នាយក​​រដ្ឋ​មន្ត្រី​​ប្ដេជ្ញា​​អភិ​រក្ស​​តំបន់​​អង្គរ​​ចំ​​ខួប​២៨​ឆ្នាំ​​ថ្ងៃ​​ចុះ​បញ្ជី​​បេតិក​ភណ្ឌ​​វប្បធម៌​​ពិភព​លោក​​

ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត កាលពីខែតុលា ឆ្នាំ២០១៨។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​ថា អង្គរវត្ត​ជាគោល​ដៅ​ទេសចរណ៍​លេខ១លើ​ពិភពលោក។

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ បាន​លើកឡើង​បែបនេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ ចំ​ខួប ២៨ឆ្នាំ​ នៃ​ថ្ងៃ​ដែល​រមណីយដ្ឋាន​អង្គរ​របស់​កម្ពុជា ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រៀបរាប់​ថា៖ «រដ្ឋាភិបាល​កម្ពុជា​បាន​បេ​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ»។

សំ​ណេរលើ​ទំព័រ​ហ្វេសប៊ុក​រៀបរាប់​បន្ត​ថា៖ «បច្ចុប្បន្ន អង្គរវត្ត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​លេខ១នៅ​លើ​ពិភពលោក ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់​មក​ទស្សនា និង​បាន​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ប្រទេស​កម្ពុជា»។

តំបន់​អង្គរវត្ត​ដែល​ប្រមូល​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​ជាង ១ ០០០ នៅក្នុង​ខេត្តសៀមរាប ត្រូវ​បាន​ចាត់​ថ្នាក់​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​លំដាប់​ទី១ នៅក្នុង​បញ្ជី​តំបន់​ទេសចរណ៍៥០០កន្លែងនៅ​លើ​ពិភពលោក​ របស់​ទស្សនាវដ្ដី Lonely Planet កាលពី​ឆ្នាំ២០១៥កន្លងមក​នេះ។

តួលេខ​របស់​គ្រឹះស្ថាន​អង្គរ បង្ហាញថា ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង២លាន៥៩ម៉ឺន​នាក់​ កាលពី​ឆ្នាំ២០១៨ ដោយមាន​កំណើន៥,៤៥ភាគរយ ​បើ​ធៀប​នឹង​តួលេខ​នៅ​ឆ្នាំ២០១៧ ប៉ុន្តែភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​តំបន់​បេតិកភណ្ឌ​មួយ​នេះ បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ជាង២លាន២០ម៉ឺន​នាក់​វិញ ​កាលពី​ឆ្នាំ២០១៩កន្លងមក​នេះ ដោយ​បាន​ធ្លាក់ចុះ១៤,៨៦ភាគរយ​បើ​ធៀប​នឹង​មួយឆ្នាំ​មុន។

សម្រាប់​ឆ្នាំ២០២០ ដែល​ពិភពលោក​ប្រឈមមុខនឹង​ការវាយប្រហារ​ពី​ជំងឺ​កូ​វីដ១៩នោះ ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​ក្នុងរយៈពេល១១ខែ​កន្លងមក​នេះ បាន​ធ្លាក់ចុះ​ដល់ទៅ៧៩,៩៩ភាគរយ បើ​ធៀប​នឹង​តួលេខ​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ទោះជាយ៉ាងណា តំបន់​រមណីយដ្ឋាន​អង្គរ​របស់​កម្ពុជា មិន​ស្ថិតនៅ​ក្នុង​បញ្ជី​តំបន់​ទេសចរណ៍​៥០កន្លែងនៅ​លើ​ពិភពលោកដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ច្រើន​បំផុត​នោះ​ឡើយ។

ក្នុង​បញ្ជី​របស់​ទស្សនាវដ្ដី Travel & Leisure របស់​អាមេរិក តំបន់​ផ្សារ​បុរាណ Grand Bazaar ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​កគី ជាប់​ចំណាត់ថ្នាក់​លេខ១ ជា​តំបន់​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត ​រហូតដល់​ជាង៩១លាន​នាក់​ក្នុង​មួយឆ្នាំ ខណៈ​សំណង់​ប្រាសាទបុរាណ Taj Mahal របស់​ឥណ្ឌា ស្ថិតនៅ​ចំណាត់​ចុងក្រោយ​គេ​នៃ​បញ្ជី​នោះ ដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ចន្លោះ​ពី៧ទៅ៨លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ