លោក​ ​រ៉ាត់​ រត្ន​មុ​នី​ ត្រូវ​​បាន​​ដោះលែង​​ក្រោយ​​អនុវត្ត​​ទោស​​រួច​

លោក រ៉ាត់ រត្ន​មុ​នី អតីតផលិតករ​រឿង«​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» របស់​ទូរទស្សន៍​រុស្ស៊ី RT ត្រូវបានដោះលែងឱ្យមានសេរីភាព ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

​ផលិតករ​រឿង«​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» របស់​ទូរទស្សន៍​រុស្ស៊ី RT គឺ​លោក រ៉ាត់ រត្ន​មុ​នី ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយនៅ​រសៀល​ថ្ងៃសុក្រ​នេះ ក្រោយ​លោក​បាន​អនុវត្តទោស​ចប់​រួចរាល់។ 

មេធាវី​ការពារ​ក្ដី​ឱ្យលោក​ រ៉ាត់ រត្ន​មុ​នី គឺ​លោក សំ ទិត្យ​សីហា បាន​ប្រាប់ VOD នៅ​រសៀល​នេះ​ថា លោក​ រ៉ាត់ រត្ន​មុ​នី ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ហើយ ក្រោយពី​អនុវត្ត​ទោស​រួច។ 

លោក​មានប្រសាសន៍​ថា៖ «រហូតមកដល់​ពេលនេះ ខ្ញុំ​អត់​ទាន់​ទទួល​បានការ​ជូន​ដំណឹង​ទេ​! តែបើ​សិន​ជា​យើង​រាប់​ពី​ថ្ងៃ​ដែល​ចាប់ខ្លួន​រហូតមកដល់​ពេលនេះ គឺ​ដល់ពេល​ដែល​គាត់​ត្រូវ​ចេញ»។

លោក ​រ៉ាត់ រត្ន​មុនី បាន​ប្រាប់ VOD តាម​ទូរសព្ទ​ថា លោក​ត្រូវ​បាន​គេ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​នៅ​ម៉ោង៣និង៣០នាទី​រសៀល​ ថ្ងៃទី១១ ខែវិច្ឆិកា​នេះ។ លោក​បន្ថែម​ថា លោក​មាន​សេចក្ដី​សប្បាយរីករាយ​ជា​ខ្លាំង។ 

លោក​ថា៖ «ម៉ោង​ប្រហែលជា៣កន្លះ ​យើង​ចេញពី​ពន្ធនាគារ​មក ដល់​ចេញ​មក​ យើង​មក​វត្ត​ស្រោចទឹក​ស្រោច​អី​អ៊ីចឹង​ទៅ ដល់​ស្រោច​ហើយ ​ឥលូវនេះ ​ខ្ញុំ​នៅផ្ទះ​ប្អូនស្រី​របស់ខ្ញុំ​ទៅ។ មុន​នេះ​បាន​ជួប​ប៉ា ជួប​ម៉ាក់ ប៉ាក្មេក ប៉ា​បង្កើត​អី​អ៊ីចឹង​ទៅណា! តែ​អត់​បាន​ជួប​ប្រពន្ធ​ មិនដឹង​ថាប្រពន្ធ​នៅឯណា​នៅឯ​ណី​ទេ។ ហើយ​អារម្មណ៍​នៅ​មិនទាន់​ច្បាស់​ថា នៅ​ក្រៅ​ឬក្នុង ​[ឃុំ​] នៅឡើយ​ទេ តែថា ​សប្បាយចិត្ត​ឥលូវនេះ»។ 

លោក រ៉ាត់ រត្ន​មុនី ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈ​លោក​ព្យាយាម​សុំ​សិទ្ធិជ្រកកោន​នៅ​ឯការិយាល័យ​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូ​ឡង់ នៅ​ប្រទេស​ថៃ។ 

សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទា​ទោស​លោក​ឱ្យ​ជាប់ពន្ធ​នា​គារ​ចំនួន២ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​មានការ​រើសអើង» កាលពី​ថ្ងៃទី២៦ ខែមិថុនា តាម​ការចោទប្រកាន់​របស់​ដើម​បណ្តឹង​ចំនួន៥នាក់ គឺ​លោក នាក់ សុទ្ធី នាយក​សាលា​ឥន្ទ្រ​ទេវី, កញ្ញា គៀង ស្រី​ម៉េច, កញ្ញា លឹម ស្រី​ទី, អ្នកស្រី ទេព សា​លីម និង​អ្នកស្រី កែវ ម៉ាឡៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ