​សេះ Hippocampus Spinosissimus ចំនួន ២៦ ដែល​មាន​ត្រី​សេះឈ្មោល​ចំនួន ៧ ដែល​មិន​ពពោះ ត្រី​ញី ៣ ពពោះ ក្នុងចំណោម​ត្រី​សេះញី ១៦។ សេះស​មុទ្រ​ខ្លះ​មាន​ជំងឺ​ ដោយសារតែ​គុណភាព​ទឹក​មិន​ស្អាត ខ្លះ​មាន​ជំងឺស្ត្រេស ខ្លះ​ចាប់ផ្តើម​សកម្ម​បន្ទាប់មក​ក៏​ស្លាប់ ចំនួន​ត្រី​សេះ​ប្រែប្រួល ការ​បង្ក​កំណើត​ធ្លាក់ចុះ ត្រី​សេះ​ខ្លះ​ប្រឹង​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន។ មូលហេតុ​ចម្បង​នៃ​បញ្ហា​ទាំងនោះ​គឺ​មក​ពី​ប្រព័ន្ធ​ច្រោះ​ទឹក​កខ្វក់ ការបាត់បង់​ជម្រក ហើយ​ជាពិសេស​នោះ​ គឺ​មក​ពី​នេសាទ​ខុសច្បាប់។

នាយក​ប្រតិបត្តិ​របស់​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា កញ្ញា រចនា មានប្រសាសន៍​ថា ត្រី​សេះស​មុទ្រ​កំពុង​រងគ្រោះ​នៅ​កម្ពុជា​ ដោយសារ​សកម្មភាព​នេសាទនិង​ឧបករណ៍​ដែល​កាន់តែ​ទំនើប​​នា​ពេល​បច្ចុប្បន្ន។ 

កញ្ញា រចនា បាន​ប្រាប់​ឱ្យ​ដឹង​ថា៖ «ត្រី​សេះ​ប៉ះពាល់​ខ្លាំង ​គឺ​ដោយសារ​ទូក​អូស មង​ក្តាម មង​ត្រី​ក្រ​ឡា​តូច​ៗ ហើយ​បើសិន​ទូក​អូស​ឆក់​ទៀត អាហ្នឹង​រឹតតែ​អស់ទាំង​អស់ និយាយទៅ​ឱ្យ​តែព​ពួក​សំណាញ់ មង ជាពិសេស​ទូក​នេសាទ​អូស​អួន និង​អូស​ឆក់ គឺ​មានផល​ប៉ះពាល់​ដល់​សេះស​មុទ្រ ផ្សោត​សមុទ្រ ព្រោះ​វា​អូសយក​ទៅ​ទាំងអស់»។

លើស​ពីនេះ​ទៀត ប្រភេទ​ទូក​ជ្រមុជ​ខ្យល់ (ការ​ជ្រមុជ​ចាប់​សេះស​មុទ្រ​) កំពុង​កើនឡើង​ច្រើន​ដោយសារ​អ្នកនេសាទ​ក្នុង​ស្រុក មើលឃើញ​ទូក​នេសាទ​បរទេស​ចូល​ឆ្មក់ ព្រមទាំង​រកបាន​ផល​នេសាទ​ច្រើននិង​ចំណាយ​តិច។ 

កញ្ញា រចនា បញ្ជាក់​ថា៖ «ទូក​ខ្មែរយើង​ គាត់​អត់​សូវ​មាន​ចេះ​អា​វិធីសាស្ត្រ​ជ្រមុជ​ហ្នឹង​ទេ ប៉ុន្តែ​ពេល​ទូក​បរទេស​ចូល​ឆ្មក់​ម្តង​ពីរ​ដង គាត់​ដឹង​ គាត់​រៀន​តាម គាត់​យល់ថា ​អាហ្នឹង​វារ​កបាន​ច្រើន ហើយ​វា​អត់​ចំណាយ​អី​ច្រើន​ គាត់​ក៏​ចង់​សាកល្បង។ ពេល​សាកល្បង​ហើយ អញ្ចឹង​ចំនួន​អ្នក​ដែល​ចង់​ធ្វើ​ ក៏​កាន់តែ​ច្រើន។ […] ប្រជា​នេសាទ​ជ្រមុជ​ខ្យល់​ពុំ​មាន​ឧបករណ៍​ជ្រមុជ​ទឹក​ត្រឹមត្រូវ​ទេ ក៏ប៉ុន្តែ​មាន​ទុយោ​ បំពង់ខ្យល់ ធុង​ខ្យល់ [សម្រាប់​ផ្ទុក​អុក​ស៊ី​សែន​] វ៉ែនតា​ជ្រមុជទឹក និង​បំពង់ខ្យល់​ដើម្បី​បឺត​ខ្យល់​ចូល និង​ពាក់​គីឡូ​ដែក​ដើម្បី​ជ្រមុជ​ចុះទៅ​បាតសមុទ្រ។ ផ្កាថ្ម សេះស​មុទ្រ និយាយទៅ​របស់​អី​ដែល​ពួក​គាត់​គិតថា​មាន​សារៈ​ប្រយោជន៍ ​លក់​បាន ពួក​គាត់​ប្រមូល​យក​ទាំងអស់»។

ប្រធាន​សហគមន៍​ព្រែកត្នោត វ័យ៤៩ឆ្នាំ លោក អ៊ុ​ក សុវណ្ណា​រិទ្ធិ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​នេសាទ​សេះស​មុទ្រ​មាន​តាំងពី​មុន​មក​ ហើយ​បច្ចុប្បន្ន​នៅតែ​មានការ​នេសាទ​ហូរហែ។ 

លោ​កន្ថែម​ថា៖ «អ្នកនេសាទ​ក្នុង​ភូមិ​ខ្ញុំ គាត់​ទៅនេសាទ​ដល់​កំពង់សោម ប្រាប់​ថាទៅ​នេសាទ​ម្តង​ៗបាន​ច្រើន​ៗណាស់ រាយមង​បង្គា មង​បង្កង មង​ក្តាម អី​ហ្នឹង​អ្ហ៎ា គាត់​ថា​បាន​ច្រើន​ៗណាស់ ហើយ​បាន​អញ្ចឹង​ គេ​យក​មក​ហាល​វា​ឱ្យ​ស្ងួត ចង​ដុំ​ទុក​លក់។ […] អាហ្នឹង​យើង​អត់មាន​ថា​ចង់បាន​ទេ តែ​ដល់ពេល​វា​ចូល​ហើយ​ សមាជិក​ហ្នឹង​យក​វា​មក​ទុក​លក់ ព្រោះ​អាហ្នឹង​វា​មិន​មាន​ច្រើន​ដូច​ត្រី ដូច​បង្គា ដូច​ក្តាម​ណា! ជួនណា​មួយ​យប់​អត់មាន​ប៉ះ​មួយ​ក៏​មាន ជួនណា​មួយ​អាទិត្យ​ក៏​អត់មាន ជួនកាល​អាច​ប៉ះ​ពីរ​បី​អញ្ចឹង​ដែរ»។ 

ប៉ុន្តែ​លោក សុវណ្ណា​រិទ្ធិ បាន​កត់សម្គាល់​ថា ​នៅ​រយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ មាន​ទូក​នេសាទ​ខុសច្បាប់​ច្រើន​ចូល​មក​ក្នុង​សហគមន៍​របស់​លោក ហើយ​សហគមន៍​ធ្លាប់​ចាប់បាន​ទូក​ខុសច្បាប់​ប្រមាណ៣០ទៅ៤០ទូក ដែល​ទូក​ទាំងនោះ​មក​ពី​ម្តុំ​ត្រើយកោះ​គីឡូ១២ ព្រែកអំពិល កោះតូច រួម​ទាំង​ទូក​វៀតណាម​ខុស​ច្បាប់​ធំៗ​ចូល​មកដោយមាន​គ្នា​ច្រើន។

លោក​ថា៖ «ពី​របី​ឆ្នាំ​ដំបូង​ ចាប់បាន​ច្រើនណាស់ បទល្មើស​គ្រប់​ប្រភេទ មិនថា​ទូក​ធំ​ទូក​តូច​ទេ ។ […] មាន​ទូក​វៀតណាម​ចូល​មក​ពីរបី​យប់​ដែរ តែម​ន្ត្រី​ជលផល​ប្រាប់​ថា ឱ្យ​ចូល​ទៅ​ឱ្យ​ជិត ហើយ​មិនបាច់​ធ្វើ​អី​ទេ ព្រោះ​គ្នាគេ​ច្រើនណាស់ ទូ​កមួយ​ៗគ្នាគេ​ពី៥០ទៅ៦០នាក់ លោក​ថា​ថត​លេខ​ទូក លេខ​អី​ឱ្យ​ច្បាស់​ ហើយ​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ​[…] ខ្ញុំ​រាយការណ៍​ទៅ​បាន​ម្តង​ ក៏​លែង​ឃើញ​ទូក​វៀតណាម​ចូល​មក​ទៀត»។

ទាក់ទង​នឹង​ករណីនេះ​ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប លោក ភឺន ផល្លា បានឱ្យ​ដឹង​ថា​ករណី​ចូល​មក​នេសាទ​ខុសច្បាប់​លើ​ដែនទឹក​កម្ពុជា​ពី​អ្នកនេសាទ​វៀតណាម ​បាន​ថយ​ចុះ​ហើយដោយ​សារ​ការអនុវត្ត​​វិធានការ​ច្បាប់​តឹង​រ៉ឹង​ពី​កម្ពុជា និង​កិច្ចសហការ​ល្អ​រវាង​អាជ្ញាធរ​កម្ពុជានិងវៀតណាម។ 

លោក ផល្លា មានប្រសាសន៍​ថា៖ «ចង់និយាយ​ថា ​នៅ​តំបន់​យើង​នេះ កាលពីមុន​ធ្លាប់​មាន ប៉ុន្តែ​ឥលូវ​ដោយសារ​រដ្ឋបាល​ជលផល ក៏ដូចជាក្រសួង​កសិកម្ម​មាន​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ។ ជាពិសេស​គេ​ហៅ​យន្តការ IUU របស់​សហភាព​អឺរ៉ុប ដែល​មានន័យថា ការ​នេសាទ​ខុសច្បាប់​របស់​ប្រទេសជិតខាង​ គឺ​គេ​បាន​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​វៀតណាម និយាយរួម​ប្រទេសជិតខាង​ គេ​អត់ឱ្យ​ចូល​ទេ បើ​ចូល​ត្រូវ​ពិ​ន័យ​ហ្មង។ គេ​បញ្ជូន​ឈ្មោះ បញ្ជូន​ទូក​ហ្នឹង​ឱ្យមក​យើង ឬក៏​ខាងគេ​ត្រួតពិនិត្យ​ខាង​គេអញ្ចឹ​ងមក។ យើង​ឃើញ​ទូក​ យើង​ទៅ​រាយការណ៍​ទៅ​គេ គេ​នឹង​បិទ​អត់ឱ្យ​ទូក​នេសាទ​ហ្នឹង​ចូល​ទៀត​ទេ»។

ឆ្លើយតបទៅ​នឹង​សំណួរ​ថា​ តើ​ឧបករណ៍​នេសាទ​ប្រភេទ​ណាដែល​ប៉ះពាល់​ដល់​សេះស​មុទ្រ និង​ក្នុងទឹក​ជម្រៅ​ណា​ដែល​ខុសច្បាប់​? នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប លោក ភឺន ផល្លា បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ភាគច្រើន​ជា​ការ​នេសាទ​ដោយ​អួន​អូស និង​រាល់​ឧបករណ៍​នេសាទ​ផ្សេង​ៗដែល​មាន​ក្រឡា​ក្រោម១សង់ទីម៉ែត្រ។

លោក​ថា៖ «ជួនកាល​គេ​អត់មាន​បំណង​ចាប់​វា​ទេ គេ​ចង់​ចាប់ត្រី​ផ្សេង​ តែ​ក៏​ចូល​វា ហើយ​វា​មានតម្លៃ​ទីផ្សារ អញ្ចឹង​គេ​រក្សា​វា​ទុក​លក់។ ពេល​ទុក​លក់​ អាហ្នឹង​ខុសច្បាប់ តែ​ពេល​យើង​ឃើញ​យើង​ចាប់​តើ!»

លោក​ ផល្លា បាន​បន្ថែម​ថា៖ «យើង​ថា ​វា​ខុសច្បាប់​ក៏បាន ប៉ុន្តែ​អានេះ​វា​ជា​ទំនៀម​ទម្លាប់​របស់​គាត់​មក​ពីមុន​មក​ហើយ តែ​ឥលូវ​ច្បាប់​យើង​កំពុង​គិតគូរ​រឿង​ហ្នឹង​ដែរ ​ថា​តើ​គួរ​កែ​វិ​សោធនកម្ម​យ៉ាងម៉េច​វិញ​ឱ្យ​ត្រូវ ដើម្បី​ឱ្យ​គាត់​អូស​ពី​កន្លែងណា​ទៅ​កន្លែងណា ត្រង់ថា​ នៅពេល​ដែល​យើង​គិតថា​គាត់​ខុសច្បាប់​ហើយ ប៉ុន្តែ​យើង​មិន​អើពើ​ទៅលើ​មុខរបរ​របស់​គាត់ ក៏​អត់​បាន​ដែរ។ បើ​យើង​ដាច់​ខា​តហ្មង​ គាត់​បាន​អី​? គាត់​ពឹងផ្អែក​ ពឹងផ្អែក​ទៅលើ​ការ​នេសាទ​តាំងពី​យូរ​មក​ហើយ»។

ការ​ទិញ​​លក់​​សេះ​ស​មុទ្រ​​ដោយ​សេរី​ និង​​តម្រូវ​ការ​​ធ្វើ​​ឱសថ​​បុរាណ 

តាម​ការវាយតម្លៃ​ជាស​កល​របស់សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធនធាន​ធម្មជាតិ (IUCN RedList​) បាន​វាយតម្លៃ​កាលពី​ឆ្នាំ២០១៧ ថា​សេះស​មុទ្រ​កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​ការ​នេសាទ​ហួសហេតុ ដោយ​ឧបករណ៍​នេសាទ​គោលដៅ​ចាប់​សេះស​មុទ្រ ការ​ចាប់​ដោយ​អួន​អូស ការអភិវឌ្ឍតំបន់ឆ្នេរ និង​ការ​បំពុលបរិស្ថាន ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ​និង​ជម្រក​របស់​ពួក​វា។ ការ​បំផ្លិច​បំផ្លាញ​នេះ​ បាន​ធ្វើ​ឱ្យ IUCN ប៉ាន់ប្រមាណ​ថា សេះស​មុទ្រ​នៅ​លើ​ពិភពលោក​នឹង​បន្ត​ធ្លាក់ចុះ​ប្រមាណ ៣០​% ឬច្រើនជាង​នេះ​នៅក្នុង​ពេល១០ឆ្នាំ។ សេះស​មុទ្រ​ត្រូវ​បាន​ស្ថាប័ននេះ​ដាក់​ក្នុង​ប្រភេទ​កំពុង​រងគ្រោះ​ថ្នាក់ ​ក្នុង​បញ្ជី​ក្រហម​ក្នុង​ឆ្នាំ២០០៣។ 

ស្របពេលគ្នា​នេះ​ដែរ ការ​ជួញដូរ​សេះស​មុទ្រ មានការ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ​ជាហេតុ​ធ្វើឱ្យអនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ ​នៃ​ប្រភេទ​សត្វ​ដែល​កំពុង​រងគ្រោះ (CITES​) មានការ​ព្រួយបារម្ភ ហើយ​បាន​ដា​ក់បញ្ចូល​សេះស​មុទ្រ​ទៅ​ក្នុង​ឧប​សម្ព័ន្ធ II ដែល​សំដៅ​ដល់​ប្រភេទ​អាច​រងគ្រោះ ​ប្រសិនបើ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ​នៅក្នុង​ឆ្នាំ២០០២ និង​អនុវត្តជា​ផ្លូវការ​នៅ​ឆ្នាំ២០០៤។

រដ្ឋាភិបាល​កម្ពុជា​ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ បាន​ចេញ​អនុ​ក្រឹត្យ​ស្តី​ពី​ការកំណត់​ប្រភេទ​ផល ផលិតផល​ដែល​កំពុង​រងគ្រោះ​ថ្នាក់ ដែល​ក្នុង​នោះ ​សេះស​មុទ្រ ​ក៏​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះ​ថ្នាក់​ ហើយ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ផង​ដែរ។

អ្នកនេសាទ​មក​ពី​ភូមិ​ត្រើយកោះ ខេត្តកំពត លោក ពៅ គៀត បាន​ប្រាប់​ថា​ សត្វ​សេះសមុទ្រ​ស្រស់​​មួយ​ក្បាល ​លោក​អាច​លក់​បាន​តម្លៃ​ប្រហែល ៥ ទៅ ៦ពាន់​រៀល ​គឺ​អាស្រ័យ​ទៅតាម​ទំហំ​របស់​វា។

អ្នកនេសាទ​រូប​នេះ បាន​ពន្យល់​ពី​សកម្មភាព​ប្រមូល​ទិញ​របស់​ឈ្មួញ​កណ្តាល ​នៅពេល​ដែល​ទូក​នេសាទ​ទាំងអស់​បាន​ចូល​ដល់​ផែ​ថា៖

«ឃើញ​មាន​គេ​ប្រមូល​ទិញ​ត្រី​សេះ​នេះ នៅ​ពេល​ព្រលឹម​ៗមិនដែល​អត់ទេ មាន​អ្នកដើរ​ទិញ តាម​ៗទូ​កចឹង»។

លោក ពៅ គៀត បាន​និយាយ​ថា ​លោក​យល់ថា ​ការ​ចាប់​សេះស​មុទ្រ​យក​មក​លក់​បែបនេះ​មិន​ខុសច្បាប់​នោះ​ទេ។ ត្រី​សេះ ឬ សេះស​មុទ្រ ​ត្រូវ​បាន​មនុស្ស​មួយចំនួន​ជឿ​ថា មានប្រយោជន៍​ខ្លាំង​នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ​បុរាណ​ ដោយ​ថា ​វា​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម ជំងឺហឺត ជំងឺ​ខូច​មុខងារ​ផ្លូវភេទ​បុរស ជំងឺ​ល្ហិតល្ហៃ និង​ឈឺចាប់​ទូទៅ។

សម្រាប់​ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​នេសាទ​វិញ ពួក​គាត់​និយាយ​ថា ​សត្វ​នេះ​មានប្រយោជន៍​ណាស់​សម្រាប់​អ្នកជំងឺ កូនខ្ចី និង​មិន​ស្រួលខ្លួន។ 

មក​ពី​ភូមិ​ព្រែក ស្រុក​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ជា​អ្នកទិញ​សេះស​មុទ្រ​យក​ទៅ​ត្រាំ​ស្រា អ្នកស្រី នៅ ពី បាន​ប្រាប់​ថា មាន​អ្នកណែនាំ​អ្នកស្រី​ឱ្យ​ទិញ​សេះស​មុទ្រ​នៅ​ផ្សារ​អូរឫស្សី ដើម្បី​យក​ទៅ​ត្រាំ​ស្រា​ដោយ​លាយ​ជាមួយ​ផ្កាយសមុទ្រ សត្វ​អា​ញី ទឹកឃ្មុំ ពោះ​ប្រមា ផឹក​ដើម្បី​ព្យាបាល​ជំងឺ​ឈឺជង្គង់និង​ធ្វើ​ឱ្យ​ស្រួល​ក្នុង​ខ្លួន។ 

អ្នកស្រី នៅ ពី បាន​លើក​សរសើរ​ពី​គុណសម្បត្តិ​នៃ​ការប្រើ​ប្រាស់​ឱសថ​ដែល​ផ្សំ​ពី​សេះស​មុទ្រ​នេះ​ថា៖ «មុន​ពេល​ហូប​ ខ្ញុំ​មាន​អារម្ភ​ធ្ងន់ខ្លួន ទ្រី​ទ្រាក។ ខ្ញុំ​ឡើង​ប្រហែល៧០គី​ឡូ​ជាង អញ្ចឹង​ទៅ​វា​ឈឺជង្គង់ ពេល​អង្គុយ​ចុះ​បត់ជើង ដល់ពេល​ងើបឡើង​ទាល់តែ​តោង មិន​អញ្ចឹង ​ងើប​អត់​រួច​ទេ។ ឥលូវ​វា​បាត់​ហើយ ខ្ញុំ​ហូប​តែម្តង​ជា»។

អ្នកទិញវ័យ៤៨ឆ្នាំរូប​នេះ បាន​ប្រាប់​ពី​តម្លៃ​ថា៖ «អាហ្នឹង​ថ្លៃ [សេះស​មុទ្រ​] តូច​ៗហ្នឹង ​គេ​ទារ១ម៉ឺន ដល់ពេល​ទិញ​ដប់ ​គេ​ទារ៦ទៅ៧ម៉ឺន ​[…] និយាយទៅ ​គេ​អត់​ជឿ​យើង ​[ប្រសិទ្ធភាព​សត្វ​សមុទ្រ​] ហើយ​វា​ថ្លៃ​ទៀត»។

នៅពេល​សួរ​អ្នកស្រី ថា​តើ​អ្នកស្រី​មាន​ដឹង​ថា​ការទិញ​លក់ត្រី​សេះ​​ខុសច្បាប់ឬទេ​? អ្នកស្រី​ឆ្លើយ​ថា៖ «អត់​ដឹងផង​! ប៉ុន្តែ​ឃើញ​គេ​ខ្ចប់​! នៅពេល​សួររក គេ​យក​មក​ឱ្យ ក៏ប៉ុន្តែ​ឃើញ​គេដាក់​តាំងនៅ​ក្រៅ​ដែរ​ហ្នឹង។ […] កន្លែងនៅ​អូ​រឫស្សី​ហ្នឹង ម៉ា​ជួរ​ផ្ទះថ្ម​ជិត​ផ្សារ​អូ​រឫស្សី​ហ្នឹង អូន​ឯង​ទៅ​ដល់​ហ្នឹង ​សួរ​គេ​ថា ​ម្តុំ​លក់​ថ្នាំខ្មែរ​ទៅ! ​គេ​ប្រាប់​ហើយ គេ​លក់​សុទ្ធតែ​ថ្នាំខ្មែរ​គ្រប់មុខ មាន​តាំងពី​ផ្កាយសមុទ្រ សេះស​មុទ្រ សុទ្ធតែ​ថ្នាំខ្មែរ សួរ​អី​ក៏មានដែរ។»

តាម​ការសិក្សា​ពី​ស្ថានភាព​សេះស​មុទ្រ​របស់​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា ​(MCC​) នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ២០១៨ បាន​រក​ឃើញថា ​អ្នកនេសាទ​បាន​យក​សេះស​មុទ្រ​ទៅ​បរិភោគ ធ្វើថ្នាំ គ្រឿង​អនុស្សាវរីយ៍ និង​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​កណ្តាល​ក្នុង​ស្រុក។

ឈ្មួញ​កណ្តាល​បាន​យក​សេះស​មុទ្រ​ទាំងនោះ​ទៅ​លក់​បន្ត​ឱ្យ​ឈ្មួញ​ជា​ជនជាតិ​វៀតណាម និង​ឈ្មួញ​ជា​ជនជាតិ​ចិន ដើម្បី​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ថ្នាំបុរាណនិង​ថ្នាំចិនសែ។ ការ​ជួញដូរ​សេះស​មុទ្រ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​បើកចំហ។

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Bird Nest Elrich កាលពី​ថ្ងៃទី១១ ខែកុម្ភៈ នៅ​ម៉ោង៥និង៣៣នាទី បាន​ផ្សាយ​ផ្ទាល់​ពី​ការ​លក់​សេះស​មុទ្រ ដែល​នៅក្នុង​វីដេអូ​មាន​សំឡេង​មនុស្ស​ស្រី​និយាយ​ថា៖

«សេះស​មុទ្រ អានេះ​អា​ស្ងួត អានេះ​អា​ស្រស់»។ 

នៅពេល​ដែល​អ្នកសារព័ត៌មាន ​វី​អូ​ឌី ​ទាក់ទង​សាកសួរ​ពី​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នោះ បាន​ប្រាប់​ថា​សេះស​មុទ្រ​មួយ​ក្បាល​មានតម្លៃ​ពី៤ដុល្លារ​ទៅ៥ដុល្លារ ហើយ​ថា បើ​នៅក្នុង​កន្លែង​ថ្នាំចិនសែ គេ​លក់​មួយ​ជិត១០ដុល្លារ។

អ្នកលក់​ដដែល​នោះ​បាន​ប្រាប់​ថា បើ​លក់​ស្ងួត​វិញ ​គឺ​តម្លៃ​ចន្លោះ​ពី ១៥០ដុល្លា​រ ទៅ ១៧០ដុល្លារ ក្នុងមួយ​ខាំ ស្មើ​នឹងប្រមាណ ១ ៥០០ដុល្លារ ទៅ ១ ៧០០ដុល្លា​ ក្នុង​មួយ​គីឡូក្រាម វា​អាស្រ័យ​ទៅតាម​តម្លៃ​ទីផ្សារ​ផង​ដែរ។ គាត់​និយាយ​ថា ​នៅក្នុង​មួយ​ខែ ​គាត់​អាច​ប្រមូល​​ទិញ​ពី​អ្នកនេសាទ​បាន​ពី១គីឡូក្រាម​ទៅ២គីឡូក្រាម។ 

នៅពេល​ដែល​សួរ​គាត់​ថា តើ​វា​​ខុសច្បាប់​នៅក្នុង​ការទិញ​លក់​សត្វ​សេះស​មុទ្រ​នេះឬទេ? គាត់​បាន​ប្រាប់​ថា៖

«គេ​មិនមែណ​មិន​ឱ្យ​លក់​ណា! គេ​ឱ្យ​លក់​តើ​បង! ប៉ុន្តែ​មិន​មាន​អីវ៉ាន់​លក់​ផង មិនមែន​គេ​មិន​ឱ្យលក់​ទេ អីវ៉ាន់​កម្រ តែ​វា​ខ្សត់ រាល់ដង​ខ្ញុំ​លក់​មួយ៦ដុល្លារ»។

​ហ្វេសប៊ុក​មួយទៀត​ដែល​មានឈ្មោះ​ថា Cambolove បាន​បង្ហោះ​វីដេអូ កាលពី​ថ្ងៃទី២ ខែមេសា ថា​សេះស​មុទ្រ​ជា​ត្រី​ម្យ៉ាង​ដែល​រស់នៅ​ក្នុង​សមុទ្រ ​ជា​ត្រី​កម្រ​ ហើយក៏​ជា​ឱសថ​បុរាណ​ដ៏​មាន​អត្ថ​ប្រយោជន៍​ផង​ដែរ។ ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​ ​ក៏បាន​និយាយ​រៀបរាប់​ប្រាប់​ពី​របៀប​ប្រើប្រាស់​សេះស​មុទ្រ​ក្នុង​ការ​ព្យាបាល​ជំងឺ​មួយចំនួន​តាមរយៈ​វីដេអូ​នោះ​ដែរ។ 

អ្នក​បង្ហោះ​នោះ​បាន​និយាយ​រៀបរាប់​ថា៖ «ត្រី​សេះ ​[សេះស​មុទ្រ​] នេះ ​គេ​មិន​យក​ទៅ​បរិភោគ​នោះ​ទេ គេ​ច្រើនតែ​យក​វា​ទៅ​ហាល​ឱ្យ​ក្រៀម ហើយ​យក​ទៅ​ត្រាំ​ស្រា​ហូប សម្រាប់​ចាស់​ៗ ដើម្បី​បំបាត់​ការឈឺចាប់​សន្លាក់ដៃ​ជើង និយាយ​ឱ្យ​ចំ ​គឺ​ឈឺ​ឆ្អឹង។ ហើយ​មួយវិញទៀត ​គេ​យក​ត្រី​នេះ​ទៅ​ហាល​ឱ្យ​ក្រៀម ហើយ​បុក​វា​ឱ្យម៉ត់​លាយ​ជាមួយនឹង​ទឹ​កដូង​ញុំា សម្រាប់​មនុស្ស​ដែល​មាន​អាការ ក្អក រលាក​ផ្លូវដង្ហើម ​ជាដើម»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា កញ្ញា ​រចនា បាន​បង្ហាញការ​ព្រួយបារម្ភ​ថា បើ​មនុស្ស​កាន់តែ​មាន​និន្នាការ​ក្នុង​ការទិញ​សេះស​មុទ្រ​យក​ទៅ​ធ្វើជា​ឱសថ​បែបនេះ ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​សេះស​មុទ្រ​ ដោយសារ​តម្រូវការ​ទីផ្សារ​កើនឡើង។ 

កញ្ញា​ថា៖ «បើ​សម្រាប់​គ្នា​គាត់១០០នាក់ គាត់​គិតថា អញ​ត្រូវតែ​ផឹក អញ​ត្រូវតែ​សុខភាព​ល្អ​ម្នាក់ឯង អញ្ចឹង​គាត់​ចុះ​ជ្រមុជ​យកព​ពួក​អស់ហ្នឹង​សម្រាប់​តែខ្លួន​ឯង។ តែបើ​គាត់​មើលឃើញ​ថា គាត់​ចង់ឱ្យ​កូន​គាត់​មើលឃើញ​អាហ្នឹង​ដែរ អាហ្នឹង​គាត់​មាន​គោលដៅ​ផ្សេងទៀត។ […] សម្រាប់​មនុស្សចាស់ ​គាត់​នៅតែ​គិ​តថា ព​ពួក​ហ្នឹង​វា​ជា​ថ្នាំ​ជួយ​ព្យាបាល​ជំងឺ អញ្ចឹង​គាត់​គិតថា​ អ្វី​ដែល​គាត់​ធ្វើ​ វា​អត់​ខុស​ទេ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​និយាយ​ពី​ច្បាប់​វិញ​ គឺ​វា​អត់​ទាន់​ធំ​ទូលំទូលាយ​ឱ្យ​គ្រប់គ្នា​ដឹងពី​បញ្ហា​មួយ​ហ្នឹង​ទេ។ អញ្ចឹង​ខ្ញុំ​យល់ថា ​សំខាន់​យើង​ស្រឡាញ់​វា យើង​ចង់​ការពារ​វា បើ​យើង​មាន​គោលគំនិត​ចង់​ការ​ពារ​វា អញ្ចឹ​ងវា​នឹង​មាន​និរន្តរភាព​ទៅមុខ​ទៀត​រហូត»។

សារៈសំខាន់​របស់​សេះស​មុទ្រ

​ជីវ​វិទូ​ប្រើ​សេះស​មុទ្រ​ជា​សូចនាករ​ ដើម្បី​សិក្សា​ពី​បម្រែបម្រួល​បរិស្ថាន​ក្នុង​សមុទ្រ ដោយសារ​វា​ជា​សត្វ​ដែល​ងាយ​រងគ្រោះ​មួយ​ក្នុង​សមុទ្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកសម្របសម្រួល​របស់​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​ (MCC​) លោក អាមិ​ក ហៃ​សួនឺ។ 

លោក អាមិ​ក ហៃ​សួនឺ បានឱ្យ​ដឹង​ថា៖ «យើង​ជ្រើស​យក​សេះស​មុទ្រ ដើម្បី​សិក្សា​ពី​គុណភាព​ទឹក ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ និង​អ្វី​គ្រប់យ៉ាង​ក្នុង​សមុទ្រ ព្រោះ​បើ​មាន​បម្រែបម្រួល​អវិជ្ជមាន​ក្នុង​បាតសមុទ្រ វា​ងាយ​នឹង​ប៉ះពាល់​ដល់​ត្រី​សេះ​ភ្លាម»។ 

នាយក​ប្រតិបត្តិ​អង្គការ​អភិរក្ស​សមុទ្រ កញ្ញា រចនា មានប្រសាសន៍​ថា ​សេះស​មុទ្រ​រស់នៅ​ក្នុង​តំបន់​ផ្កាថ្ម តំបន់​ស្មៅ​សមុទ្ រ​ដោយ​សម្រប​ខ្លួន​ទៅតាម​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ករណី​សេះស​មុទ្រ​បាត់បង់​កាន់តែ​ច្រើន​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សមុទ្រ​ជា​ខ្លាំង ​ព្រោះថា​ សេះស​មុទ្រ​ជា​សត្វ​ដែល​ស៊ី​ព​ពួក​ប្លង់តុង។ កញ្ញា​ថា ​កាលណា​ប្លង់តុង​ទាំងនោះ​គ្មាន​សត្វ​សេះស​មុទ្រ​ស៊ី ពេល​វា​ងាប់​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹកសមុទ្រ។ 

កញ្ញា រចនា បាន​លើក​ជា​និទស្សន៍​ថា៖ «វា​នឹង​ដូច​ករណី​ឆ្នាំ២០១៦ កាល​ខែ​ចូលឆ្នាំ នៅ​កែប​ហ្នឹង វា​កើតជំងឺ​អី​ផ្សេង​ៗ ដូច​ជា ​អាល់​គីប្លូម ទឹកឡើង​ពណ៌បៃតង​ដោយសារ​ជា​តិ​អាល់​គី​ច្រើន ដោយ​សា​រតែព​ពួក​ប្លង់តុង ​វា​ងាប់​ច្រើន។ បម្រែបម្រួល​អាកាសធាតុ និង​កម្ដៅថ្ងៃ​មក​ខ្លាំង​ អញ្ចឹង​វា​ធ្វើ​ឱ្យ​ព​ពួក​អាល​គី និង​ប្លង់តុង​ដែល​សេះស​មុទ្រ​ស៊ី វា​កើតឡើង​ច្រើន​ ហើយ​ងាប់ វា​អាច​ធ្វើឱ្យ​មាន​ជាតិ​ពុល​ទៅព​ពួក​ត្រី ហើយ​នៅពេល​ដែ​លយើងញុំា​ត្រី​ហ្នឹង​ទៅ​ វា​ធ្វើឱ្យ​មាន​វីរុស​ក្នុង​ខ្លួន​យើង»។

អន្ត​រាគមន៍​​អង្គការ​អភិរក្ស​​សមុទ្រ​​កម្ពុជា​ និង​​អាជ្ញាធរ​

​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា ​(MCC​) ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​និង​អភិរក្ស​កោះ​អាចម៍សេះ ​នៅ​ឆ្នាំ២០១៨ ទៅលើ​ផ្ទៃសមុទ្រ​ទំហំ ១ម៉ឺន៤ពាន់​ហិកតា។

អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​ បាននិង​កំពុង​ដាក់​ប្រអប់​ថ្ម​សិប្ប​និម្មិត​ក្នុង​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ប្រជុំកោះ​ទន្សាយ​ និង​កោះ​ពោធិ៍ ខេត្ត​កែប ចំនួន១៨០កន្លែង។ ការ​ទំលាក់​ថ្ម​សិប្ប​និម្មិត គឺ​ដើម្បី​ជួយការ​ពារ​ជីវចម្រុះ​នានា​ឱ្យ​កើតឡើងវិញ និង​ជា​ជម្រក​សុវត្ថិភាពដែល​អាច​ការពារ​ពី​ការ​នេសាទ​ខុស​ច្បាប់​ផ្សេង​ៗ។

កញ្ញា រចនា បានឱ្យ​ដឹង​ថា៖ «ការ​នេសាទ​ខុសច្បាប់ ​គឺ​នៅតែ​មាន​ច្រើន ក៏ប៉ុន្តែ​នៅ​តំបន់​អភិរក្ស​របស់​ពួក​យើង​ គឺ​អត់មាន​ច្រើន​ទៀត​ទេ ប៉ុន្តែ​នៅ​មាន​តំបន់​ក្រៅ ​ដូចជា ​កោះ​ពោធិ៍ កោះទន្សាយ ឬកោះត្បាល់។ ភាគច្រើន​គឺ​មក​ពេលថ្ងៃឬនៅ​ពេលយប់​ដែល​មាន​ភ្លៀង​ច្រើន គឺ​ពួក​គាត់​នៅតែ​លួច​ចូ​លម​កអញ្ចឹង»។

MCC បាន​ផ្តល់​អនុសាសន៍​ថា ​ដើម្បី​កុំឱ្យ​ចំនួន​សេះស​មុទ្រ​មានការ​ថយ​ចុះ​នៅពេលអនាគត ​ភាគី​ពាក់ព័ន្ធ​គប្បី​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​អំពី​កត្តា​គំរាមកំហែង ​និង​ការ​អភិរក្ស​សេះស​មុទ្រ​ ទៅកាន់​ប្រជាជន​នៅ​តាម​តំបន់ឆ្នេរ ធ្វើ​ស្លាក​សញ្ញា​បិទ​ផ្សព្វផ្សាយ​អំពី​តួនាទី​និង​អត្ថ​ប្រយោជន៍​សេះស​មុទ្រ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ចូលរួម​កាត់បន្ថយ​ការលក់ដូរ ជាពិសេស​គួរ​បង្កើន​និង​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​ការប្រើ​ប្រាស់​ឧបករណ៍​នេសាទ ការកំណត់​ទំហំ​ក្រឡា ការកំណត់​ជម្រៅ​នៃ​ការ​នេសាទ ការកំណត់​ចំនួន​នៃ​ការទិញ​លក់ និង​នាំចេញ​របស់​សេះស​មុទ្រ​ឱ្យ​បាន​ច្បាស់លាស់។

ជាង​នេះ​ទៅទៀត ​គួរ​មានការ​សិក្សា​បន្ថែម​ពី​ការ​គំរាមកំហែង ការ​ជួញដូរ ការប្រើ​ប្រាស់ ​និង​ទីជម្រក​សេះស​មុទ្រ ការ​បន្ត​ការសិក្សា​ស្រាវជ្រាវ​បន្ថែម ការកំណត់​ដែន​អភិរក្ស ដែន​ការពារ​ឱ្យ​បាន​ជាក់លាក់​និង​ច្រើនជាង​មុន។

នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប លោក ផល្លា បានឱ្យ​ដឹង​ថា ​ខណ្ឌ​រដ្ឋបាល​ខេត្ត​បាន​ផ្សព្វផ្សាយ​ច្រើន​រួចហើយ​ ជុំវិញ​ការ​នេសាទ​ខុសច្បាប់ ​ក៏ដូចជា​ការ​នេសាទ​សេះស​មុទ្រ​នេះ។ ទោះជាយ៉ាងណា​ លោក​ទទួលស្គាល់​ថា ​ការយល់​ដឹង​របស់​ពលរដ្ឋ​នេសាទ​នៅ​មានកម្រិត​នៅឡើយ ហើយ​ការអនុវត្ត​វិធានការ​ច្បាប់​ក៏​មានការ​យោគយល់​ច្រើន​ផង​ដែរ ។

ទោះ​យ៉ាងណាក៏ដោយ ​លោក​ថា​ ការ​នេសាទ​និង​ការទិញ​ដូរ​សេះស​មុទ្រ ស្ថិត​ក្នុង​ទ្រង់ទ្រាយ​តូច​តែប៉ុណ្ណោះ។ 

លោក​បាន​ថ្លែង​ថា៖ «អញ្ចឹង​ការយល់​ដឹង​របស់​គាត់​នៅសល់៥០ភាគរយ​ម្នាក់ ព្រោះអី​អាហ្នឹង​ពាក់ព័ន្ធ​នឹង​តម្លៃ​ទីផ្សារ​ផង។ ខ្ញុំ​ស្វែងរក​អ្នក​ប្រមូល​ទិញ​ដែរ​ ឱ្យ​តែ​ឃើញ។ […] អត់​ដែល​ចាប់បាន​ទេ ព្រោះអី​វា​មិនមែន​ទ្រង់ទ្រាយ​ធំ មិនដែល​ឃើញ​មាន​អ្នកទិញ​ទ្រង់ទ្រាយ​ធំ ឃើញ​តែ១គ្រាប់​ [សេះស​មុទ្រ​] ២គ្រាប់ ខ្ញុំ​ចាប់បាន ​ក៏​លែង​វិញ​ក៏មានដែរ។ ភាគច្រើន​យើង​ដកហូត​យក​ត្រី​សេះ​ហ្នឹង​មក​ ហើយ​យើង​ណែនាំ​គាត់ បើ​ឃើញ​ចូល​ថ្ងៃក្រោយ ​លែង​វា​វិញ ព្រោះអី​ច្បាប់​យើង​ចាត់ទុកថា ​វា​កំពុងតែ​រងគ្រោះ​ថ្នាក់»។ 

លោក​ ផល្លា ​បាន​បន្ថែម​ថា៖ «ភាគច្រើន​តែ​កូនដៃ ​[អ្នកនេសាទ​ជា​កូនចៅ​គេ​] ទេ ​ដែល​លួច អញ្ចឹង​ វា​នៅតែ​មានការ​លួ​ចនេ​សា​ទអញ្ចឹង កាលណា​មាន​អ្នកទិញ វា​ត្រូវតែ​មាន​អ្នក​លួច​នេសាទ។ អញ្ចឹ​ងយើង​មានការ​លំបាក​កន្លែង​ហ្នឹង​បន្តិច អញ្ចឹ​ងយើង​ត្រូវ​ផ្សព្វផ្សាយ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ»។

លោក ផល្លា បាន​ក៏បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​ ខណ្ឌ​រដ្ឋបាល​ខេត្ត​ក៏​កំពុង​ជំរុញ​ឱ្យ​ប្រជា​នេសាទ​ងាក​មក​ចិញ្ចឹម​ត្រី ក្ដាម បង្កង ហើយ​អាជ្ញាធរ​ក៏​កំពុង​រៀបចំ​យន្តការ​ក្នុង​តំបន់​ការពារ​នៃ​ដែនសមុទ្រ​ក្នុង​ខេត្ត​ ដែល​នឹងអាច​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​ផង​ដែរ​នា​ពេល​ខាងមុខ។

លោក​ថា តាម​រយៈ​ការជំរុញ​ទាំងនោះ​ ប្រជា​នេសាទ​នឹង​មានមុខ​របរ ​ហើយ​ពួក​គាត់​នឹង​ចៀសឆ្ងាយ​ពី​ការ​នេសាទ​ខុសច្បាប់​ទៀតផង។ 

លោក​បាន​និយាយ​បន្ថែម​ថា៖ «យើង​បាន​កំណត់៤តំបន់​សម្រាប់​ការពារ​ធនធាន​ជលផល​នៅក្នុង​ខេត្ត​កែប​ហ្នឹង មាន​ដូចជា តំបន់​សម្រាប់​ក្តាមសេះ​ពង​កូន [Refugee Kdam Seh​] តំបន់​អភិរក្ស​ផ្កាថ្ម តំបន់​មុជទឹក​កម្សាន្ត តំបន់​ស្រាវជ្រាវ​បៃតង​ឬតំបន់​ប្រើប្រាស់​ច្រើនយ៉ាង។ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ហ្នឹង ​អាច​ជា​តំបន់​នេសាទ​ជា​លក្ខណៈ​គ្រួសារ អាច​ជា​តំបន់​ទេសចរណ៍​នៅ​ប្រជុំកោះ​ពោធិ៍ កោះទន្សាយ គ្រប​ដណ្តប់​ប្រហែល​ជាង១០កោះ»៕

ដោយ ហម ស្រី​និច​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ