កម្ពុជា​​រក​​ឃើញ​​មនុស្ស​ម្នាក់​​ទៀត​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ពាក់​ព័ន្ធ​​ករណី​​ឆ្លង​​ក្នុង​​សហ​គមន៍​​

ទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩ នៅបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ((ម៉ិច ដារ៉ា)

កម្ពុជា​បាន​រក​ឃើញ​ពលរដ្ឋ​កម្ពុជា​ម្នាក់ទៀត​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​កើតឡើង​កាលពី​ចុងខែ​វិច្ឆិកា​កន្លងមក​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មីនេះត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​កម្ពុជា​ អាយុ២៦ឆ្នាំ ដែល​ស្នាក់នៅ​ក្នុង​ខណ្ឌដូនពេញ ហើយ​បច្ចុប្បន្ន​នេះ ស្ត្រី​រូប​នេះត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

ក្រសួង​បានឱ្យ​ដឹង​ទៀត​ថា ស្ត្រី​រូប​នេះគឺជា​មិត្តភក្តិ​នឹង​បុរស​កម្ពុជា ​អាយុ៣៥ឆ្នាំ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វីដ១៩ កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ បន្ទាប់ពី​បាន​ធ្វើដំណើរ​ទៅ​ហាង​លក់​សម្លៀកបំពាក់ Zando កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា។

កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់ទៅ៤០នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ ចាប់តាំងពី​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា​កន្លងមក​នេះ។

គិត​មកដល់​ថ្ងៃនេះ មនុស្ស​ដល់ទៅ៣៥៧នាក់​ហើយត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩នៅក្នុង​ប្រទេស​កម្ពុជា ​គិត​ចាប់តាំងពី​ចុងខែ​មករា​ដើមឆ្នាំ​នេះ​មក ហើយ​ក្រសួង​និយាយ​ថា អ្នកជំងឺ​សរុប៣០៧នាក់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ខណៈ​អ្នកជំងឺ៥០នាក់​ទៀតកំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត ក្នុង​នោះ ៣៧នាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ