បទ​​យក​ការណ៍​៖ ប្រធាន​​ថ្មី​​នៃ​​សង្ឃ​​សហ​គមន៍​​រុក្ខា​វ័ន​ប្តេជ្ញា​​ដើរ​​តាម​​វីរ​ភាព​​សកម្ម​ជន​​ព្រៃ​​ឈើ​​មុន​ៗ​

ព្រះអង្គ​ ថូ ធូ​រស់ បច្ចុប្បន្ន​ ត្រូវ​បាន​ក្លាយជា​ចៅ​អធិ​ការវ​ត្ត​ប្រាសាទ​រាជា​សំរោង ក្នុង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បន្ត​ពី​ព្រះអង្គ ប៊ុ​ន សា​លួត ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងការងារប្រចាំថ្ងៃ។ (ហេង វិចិត្រ)

«មនុស្សយើង ​បើសិនជា​គេ​លួចបាញ់ឬក៏​គេ​បាញ់សម្លាប់​ដោយ​កាំភ្លើង​មួយ​គ្រាប់​ចំ​ចំណុចខ្សោយ ​អាច​ស្លាប់​ភ្លាម​! ប៉ុន្ដែ​ការដែល​រស់នៅ​អត់មាន​ព្រៃឈើ ត្រូវ​ជួបប្រទះ​គ្រោះ​រាំងស្ងួត ជួប​គ្រោះ​ទឹកជំនន់​លិច​ភូមិ​លិច​អី​ វា​វេទនា​ជាង​អ្នក​ដែល​ត្រូវគ្រាប់​កាំភ្លើង​ស្លាប់។ នេះ​ជា​ពាក្យ​របស់​គាត់ ​[លោក ឈុត វុទ្ធី​]! អាត្មា​នៅចាំ​ដល់​សព្វថ្ងៃ»។

ខាងលើនេះ​ជា​ពាក្យ​សម្តី​របស់លោក ឈុត វុទ្ធី ដែល​លោក​បាន​និយាយទៅ​កាន់​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​ជា​អនាគត​ប្រធាន​សហគមន៍​ព្រៃឈើ​មួយ​នា​ខេត្ត​ឧត្តរមានជ័យ។

ព្រះ​សង្ឃមួយ​អង្គ​នោះ​មាន​ព្រះនាម​ថា​ ថូ ធូ​រស់។ ព្រះ​តេជគុណ​ថា​ ដោយសារ​សម្តី​មួយ​ឃ្លា​តែងតែ​នៅ​ដក់ជាប់​ក្នុងចិត្ត​របស់​លោក​ ហើយក៏​ជា​គ្រឿង​ជំរុញចិត្ត​មួយ​ឱ្យ​ព្រះអង្គ​ស្រឡាញ់​កិច្ចការ​ងារការ​ពារ​ព្រៃឈើ​កាន់តែ​ខ្លាំង​ថែមទៀត។ 

លោក​ ឈុត វុទ្ធី គឺជា​ស្ថាបនិក ​និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ហើយក៏​ជាសកម្ម​ជន​បរិស្ថាន​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​លេចធ្លោ​ម្នាក់​នៅ​កម្ពុជា។ លោក​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅពេល​ដែល​លោក​ចុះ​ស៊ើបអង្កេត​ករណី​រំលោភ​យក​ដី និង​ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ខេត្តកោះកុង។ 

ព្រះ​តេជគុណ ថូ ធូ​រស់ ដែល​នឹង​ក្លាយជា​ប្រធាន​ថ្មី​នៃ​សហគមន៍​ព្រៃឈើ​មួយ​ក្នុង​ខេត្ត​ភាគ​ខាងជើង​របស់​កម្ពុជា​មួយ​នេះ មាន​សង្ឃដីកាប្រាប់​វី​អូ​ឌីកា​លពី​ចុងខែ​វិច្ឆិកា​ថា ​ពីមុន ​ព្រះ​តេជគុណ​ក៏​មិនសូវ​ជា​ចាប់អារម្មណ៍​ក្នុង​កិច្ចការពារ​ព្រៃឈើ​ប៉ុន្មាន​ដែរ ប៉ុន្តែ​ក្រោយពី​បាន​បន្ត​ការសិក្សានិង​ចូលរួម​ជាប់លាប់​ក្នុង​កិច្ចការពារ​ព្រៃឈើ​ជាមួយ​អតីតប្រធាន​ចាស់ លោក ប៊ុ​ន សា​លួត ធ្វើ​ឱ្យ​ព្រះសង្ឃ​អង្គ​នេះ​កាន់តែ​មាន​អារម្មណ៍​ដក់ជាប់​នឹង​ព្រៃ។

មាន​សង្ឃដី​កា​មួយៗ​តែ​ច្បាស់​ៗ ព្រះ​សង្ឃដែល​កំពុង​គង់នៅ​វត្ត​ប្រាសាទ​រាជា​សំរោង​ បាន​រំឭក​ថា ​ឆន្ទៈ​ក្នុង​កិច្ចការពារ​ព្រៃ​របស់​ព្រះអង្គ​កាន់តែ​មាន​ថែមទៀត ​ពោល​គឺ​នៅ​ឆ្នាំ២០១១ នៅពេល​បាន​ជួប​លោក ឈុត វុទ្ធី ដែល​ក្រោយមក​សកម្មជន​ព្រៃឈើ​រូប​នេះ​ត្រូវ​បាន​គេ​បាញ់សម្លាប់។ 

ព្រះអង្គ​ ថូ ធូ​រស់ បច្ចុប្បន្ន​ ត្រូវ​បាន​ក្លាយជា​ចៅ​អធិ​ការវ​ត្ត​ប្រាសាទ​រាជា​សំរោង ក្នុង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បន្ត​ពី​ព្រះអង្គ ប៊ុ​ន សា​លួត ដែល​បាន​សឹក​កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា​កន្លងទៅ។ ក្រៅពី​បន្តការងារ​ជា​ចៅអធិការវត្ត​សំរោង ព្រះអង្គ​ក៏​ត្រូវ​បាន​ព្រះអង្គ ប៊ុ​ន សា​លួត ជ្រើសរើស​ឱ្យ​បន្តវេន​ជា​ប្រធាន​ថ្មី​នៃ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន​ផង​ដែរ។ 

ទោះបី​ព្រះ​តេជគុណ​បាន​ចូល​រួមក្នុង​សកម្មភាព​កិច្ចការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ២០០៩យ៉ាងណា​ក្តី តែ​ព្រះ​សង្ឃអង្គ​នេះ​នៅតែ​បង្ហាញ​ពី​ក្តី​បារម្ភ​ថា ​ព្រះអង្គ​មានបទពិសោធន៍​តិចតួច​នៅឡើយ​ក្នុង​កិច្ចការ​ការងារ​ដឹកនាំ។

ទោះ​យ៉ាងណាក៏ដោយ​ ក៏​ព្រះ​តេជគុណ ថូ ថូ​រស់ ប្តេជ្ញា​បន្ត​កិច្ចការពារ​ព្រៃ​ដោយ​យក​គំរូ​តាម​ប្រធាន​ចាស់ ​គឺ​ព្រះ​តេជ​គុណ​ ប៊ុ​ន សា​លួត ក៏​ដូច​ជា​វី​វជន​បរិស្ថាន​ផ្សេងទៀត​ដែល​លះ​លង់​ដើម្បី​បុព្វហេតុ​ព្រៃឈើ​និង​បរិស្ថាន។ 

ព្រះអង្គ​ ថូ ធូ​រស់ មាន​ថេរ​ដីកា​ថា៖ «អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​សម្រាប់​អាត្មា គឺ​ក្រោយពេល​លោក​លាចាក​សិក្ខាបទ​ទៅ​ហើយ​ នៅពេល​អាត្មា​ចូល​ទៅ​ គឺ​ទាក់ទង​នឹង​បទពិសោធន៍​អាត្មា​គឺ​នៅ​ខ្ចី​ ដែល​អាច​នឹង​មាន​ចំណុច​ឆក​ល្វែង​ខ្លះ។ ហើយក៏​អាត្មា​មានការ​ព្រួយបារម្ភ​ថា ​នឹងអាច​បាត់បង់​ស្នាដៃ​របស់​លោក។ ប៉ុន្ដែ​នឹង​ខិតខំ​ព្យាយាម បើ​ទោះបីជា​ខ្លាច​បាត់បង់​ស្នាដៃ​របស់​ព្រះអង្គ​គ្រូ​ គឺ​ធ្វើ​យ៉ាងម៉េច​រក​វិធី​សា​ស្ត្រថ្មីៗ​ទប់ស្កាត់​បទល្មើស​នៅក្នុង​ព្រៃ​ហ្នឹង​តែម្ដង»។

ព្រះអង្គ ថូ ធូ​រស់ ប្រសូត​នៅ​ថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៨៦ នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​បាន​ចូល​បួសនៅ​វត្ត​ប្រាសាទ​រាជា​សំរោង ខេត្ត​ឧត្តរមានជ័យ ក្នុង​ឆ្នាំ២០០៣។ ក្រៅពី​មានចំណេះ​វិជ្ជា​ទាំង​ផ្នែក​ពុទ្ធចក្រ ព្រះអង្គ​ក៏​មាន​សញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​មួយ​ផង​ដែរ។

បន្ទាប់ពី​បញ្ចប់​ការសិក្សា​រៀនសូត្រ​ក្នុង​ឆ្នាំ២០១៦ ព្រះអង្គ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​សង្ឃ​រុក្ខា​វ័ន​ ជាមួយ​អតីតប្រធាន​សង្ឃ​សហគមន៍​រុក្ខា​វ័ន រហូត​ទទួល​បានការ​ទុកចិត្ត​ពី​ប្រធាន​សហគមន៍​រហូតមកដល់​សព្វថ្ងៃ។ 

ព្រះអង្គ​មាន​ថេរ​ដីកា​ថា៖ «ទាក់ទិន​នឹង​ការ​ការពារ​ព្រៃ​ ក្នុងនាម​យើង​ជា​អ្នកការពារ ​តែងតែមាន​ឧបសគ្គ​ច្រើន​ ទាំង​ឧបសគ្គ​ដែល​កើតឡើង​ពី​ជនល្មើស​ដែល​ប្រើ​អំពើ​ហិង្សា​ពេល​យើង​ទប់ស្កាត់​បទល្មើស។ ទាំង​ការ​លំបាក​នៃ​មធ្យោបាយ​ក្នុង​ការ​ចុះ​ល្បាត ហើយក៏​ទាក់ទង​នឹង​ការ​ចុះ​ល្បាត​ពេល​ខែវស្សា ខែប្រាំង​ហ្នឹង ​វា​ជួប​ការ​លំបាក។ ជួប​ឧបសគ្គ​ការ​លំបាក​ច្រើន​ទាក់ទង​នឹង​ការ​សឹក ការសម្រាក​នៅ​កណ្ដាល​ព្រៃ​ពេលយប់​ព្រលប់​អី»។

ព្រះអង្គ​បាន​រំឭក​ពី​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ក្នុង​រាត្រី​មួយ​នា​ឆ្នាំ២០១៨ ដែល​ពេលនោះ​ព្រះអង្គ​បាន​ចុះ​ព្រៃ​ជួប​ជាមួយ​ជនល្មើស​កាប់​ឈើ​ ដែល​បម្រុង​យក​កាំបិតកាប់​លើ​ព្រះអង្គ​នៅពេល​ក្រុមព្រះ​អង្គ​ចូល​រាំងផ្លូវនិង​ឃាត់​ពួក​គេ។ 

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «អាត្មា​គិតថា ​ប្រហែលជា​មនុស្ស អ៊ីចឹង​ក៏​ពួនស្ទាក់​ចាំ​មើល​គាត់ ហើយ​អាត្មា​ថា​ អារម្មណ៍​ពេល​ហ្នឹង​ដូចជា​រន្ធត់​តក់ស្លុត​ដែរ ​តែថា​ធ្វើ​ម៉េច​ត្រូវ​ចាប់​គាត់​ឱ្យ​បាន។ […] ពេល​ចេញ​មក​ភ្លាម ​អាត្មា​បាន​ឆួលភ្លើង​ដាក់​មក​គាត់​ហ្នឹង ហើយ​ថា​ “ឈប់​ៗញោម​កុំ​រត់” អ៊ីចឹង​ដល់ពេល​គ្នា​គាត់​ឮពាក្យ​ព្រះសង្ឃ​ថា​អ៊ីចឹង​ទៅ ​ក៏​រត់​អស់ ហើយ​ព្រះសង្ឃ​ដែល​នៅ​ម្ខាង​ដំបូក​ជាមួយ​អាត្មា​ហ្នឹង ​ចុះ​ស្ទាក់​ទៅ​ខាងក្រោយ​គាត់​តែម្ដង ​កុំឱ្យ​គាត់​រត់​ទៅតាម​គេ គាត់​បាន​គ្រវី​កាំបិត​របស់​គាត់​មករ​កអាត្មា។ ហើយ​បាន​អាត្មា​និយាយ​ថា ញោម​ទីមួយ ​ប្រសិនជា​ញោម​ឯង​កាប់​លោក​ ប៉ះ​លោក​នោះ​ណា គ្នា​ញោម​ឯង​រត់​អស់ហើយ ​នៅតែ​ឯង​ទេ អ៊ីចឹង​លោក​មាន​ច្រើន​អង្គ បើ​ញោម​កាប់​ៗបានតែ​មួយ​អង្គ​ទេ អញ្ចឹង​លោក​ផ្សេង​នឹង​លោត​ទៅ​ចាប់​ញោម​ហើយ។ ចេះតែ​និយាយ​លួងលោម​គាត់​ឱ្យ​ដាក់​កាំ​បិ​តអញ្ចឹង ហើយ​ដល់ពេល​គា​ត់​ឮអញ្ចឹង​ គាត់​បាន​ដាក់​កាំបិតលុតជង្គង់​សុំ​ការ​អធ្យាស្រ័យ​ពី​លោក​ កុំឱ្យ​ចាប់​គាត់​នោះ​ណា! ហើយ​បន្ទាប់មក​ទៀត ​ទើប​អាត្មា​ទាក់ទង​ទៅ​ព្រះអង្គ​គ្រូធំ ហើយ​ព្រះអង្គ​គ្រូធំ​បាន​ទាក់ទង​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ប៉ូលិ​សព្រំ​ដែន​ដែល​នៅ​ជិត​នោះ ​សុំ​កិច្ច​អន្តរាគមន៍​ពី​ពួក​គាត់»។

បើ​ទោះ​មាន​ឧបសគ្គនិង​ការ​គំរាមកំហែង​បែបនេះ​ក្ដី​ ក៏​ព្រះអង្គ​ ថូ ធូ​រស់ នៅតែ​បន្តសកម្មភាព​ចុះ​ល្បាត​ព្រៃ ហើយ​កាន់តែ​ជំរុញ​លោក​បន្ថែម​ទៀត​នៅពេល​អតីតប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ផ្ដល់​ការ​ទុកចិត្ត​ទៅ​ឱ្យ​លោក។

ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន គឺជា​ព្រៃស្រោង​ដែល​មាន​ទំហំ ៣០ ២៥៤ ហិកតា នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។ ព្រៃ​នេះ​ត្រូវ​បាន​ព្រះ​សង្ឃ​ ប៊ុ​ន សា​លួត បាន​ផ្ដួចផ្ដើម​កិច្ចការពារ​នៅ​ឆ្នាំ២០០១ បន្ទាប់ពី​ព្រះអង្គ​បានឃើញ​ការបាត់បង់​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ជាបន្តបន្ទាប់​ដោយសារ​ដីសម្បទាន​សេដ្ឋកិច្ច ការ​កាប់​ឈើ​ល្មើសច្បាប់ និង​ការទន្ទ្រាន​យក​ដី។ ព្រៃ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទទួលស្គាល់និង​សម្រេច​បង្កើត​ឡើងជា​ដែនជម្រកសត្វព្រៃ​ នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ 

អតីតប្រធាន​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន ព្រះ​តេជគុណ ប៊ុ​ន សា​លួត បានសម្រេច​លាចាក​សិក្ខាបទ​ហើយ​កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា​កន្លងទៅ។ មុន​ពេល​ដែល​លោក​សឹក​ លោក​មាន​សង្ឃដីកា​ថា​ ការ​លាចាក​សិក្ខាបទ​របស់​ព្រះអង្គ​ គឺ​ដោយសារ​អស់​និស្ស័យ​ពី​ភេទ​បុព្វជិត។

លោក​បន្ថែម​ថា មូលហេតុ​ដែល​លោក​ផ្ទេរ​ការដឹកនាំ​ឱ្យ​ព្រះអង្គ ថូ ធូ​រស់ គឺ​ដោយសារតែ​ព្រះអង្គ​ ថូ ធូ​រស់ មានចំណេះ​ដឹង​ខ្ពស់និង​មាន​សមត្ថភាព​ក្នុង​ការដឹកនាំ​បាន។ 

​ព្រះអង្គ ប៊ុ​ន សា​លួត ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងការងារក្រោយពេលព្រះអង្គលាចាកសិក្ខាបទ។ (ហេង វិចិត្រ)

ព្រះ​អង្គ​ ប៊ុ​ន សា​លួត៖ «ទីមួយ​ លោកមា​នក​ម្រិ​តវប្បធម៌​ខ្ពស់ ទីពីរ​ លោក​ច្បាស់​ផ្នែក​ព្រះពុទ្ធ​សាសនា ទីបី​ លោក​បួស​បាន​ច្រើន​ព្រះវស្សា ហើយ​លោក​មាន​សមត្ថភាព»។

ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ​លោក ភួង លី​ណា មានប្រសាសន៍​ប្រាប់ VOD ថា បើ​ទោះបី​ព្រះអង្គ​ ថូ ធូ​រស់ បាន​ទទួលការ​ទុកចិត្ត​ពីអ​តី​តប្រធាន​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន​ក្ដី​ តែ​ត្រូវ​រង់ចាំ​ការបោះឆ្នោត​មួយ​ដំណាក់កាល​ទៀត ​ដើម្បី​ស្របតាម​ផ្លូវច្បាប់​ក្នុង​ការ​ធ្វើជា​ប្រធាន​សហគមន៍។

លោក​មានប្រសាសន៍​ថា៖ «យើង​ត្រូវតែ​មានការ​គាំទ្រ​បន្ថែម​ទៀត នៅពេល​មួយ​ដែល​យើង​ត្រូវ​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ស្របច្បាប់​ ពីព្រោះ​ការងារ​សហគមន៍​ ថ្នាក់ដឹកនាំ​ត្រូវ​កើតឡើង​ទៅតាម​ផ្លូវច្បាប់​ គឺ​កើតឡើង​ទៅតាម​ការបោះឆ្នោត​ តែ​គ្រាន់តែ​ដំណាក់កាល​បឋម​ ព្រះអង្គ​បាន​ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ព្រះអង្គ​ ថូ ធូ​រស់។ តែ​សម្រាប់​ជំហាន​បន្ទាប់ ​យើង​មានការ​បោះឆ្នោត​ ថា​តើ​អង្គ​ណា​ត្រូវ​គ្រប់គ្រង​ជា​ប្រធាន​បន្ត»។ 

លោក​សង្ឃឹមថា​ ទៅ​ថ្ងៃខាងមុខ​ទៀត ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន នឹង​នៅតែ​មាន​កិច្ចសហការ​ល្អជា​មួយ​មន្ទីរ ក៏ដូចជា​រដ្ឋាភិបាល​ក្នុង​កិច្ចការពារ​សម្បត្តិ​ធម្មជាតិ។ 

លោក​ ភួង លី​ណា ​បន្ថែម​ថា៖ «ជាគោល​នយោបាយ​ គឺ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ​គឺ​យើង​បាន​ផ្ដល់​លទ្ធភាព​ទៅលើ​ការគ្រប់គ្រង​តាម​បែប​សហគមន៍ ដោយមាន​ការ​សហការ​ពី​សហគមន៍​ ក៏​ដូច​ជាម​ជ្ឈដ្ឋាន​ផ្សេង ដែល​នេះ​ជាគោល​នយោបាយ​ដែល​យើង​ធ្វើកន្លង​មក។ ហើយ​គំនិត​សំខាន់​របស់​សហគមន៍ ​គឺ​យើង​ផ្ដោត​ការងារ​អភិរក្ស​ទាំងអស់គ្នា ដែល​យើង​ត្រូវ​ធ្វើការងារ​ហ្នឹង​រួមគ្នា​ ដើម្បី​អភិរក្ស​ព្រៃឈើ។ ទោះបី​ខាង​ខ្ញុំ​ជា​រាជរដ្ឋាភិបាល ហើយ​ខាង​គាត់​ជា​សហគមន៍​ ប៉ុន្ដែ​អ្វី​ដែល​យើង​មានគំនិត​រួមគ្នា​ គឺ​យើង​ផ្ដោត​ទៅលើ​ការងារ​អភិរក្ស​រួមគ្នា»។ 

អតីតប្រធាន​សង្ឃ​សហគមន៍ និង​ជា​ស្ថាបនិក​ព្រៃ​សង្ឃ​រុក្ខា​វ័ន ព្រះ​តេជគុណ ប៊ុ​ន សា​លួត ថា​ព្រះអង្គ​មាន​ជំនឿ​ថា ​ព្រះអង្គ​ ថូ ធូ​រស់ នឹង​បន្ត​កិច្ចការ​ពី​លោក​បាន​យ៉ាង​ល្អឬលើស​ពី​លោក​ទៀតផង។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «អាត្មា​ជឿជាក់​លើ​លោក តែបើ​លោក​ធ្វើ​រាង​តឹង​ជាង​អាត្មា​បន្តិច អាត្មា​មាន​សេចក្តី​អនុគ្រោះ​ច្រើន​ នេះ​អាត្មា​ជឿជាក់​អ៊ីចឹង។ បើ​លោក​ធ្វើ​ គឺ​លោក​តឹង​ជា​ងអាត្មា​ទៀត លោក​អត់​អនុគ្រោះ​ទេ ព្រោះ​អាត្មា​ស្គាល់​ពី​ទឹកចិត្ត​គាត់។ ព្រោះ​ឃើញ​លោក​ធ្វើ​មក​ប៉ុន្មាន​ឆ្នាំនេះ​មក ហើយ​ប៉ុន្មាន​ខែក្រោយ​ នៅពេល​ដែល​អាត្មា​បណ្ដោយ​ឱ្យ​លោក​ធ្វើ មួយវស្សា​មុន​នេះ លោក​ប្រាប់​អាត្មា​ថា​ លោកគ្រូ​មិនបាច់​ធ្វើ​អី​ទេ​! លោកគ្រូ​នៅ​មើលតែ​សាលា​លោកគ្រូ​បាន មើលតែ​អា​អ៊ិ​ចកាយ​ព្រំ​បាន​ហើយ ផុត​ពីនោះ ​ការល្បាត ការ​ចុះ​ផ្សព្វផ្សាយ ​គឺ​នៅ​លើក​រុ​ណា គឺ​លោក​ធ្វើ​បាន​ខ្លាំង​!» 

ក្នុងនាម​ជា​អ្នក​ដែល​ទទួល​បានការ​ទុកចិត្ត​ពីអ​តី​តស្ថាបនិក​សហគមន៍​សង្ឃ​រុក្ខា​វ័ន​មួយ​រូប ព្រះ​តេជគុណ ថូ ធូ​រស់ យល់ថា ការ​កែប្រែ​ឥរិយាបថ​មនុស្ស​ឱ្យ​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ ​មិនមែន​ជា​វិធានការ​ចាប់​ដាក់ទោស​ទណ្ឌ​នោះ​ទេ តែ​វា​ជា​ការ​ពន្យល់​ឱ្យ​ពួក​គេ​បានដឹង​ពីអ​ត្ថ​ប្រយោជន៍​ដែល​ពួក​គេ​ទទួល​បាន​មក​ពី​ព្រៃឈើ​វិញ។

ព្រះ​តេជគុណ ថូ ធូ​រស់៖ «ដរាបណា​ដែល​មនុស្ស​មិនទាន់​បាន​យល់​ពី​ផលប្រយោជន៍​ទេ ​គឺ​មនុស្ស​នៅតែ​ប្រព្រឹត្ត អញ្ចឹង​វិធីសាស្ត្រ​តែមួយគត់​សម្រាប់​អា​ត្នាៗ​ថា ​ធ្វើ​យ៉ាង​ម៉េច​មានការ​ប្រជុំ​ផ្សព្វផ្សាយ​បណ្ដុះបណ្ដាល​ ដើម្បី​ឱ្យ​ពួក​គាត់​យល់។ បើ​ថា​គាត់​មិន​យល់​ពីសា​រៈ​ប្រយោជន៍​ព្រៃឈើ​ទេ នឹង​ពន្យល់​ថា ​តើ​ព្រៃឈើ​ហ្នឹង​មាន​សារៈ​ប្រយោជន៍​អី​ខ្លះ​សម្រាប់​យើង។ សម្រាប់​អាត្មា ​ជាទូទៅ​ អាត្មា​តែងតែ​ប្រាប់​គាត់​ថា ​មនុស្សយើង​ដែល​កើតមក​រវាង​ព្រៃឈើនិង​មនុស្ស​កើតមក​គឺ​ត្រូវការ​ឈើ​ដែរ យើង​ពីដើម​ ពេល​មានគ្រួសារ​ ពេល​មានកូន សម្រាលកូន​មក ​យក​ឈើ​ដុត​ធ្វើជា​ធ្យូង យក​ធ្យូង​ហ្នឹង​មក​ដុត​ឆ្អើរ រហូតដល់​កើតមក​រហូតដល់​ស្លាប់​ទៅវិញ ​គេច​មិន​ផុត​ពី​ការពឹងពាក់​ព្រៃឈើ​ទេ ​អាត្មា​តែង​ពន្យល់​គាត់​បែបហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ