ការ​គ្រប់គ្រង​សំរាម​នៅ​ខេត្ត​ព្រះ​សីហនុ​បាន​ល្អ​ជាង​មុន​​

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីនិងពលរដ្ឋរើសសំរាមនៅតាមឆ្នេរក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ គួចចំរើន/KuochChamroeun)

ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុមួយចំនួនអះអាងថា ការគ្រប់គ្រងសំរាមនៅទីនោះមានភាពល្អប្រសើរជាងមុន បន្ទាប់ពីការបង្កើនធុងនិងដាក់វិធានការពិន័យចំពោះអ្នកទុកដាក់សំរាមមិនត្រឹមត្រូវ។​

អ្នករស់នៅក្រុងព្រះសីហនុ កញ្ញា ញ៉ន ស៊ី លើកឡើងថា ដោយសារតែអាជ្ញាធរមានយុទ្ធសាស្ត្រថ្មី ដូច្នេះសំរាមមិនសូវមានច្រើនដូចមុនទេ។ កញ្ញាបន្តថា ទន្ទឹមនឹងការបង្កើនធុងសំរាមនិងវិធានការផាកពិន័យ ការបង្កើនការអប់រំជាចំណុចសំខាន់ដែលមិនអាចខ្វះបាន។​​

កញ្ញា ញ៉ន ស៊ី៖ «ទោះបីត្រូវមានធុងសំរាមរាប់រយរាប់ពាន់ក៏ដោយ ប៉ុន្តែវាផ្តល់ផលប្រយោជន៍ដល់ប្រជាជន នឹងអប់រំគាត់ ធ្វើឱ្យគាត់ខ្មាសអៀន ពេលចោលសំរាមពាសវាលពាសកាល»

បុគ្គលិកសណ្ឋាគារមួយនៅខេត្តព្រះសីហនុ លោក ថុល ចាន់ណារ៉ា ថ្លែងថា ភ្លៀវទេសចរធ្លាប់ប្រាប់លោកថា នៅកម្ពុជាមានសំរាមច្រើន។​ លោកបន្តថា ការអប់រំជារឿងសំខាន់ ដើម្បីឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់នៃការចោលសំរាមមិនត្រឹមត្រូវ។​

អ្នកធ្វើការនៅសណ្ឋាគារទល់មុខឆ្នេរអូរត្រេះ លោក ជា គា លើកឡើងថា ក្រុមការងាររបស់លោកតែងតែជួយសម្អាតឆ្នេរ ទាំងសំរាមលើគោកនិងសំរាមអណ្តែតទឹក។​ លោកបន្តថា ពីមុនមានសំរាមច្រើន ប៉ុន្តែឥលូវមានភាពប្រសើរ។​ លោកបន្តថា ភាពប្រសើរដោយសារតែអាជ្ញាធរបង្កើនការអប់រំ បង្កើនធុងសំរាម និងដាក់សមត្ថកិច្ចប្រចាំការរង់ចាំផាកពិន័យចំពោះអ្នកចោលសំរាមមិនត្រឹមត្រូវ។​

សហនាយកនៃអង្គការម្លប់តាប៉ាង លោកស្រី Maggie Eno មានប្រសាសន៍ថា ទន្ទឹមនឹងការគ្រប់គ្រងសំរាមនៅខេត្តព្រះសីហនុបានប្រសើរឡើងនេះ អាជ្ញាធរក៏ត្រូវបង្កើនការអប់រំឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់នៃសំរាមប្លាស្ទិកផងដែរ។​

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា អំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមរក្សាអនាម័យ ក៏ដូចជាថែរក្សាបរិស្ថានដើម្បីផលប្រយោជន៍រួម។​

លោក តាំង សុចិត្រគ្រឹស្នា៖ «យើងត្រូវចូលរួមនិងសហការគ្រប់វិស័យ ជាពិសេសប្រជាជនខ្លួនឯងត្រូវញែកសំរាមនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការណែនាំឱ្យបានល្អ រដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគ ឱ្យប្រើសំរាមជាប្រយោជន៍។ ខ្ញុំស្នើសុំឱ្យមានការចូលរួម ជាពិសេសអ្នកលក់ អ្នកប្រតិបត្តិករ ប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះការថែរក្សាបរិស្ថានធម្មជាតិ ធនធានសេវាកម្មល្អ និងអនុវត្តបាននូវសុវត្ថិភាពទេសចរណ៍»។​

អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានមានប្រសាសន៍ថា បច្ចុប្បន្ន រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនឯកជនមានប្រមាណ១០០គ្រឿង។ លោកបន្តថា សំរាមទាំងនោះដឹកយកទៅទុកនៅស្រុកព្រៃនប់ មានចម្ងាយ៣២គីឡូម៉ែត្រពីក្រុងព្រះសីហនុ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ