សហ​គមន៍​​ស្នើ​​ឱ្យ​​មាន​​វិធាន​ការ​​លើ​​អ្នក​​កាប់​​ឈើ​​តំបន់​​ប្រាសាទ​

ឈើ​មួយចំនួន​ក្រោយ​រង​ការ​កាប់​រំលំ នៅ​តំបន់​ប្រាសាទ ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ផ្ដល់​ឱ្យ​)

​ប្រជា​សហគមន៍​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ឱ្យ​ចាត់វិធានការ​លើ​អ្នក​ដែល​កាប់​ឈើ​នៅ​ទីទួល​ប្រាសាទបុរាណ និង​ជា​តំបន់​អភិរក្ស​ទៅតាមច្បាប់ ហើយ​ទប់ស្កាត់​កុំឱ្យ​បទល្មើស​របៀប​នេះ​កើតឡើង​ទៀត។

ប្រជា​សហគមន៍​អះអាង​ថា មាន​ករណី​កាប់​ដើមឈើ​នៅ​តំបន់​ទួល​ប្រាសាទបុរាណ និង​ជា​កន្លែង​អភិរក្ស​នៅភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច​ កាលពី​ថ្ងៃទី៨ ខែធ្នូ ប៉ុន្តែ​រហូតដល់​ថ្ងៃទី១៥ ខែធ្នូ​ នៅ​មិនទាន់​មាន​ចំណាត់ការ​អ្វី​នៅឡើយ​នោះ​ទេ។

សកម្មជន​អភិរក្ស​ធនធាន​ធម្មជាតិ​នៃ​សហគមន៍​ឡពាង និង​ជា​គណៈកម្មការ​សាលាបុណ្យ​ប្រាសាទ​ទួល​ក្រសាំង​ លោក​ ស្ងួន ញឿ​ន បាន​ឱ្យដឹង​ថា​ លោកបាន​ជូនដំណឹង​ទៅកាន់​អាជ្ញាធរ​ពី​កា​រកាប់​ដើមឈើ​នៅ​សហគមន៍​អភិរក្ស​ឡពាង ប៉ុន្តែ​លោក​ថា មិនទាន់​មាន​ចំណាត់ការ​អ្វី​នោះ​ទេ។

លោក​ថា៖ «មកដល់ពេលនេះ​មិនទាន់​ឃើញ​អាជ្ញាធរ​ណា​ឆ្លើយតប​ទេ ជនល្មើស​នៅតែ​ប្រព្រឹត្ត​ដដែល គាត់​កាប់​អស់៣ដើម​ហើយ​មកដល់​ពេល​ហ្នឹង ហើយ​គាត់​[ជនល្មើស​]ថា​ នឹង​កាប់​ទាល់តែ​អស់​ព្រៃឈើ​ហ្នឹង។ ខ្ញុំ​អស់សង្ឃឹម​មែនទែន ព្រោះ​ប្រជាពលរដ្ឋ​ពឹង​លើ​អាជ្ញាធរ ប៉ុន្តែ​អាជ្ញាធរ​រាយការណ៍​ឱ្យទៅ​បង្ក្រាប​បទល្មើស​ទាំងអស់​ហ្នឹង បែរជា​គាត់​មិនទៅ​រាយការណ៍ឬក៏​មិនទៅ​បង្ក្រាប ហើយ​អត់មាន​ធ្វើ​លិខិត​ហាមឃាត់​អី​ទាល់តែសោះ។ ខ្ញុំ​អស់ស​ង្ឃឹ​មមែ​នទែន​ដែលគេ​កាប់ព្រៃ​ឈើ ​ហើយ​អាជ្ញា​ធរ​ឱបដៃ​ឈរ​មើល»។

លោក​បញ្ជាក់​ថា កាលពី​ឆ្នាំ២០១៣ លោក ប៉ែន ងំ ប្រគល់​ដី៤០ម៉ែត្រ​បួនជ្រុង​ដាក់បញ្ចូល​ក្នុង​ដី​អភិរក្ស​របស់​សហគមន៍ ប៉ុន្តែ​ក្រោយពេល​លោក ប៉ែន ងំ ស្លាប់​បាត់ កូន​របស់​លោក​ឈ្មោះ ឌុច តារា បន្ត​ចូល​កាប់​ឈើ​នៅ​ទីនោះ ​ដោយ​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ប៉ុន្តែ​ខាង​ប្រជា​សហគមន៍​អះអាង​ថា ដើមឈើ​និង​របស់​ផ្សេងទៀត​នៅ​លើ​ដី​នោះ​ក្លាយជា​របស់​សហគមន៍​ហើយ។

ប្រធាន​សហគមន៍​បរិស្ថាន​ធម្មជាតិ​ឡពាង ​អ្នកស្រី អ៊ុំ សុភី ថ្លែង​ថា អ្នកស្រី​សោក​ស្តាយ​ចំពោះ​ការ​កាប់​ដើមឈើ​ដែល​ប្រជា​សហគមន៍​ខំ​ថែរក្សា​នេះ។

អ្នកស្រី​ថា៖ «គាត់​អត់​គិត​នូវ​ប្រយោជន៍​រួម គាត់​អត់​ស្រឡាញ់​ធម្មជាតិ​របស់​ដែល​យើង​ខំប្រឹង​ថែរក្សា​តាំងពី​តូច​រហូត​ដល់​ធំៗ​ប៉ុ​ណ្ណឹង ​គាត់​កាប់​ដោយ​មិន​សុំ​អ្នកណា ដោយ​ឯកភាព​តែខ្លួន​ឯង»។

អ្នកស្រី សុភី សំណូមពរ​ឱ្យក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​រួមមាន ​ក្រសួងបរិស្ថាន និង​ក្រសួងវប្បធម៌ ចុះ​មក​ត្រួតពិនិត្យនិង​ដាក់«​ព្រៃ​សហគមន៍​ឡពាង»​ចូល​ទៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង ដើម្បី​ការពារ​កុំ​ឱ្យជនល្មើស​មក​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗទៀត ព្រោះ​ទីនោះ​ជាទី​តាំង​ប្រាសាទបុរាណនិង​ជា​កន្លែង​អភិរក្ស​ធនធាន​ធម្មជាតិ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឌុច ប៊ុ​នហេង ប្រធាន​ភូមិ​ឡពាង ថ្លែង​ថា លោក​មិន​មាន​សិទ្ធិ​ក្នុង​ការ​ហាមឃាត់​មិន​ឱ្យកាប់​ទេ ព្រោះ​នៅក្នុង​កិច្ចសន្យា​សម្បទាន​របស់​លោក ប៉ែន ងំ ដែល​ជា​ឪពុក​របស់​បុរស​កាប់​ (ឌុច តារា​) ឈើ​នោះ​ មិន​មាន​ដាក់បញ្ចូល​ដើមឈើ​ទេ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ទាមទារ​សុំ​មើល​កិច្ចសន្យា​កាល​មេភូមិ​មុនគេ​ធ្វើ បើសិនជា​មេភូមិ​មុនគេ​ធ្វើ​ គេដាក់​លក្ខខណ្ឌថា​ ឯកសារ​ណាមួយ​សម្បទាន​ដី៤០ម៉ែត្រ​បួនជ្រុង​ ទាំង​ដើមឈើ​មាន​ប៉ុន្មាន​ដើម​ហ្នឹង​ទុកឱ្យប្រើប្រាស់​ជា​រួម អា​ហ្នឹង​គាត់​ជា​ម្ចាស់​សម្បទាន​ក៏​អត់មាន​សិទ្ធិ​កាប់​ដែរ។ ការ​សម្បទាន​របស់​គាត់​ មិន​មាន​ដាក់​ដើមឈើ​ចូល​ជាមួយ​ដី​ទេ គាត់​សម្បទាន​តែ​ដី​ទេ»។

ចំណែក​ឯលោក នួន ស៊ន មេឃុំ​តាជេស បាន​ឱ្យដឹង​ថា ម​កទល់​ពេលនេះ ​លោក​មិនទាន់​បាន​ទទួល​ដំណឹង​អ្វី​ពី​ការ​កាប់​ដើមឈើ​នោះ​នៅឡើយ​ទេ។

លោក​ថា៖ «ខ្ញុំ​អត់​ដឹង​ដែរ អត់មាន​ឃើញ​ឱ្យដំណឹង​អី​មក​ផង រឿង​ដើមឈើ​ដើម​ព្រៃ​ហ្នឹង»។

លោក​ ស្ងួន ញឿ​ន ប​ញ្ជា​ក់​ថា ​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ២០១០ ដោយមាន​គណៈកម្មការ​ចំនួន៣០នាក់ ​ដើម្បី​ថែរក្សា​សម្បត្តិ​ធម្មជាតិ ​ដូចជា ​ត្រី ព្រៃឈើ និង​ធនធាន​ធម្ម​ជា​តិ​ផ្សេង​ៗទៀត។

លោក​បន្ត​ថា នៅ​ឆ្នាំ២០១៣ លោក ប៉ែន ងំ បាន​សម្បទាន​ដី​ទីទួល​ប្រាសាទ​នោះ​ឱ្យ​មក​សហគមន៍ដើម្បី​ធ្វើជា​សាលាបុណ្យ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​បាន​ធ្វើ​លិខិតស្នាម​ជា​លាយ​លក្ខណ៍អក្សរនិង​ស្នាមមេដៃ​ផង​ដែរ​៕

អត្ថបទ​ដោយ ប៉ា តុង​ចិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ