អង្គការសិទ្ធិមនុស្សអន្តរជាតិមួយ បានទាមទារទៅធនាគារពិភពលោកឱ្យស៊ើបអង្កេតទៅលើការរំលោភបំពានសិទ្ធិមនុស្សលើប្រជាពលរដ្ឋកម្ពុជាពីសំណាក់ប្រតិបត្តិករផ្ដល់កម្ចីនៅក្នុងប្រទេសនេះ ដែលទទួលបានឥណទានពីស្ថាប័នផ្ដល់កម្ចីអន្តរជាតិមួយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយថា សម្ព័ន្ធធនាគារពិភពលោកគួរតែស៊ើបអង្កេតទៅលើការលើកឡើងថា មានការលក់ដីធ្លីដោយបង្ខំ និងការរំលោភបំពានសិទ្ធិមនុស្សជាប់ពាក់ព័ន្ធនឹងកម្ចី«ជញ្ជក់ឈាម» និងបំណុល«វ័ណ្ឌក»នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ក្រុមសិទ្ធិមនុស្សមួយនេះលើកឡើងថា បញ្ហារ៉ាំរ៉ៃមួយនេះមានស្ថានភាពកាន់តែអាក្រក់ថែមទៀតអំឡុងពេលវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺឆ្លងរីករាលដាលកូវីដ១៩។
អង្គការមួយនេះបានទាមទារបែបនេះ បន្ទាប់ពីស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានសម្រេចវិនិយោគទឹកប្រាក់៥០លានដុល្លារបន្ថែមទៀត ទៅដល់ស្ថាប័នផ្ដល់កម្ចីធំៗចំនួន២នៅកម្ពុជា កាលពីខែមិថុនាកន្លងមក រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងហត្ថាកសិករ។
ស្ថាប័នផ្ដល់កម្ចីអន្តរជាតិ IFC មួយនេះដែលចំណុះឱ្យធនាគារពិភពលោក បានប្រកាសថា កញ្ចប់កម្ចីបន្ថែម៥០លានដុល្លារនេះ គឺបានមកពីការវិនិយោគរបស់រដ្ឋាភិបាលអាមេរិក «ដើម្បីបន្តផ្ដល់កម្ចីដល់អាជីវកម្មខ្នាតតូច» និង «គាំទ្រដល់កម្មវិធីផ្ដល់កម្ចីរបស់អម្រឹត និងហត្ថាកសិករ ដែលទម្លាក់កម្ចីទៅដល់សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យមនៅកម្ពុជា»។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ហ្វីល រ៉ូប៊ឺតសុន និយាយនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា ម្ចាស់ជំនួយទៅដល់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មិនគួរបំប៉នប្រព័ន្ធមួយដែលកំពុងរំលោភបំពានសិទ្ធិមនុស្សរបស់កូនបំណុលជាប់ជំពាក់ប្រាក់កម្រិតខ្ពស់ ដែលកំពុងតស៊ូនឹងវិបត្តិសុខភាពសាធារណៈនិងសេដ្ឋកិច្ចនោះឡើយ។
លោក ហ្វីល រ៉ូប៊ឺតសុន និយាយបន្តថា៖ «សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងម្ចាស់ជំនួយមីក្រូហិរញ្ញវត្ថុដទៃទៀត គួរតែធ្វើការស៊ើបអង្កេតដល់ទីកន្លែងទៅតាមលក្ខណៈសិទ្ធិមនុស្ស មុននឹងធ្វើការវិនិយោគបន្ថែមនៅក្នុងវិស័យនេះ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានរំឭកថា របាយការណ៍វាយតម្លៃពីស្ថានភាពទីផ្សារមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (MIMOSA) ដែលធ្វើឡើងដោយស្ថាប័នខាងក្រៅមួយកាលពីខែមីនាក្នុងឆ្នាំនេះ បានរកឃើញពីបញ្ហាធ្ងន់ធ្ងរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា។ លទ្ធផលនៃការរកឃើញនោះ គឺផ្អែកទៅលើទិន្នន័យដែលស្ថាប័នវាយតម្លៃនោះបានទទួលពីស្ថាប័នផ្ដល់កម្ចីអន្តរជាតិ IFC។
របាយការណ៍ MIMOSA បានរកឃើញថា អត្រាភាពឆ្អែតនៃទីផ្សារឥណទាននៅកម្ពុជា មានកម្រិតខ្ពស់បំផុតនៅក្នុងចំណោមប្រទេសចំនួន ១១ ដែលត្រូវសិក្សានៅក្នុងរបាយការណ៍នោះ។
បើតាមរបាយការណ៍នេះ ទំហំកម្ចីនៅកម្ពុជាបានកើនឡើងយ៉ាងលឿនរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលបង្កឱ្យអ្នកខ្ចីជំពាក់បំណុលវ័ណ្ឌក ហើយថា រដ្ឋាភិបាលកម្ពុជាគ្មានគោលនយោបាយច្បាស់លាស់ ដើម្បីគ្រប់គ្រងការទម្លាក់កម្ចីនិងការប្រមូលបំណុលបែបបំពាននោះឡើយ។
ក្រុមសិទ្ធិមនុស្សក្នុងស្រុក រួមមាន អង្គការលីកាដូ និងសមាគមធាងត្នោត បានបង្ហាញក្ដីបារម្ភរបស់ពួកគេផងដែរអំពី «ការរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ និងធ្ងន់ធ្ងរ» និង «ការគំរាមកំហែង» ទៅដល់គ្រួសារជាប់បំណុលវ័ណ្ឌកពីសំណាក់ប្រតិបត្តិករផ្ដល់កម្ចីនៅក្នុងកម្ពុជា៕