ក្រសួង​​ថា ​ក្រុម​ហ៊ុន​​មួយ​​នឹង​​ទិញ​​បន្លែ​​សុវត្ថិ​ភាព​​ពី​​កសិករ​​ស្រុក​​ស្អាង​ ក្រោយ​​កសិករ​​ថា​​ដាំ​​បន្លែ​​គ្មាន​​ទី​ផ្សារ​​

បុរស​កសិករ​ម្នាក់​លើក​បង្ហា​ញប​ន្លៃ​សាឡាត់​របស់​គាត់​នៅ​ទីតាំង​ដាំ​បន្លែ​របស់​គាត់ ស្ថិតនៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ (ផ្ដល់​ឱ្យ​)

ក្រសួង​កសិកម្ម ឱ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​មួយគ្រោង​ចុះ​កិច្ចសន្យាធានា​ទិញ​បន្លែ​សុវត្ថិភាពពី​កសិករ​​ឈ្មោះ តៃ សុង នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ក្រោយពី​កសិករ​មួយចំនួនបាន​ត្អូញត្អែរ​ថា​បន្លែ​របស់​ពួក​គាត់​ប្រឈម​នឹង​ការ​ឈូស​ចោល ដោយសារ​គ្មាន​ទីផ្សារ។

កាលពី​ថ្ងៃទី១១ ខែធ្នូ ថ្មី​ៗនេះ កសិករ​ដាំបន្លែសាលាដមួយចំនួន​រស់នៅ​ឃុំ​ទឹកវិល ស្រុក​ស្អាង ខេត្តកណ្តាល ក្នុង​នោះ​ក៏​មានលោក តៃ សុង បាន​ត្អូញត្អែរ​ថា បន្លែ​របស់​ពួក​គាត់​ប្រឈម​នឹង​ការ​ឈូស​ចោល​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បើសិន​នៅតែ​ពុំ​មាន​ទីផ្សារ​សម្រាប់​លក់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វីដ១៩ និង​ការនាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ច្រើន។

ជា​ការ​ឆ្លើយតប អគ្គនាយក​ដ្ឋាន​កសិកម្ម​ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ដោយសារតែលោក ​តៃ សុង មិនបាន​ចូលរួម​អនុវត្ត​តាម​គោល​កា​រណ៍​ស្តង់​ដារ​បន្លែ​សុវត្ថិភាព និង​មិនបាន​ចូលរួម​ក្នុង​បណ្តុំ​អាជីវកម្មឬសហគមន៍​អាជីវកម្ម ទើប​ធ្វើ​ឱ្យ​បន្លែ​របស់​គាត់​ពិបាក​រក​ទីផ្សារ។

ក្រសួង​បន្ត​ថា ស្រប​ពេល​គ្នា​នេះ​ដែរ កសិករ​ជាច្រើនបាន​ងាក​ទៅ​ដាំដុះ​សាលាដ​ក្នុង​ពេល​តែមួយ ដែល​បណ្ដាល​ឱ្យ​បរិមាណ​សាលាដ​កើនឡើង​លើស​តម្រូវការ​ទីផ្សារ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វីដ១៩ ធ្វើ​ឱ្យ​តម្លៃ​បន្លែ​មានការ​ធ្លាក់ចុះ។ 

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​ថា ក្រុមហ៊ុន TROPICAM បាន​ជួប​ជាមួយលោក តៃ សុង ដើម្បី​ពិភាក្សា​អំពី​កិច្ចសន្យាធានា​ការទិញ​បន្លែ​សុវត្ថិភាពដែល​ផលិត​បាន​នៅ​ឆ្នាំ២០២១។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង បញ្ជាក់​ដែរ​ថា អគ្គនាយក​ដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី-ខេត្ត បាន​និង​កំពុង​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដារ​ការអនុវត្ត​កសិកម្ម​ល្អ ជំរុញ​ការ​ចងក្រង​បណ្ដុំ​អាជីវកម្ម​ផលិត​បន្លែ និង​សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា។

ក្រសួងក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ចូលរួម​ដាំដុះ​បន្លែ​តាម​ស្តង់​ដា​រសុវត្ថិភាព ចូលរួម​ក្នុង​បណ្តុំ​អាជីវកម្ម​ផលិត​បន្លែ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ «CAMAgriMarket App» ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​ផែនការ​ផលិតកម្ម​តាម​ប្រភេទ​បន្លែ តាម​រដូវ​កាល​ដាំដុះ និង​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធានា​គុណភាព សុវត្ថិភាព និង​និរន្តរភាព​ទីផ្សារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ