អាល្លឺម៉ង់​​ផ្ដល់​​កម្ចី​៣០​លាន​​អឺ​រ៉ូ​ប​ន្ថែ​ម​ទៀ​ត​ដល់​​កម្ពុជា​​សម្រាប់​​គម្រោង​​ថាមពល​​អគ្គិសនី​

មន្ត្រីអគ្គិសនីកម្ពុជា កំពុងតបណ្ដាញអគ្គិសនី នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ផ្ដល់​កម្ចី​ទំហំ៣០លាន​អឺរ៉ូ ឬប្រហែល​ជាង៣៦,៤លាន​ដុល្លារ​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ថាមពល​របស់​ប្រទេស​កម្ពុជា។

ការសម្រេច​បែបនេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ។

ស្ថានទូត​អាល្លឺម៉ង់ បាន​និយាយ​ថា ឥណទាន​ដែល​មាន​អត្រា​ការប្រាក់​សម្បទាន​ខ្ពស់​នេះ នឹង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនិង​ពង្រីក​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ​តាម​ជនបទ​របស់​កម្ពុជា ដែល​មាន​គោលដៅ​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ឈាន​ទៅ​សម្រេច​ទៅតាម​ការសន្យា​របស់​ប្រទេស​នេះ​ថា នឹង​ទទួល​បាន​ថាមពល​ប្រើប្រាស់​ជាស​កល​នៅ​ត្រឹម​ឆ្នាំ២០៣០ខាងមុខ។

អគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Christian Berger ត្រូវ​បាន​ដកស្រង់​សម្ដី​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ថា បណ្ដាញ​ថាមពល​កាន់តែ​ប្រសើរ គឺ​ល្អ​ប្រសើរសម្រាប់​ប្រជាជន ល្អ​សម្រាប់​សេដ្ឋកិច្ច និង​សម្រាប់​ភពផែន​ដី។

លោក Christian Berger និយាយ​ថា៖ «គោលដៅ​នៃ​ការ​វិនិយោគ​របស់​អាល្លឺម៉ង់ គឺ​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ប្រសើរ​ជាង​មុន ថាមពល​មានតម្លៃ​ទាប​ជាង​មុន ការ​ផ្គត់ផ្គង់​ថាមពល​ដែល​អាច​ទុកចិត្ត​បាន​ជាង​មុន និង​ការភាយ​ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង​មុន»។

ស្ថានទូត​អាល្លឺម៉ង់ និយាយ​ថា កម្ចី​ទំហំ៣០លាន​អឺ​រ៉ូ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្ចី៦០លាន​អឺ​រ៉ូដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សន្យា​ផ្ដល់​មក​កម្ពុជា​កាលពី​ឆ្នាំ២០១៨ ប៉ុន្តែថា អត្រា​ការប្រាក់​សម្រាប់​កម្ចី​ទំហំ៣០លាន​អឺរ៉ូ​នេះ នឹង​ត្រូវ​បាន​កាត់បន្ថយ។

បើ​តាម​ស្ថានទូត​អាល្លឺម៉ង់ ការ​វិនិយោគ​កាលពី​ឆ្នាំ២០១៨កន្លងមក បាន​ជួយ​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន២ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ការ​បញ្ជូន​ថាមពល​សុទ្ធ​កើនឡើង២០ភាគរយ ហើយ​ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា ចំនួន១ម៉ឺន៥ពាន់​គ្រួសារ​ថែមទៀតទទួល​បាន​ថាមពល​អគ្គិសនី​ប្រើប្រាស់។

ស្ថានទូត​អាល្លឺម៉ង់​បញ្ជាក់​ថា រដ្ឋាភិបាល​មហាអំណាច​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​មួយ​នេះ ក៏បាន​ផ្ដល់​ថវិកា៩,៥លាន​អឺ​រ៉ូ ឬជាង១១,៥លាន​ដុល្លារ​ សម្រាប់​កម្ពុជា​ឆ្លើយតប​នឹង​កូ​វីដ១៩ផង​ដែរ​នៅ​ឆ្នាំនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ