វិភាគ៖ ពេល​ណា​​កម្ពុជា​​អាច​​ដាំ​​បន្លែ​​ហូប​​ខ្លួន​ឯង​​គ្រប់​គ្រាន់​?

ស្ត្រីជាកសិករម្នាក់កំពុងស្រោចបន្លែ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល កាលពីដើមឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

កម្ពុជា​គឺជា​ប្រទេស​កសិកម្ម​ ហើយ​កត្តា​ភូមិសាស្ត្រ​មាន​បឹង ស្ទឹង ព្រែក ទន្លេ និងសមុទ្រ ហើយ​ដី​មានជីជាតិ ប៉ុន្តែ​ការ​នាំ​បន្លែ​ផ្លែឈើ ត្រី សាច់ ពីក្រៅ​ប្រទេស ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នៅក្នុង​ស្រុក​នៅតែ​បន្ត​មាន។ 

បើ​តាម​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម លើកឡើង​ថា បន្លែ​ដែល​នាំចូល​ជា​ប្រភេទ​បន្លែ​ពិបាក​ដាំ​នៅ​កម្ពុជា ​រួមមាន ការ៉ុត ស្ពៃបូកគោ និង​ស្ពៃ​ក្តោប ​ជាដើម។ ក្រៅពីនោះ ​បន្លែ​ធម្មតា​ដែល​នៅ​កម្ពុជា​អាច​ដាំ​បាន​ ក៏​មានការ​នាំចូល​ដែរ។ បន្លែ​ធម្មតា​ដែល​កម្ពុជា​ដាំ​បាន​ ហើយ​មាន​នាំចូល​នោះ​ក៏​មាន​ប្រភេទ​បន្លែសាឡាត់ ស្ពៃ​តឿ ស្ពៃចង្កឹះ ឬបន្លែ​ជា​គ្រឿង​ផ្សំ​ផ្សេង​ៗទៀត។

តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ (CPS​) គឺ​កម្ពុជា​នាំចូល​បន្លែ​ជាមធ្យម២០០ទៅ៤០០តោន​ក្នុង១ថ្ងៃ ហើយ​កម្ពុជា​ត្រូវ​ចំណាយ​លុយ​អស់​ប្រមាណ២០០លាន​ដុល្លារ​ក្នុង១ឆ្នាំ។ បន្លែ​ទាំងនេះ​ភាគច្រើន​នាំចូល​ពី​វៀតណាមនិង​ចិន។

កាលពី​ខែឧសភា ឆ្នាំ២០២០ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុ​ន ពៅ ប្រាប់​វី​អូ​ឌី​ថា ក្នុង១ឆ្នាំ កម្ពុជា​ចំណាយ​ប្រាក់​ជិត១ពាន់​លាន​ដុល្លារ សម្រាប់​ទិញ​ជ្រូក មាន់ ទា និង​បន្លែ ពី​ប្រទេសជិតខាង។ 

អំឡុង​ពេល​ឆ្លង​កូ​វីដ១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរ​តាម​បណ្តា​ខេត្ត​ ដើម្បី​ពិនិត្យ​ទីតាំង​ធ្វើ​កសិកម្ម។ ក្នុង​សុន្ទរកថា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​ពេល​លោក​ទៅ​ពិនិត្យ​កន្លែង​ធ្វើ​កសិកម្ម​ និង​ថ្លែង​សារ​នៅ​កន្លែង​ផ្សេង​ៗទៀត​នោះ លោក​តែង​បង្ហាញ​មោទកភាព​ដែល​ថា​ ប្រទេស​ផ្សេង​ៗកំពុង​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយ​មេរោគ​កូ​វីដ១៩ ប៉ុន្តែ​ជា​ឱកាសល្អ​សម្រាប់​ពង្រឹង​កសិកម្ម​នៅ​កម្ពុជា។

ក្នុង​ឱកាសទៅ​ពិនិត្យ​ទីតាំង​ធ្វើស្រែ​ក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ផ្សេង​ៗទៀត​ ដើរកាត់​វាលស្រែ កាត់​ភក់ កាត់ទឹក ពិនិត្យ​កន្លែង​ភ្ជួរ​រាស់ កន្លែង​ដាំដុះ និង​កន្លែង​ប្រមូល​ផល​ស្រូវ។

ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន ណែនាំ​មន្ត្រី​ឱ្យ​ប្រើ​ឱកាស​ដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​កូ​វីដ១៩ មក​ពង្រឹង​វិស័យ​កសិកម្ម​ដើម្បី​នាំចេញ។

លោក ហ៊ុន សែន៖ «ប្រទេស​ផលិត​ស្បៀង​ជា​ប្រទេស​ត្រូវប៉ាន់ គឺ​ឱកាស​វា​បាន​មកដល់។ យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នេះ​ឱ្យទៅ​ជា​ឱកាស​សម្រាប់​កម្ពុជា ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​នូវ​ប្រភេទ​ស្បៀង​ទាំងឡាយ មិនមែន​តែ​អង្ករ​ទេ។ យើង​នាំចេញ​ទាំង​ម្សៅមី ទាំង​ដំឡូងមី យើង​នាំចេញ​ទាំង​ស្វាយ នាំចេញ​ទាំង​ចេក នាំចេញ​ទាំង​អ្វី​ៗដែល​ជា​ប្រភេទ​ស្បៀង»។

លោក​លើកឡើង​ថា ចំពោះ​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​ដោយសារតែ​កូ​វីដ១៩ អាច​ចាប់ផ្តើម​ជាមួយ​កសិកម្ម​វិញ។

លោក ហ៊ុន សែន៖ «ពលករ​យើង​ប្រមាណ១០ម៉ឺន​នាក់​វិល​មក​ពី​ថៃ​ បាន​វិល​មក​ចូលរួម​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម។ កម្មករ​បាត់បង់​ការងារ​របស់​យើង​ ក៏បាន​មកកាន់​ស្រុកកំណើត​ជាមួយ​ការឧបត្ថម្ភ​ថវិ​កា​ខ្លះ​ៗ ៤០ដុល្លារ​ពី​រាជរដ្ឋាភិបាល ក៏បាន​ចូលរួម​ជាមួយ​ឪពុក​ម្តាយ​ជា​កសិករ​នៅឡើយ។ អ៊ីចឹង​កម្លាំង​បំពេញបន្ថែម​ឱ្យ​វិស័យ​កសិកម្ម​ដែល​បាត់បង់​ពី​វិស័យ​សេវា និង​ឧស្សាហកម្ម និង​ចំណាកស្រុក យើង​មានការ​ងារ​ធ្វើ​ក្នុង​វិស័យ​កសិកម្ម»។

កាលពី​ថ្ងៃទី១៤ ខែកក្កដា ក្នុង​ពិធី​សំណេះសំណាល​មួយ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម ក្នុង​ស្រុក​ពាមរក៍ ខេត្តព្រៃវែង លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កសិកម្ម​នៅ​កម្ពុជា​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដោយ​កូ​វីដ១៩ទេ ថែមទាំង​មានឱកាសល្អ​សម្រាប់​ពង្រឹង​វិស័យ​កសិកម្មទៅវិញ។

នៅ​លើ​ទំព័រហ្វេសប៊ុក​រប​ស់ក្រ​សួង​កសិកម្ម ក៏បាន​បង្ហាញ​ពី​សកម្មភាព និងលើកឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ក្នុង​ក្រសួង​នេះ ក្នុង​ការ​បង្កើន​ការ​ដាំដុះនិង​ចិញ្ចឹមសត្វ​ដែរ។ ទោះ​យ៉ាងណា រដ្ឋាភិបាល​ឬក្រសួង​កសិកម្ម​មិនទាន់​មានការ​បង្ហាញ​របាយការណ៍​ថ្មី ពី​ការកាត់បន្ថយ​ការនាំចូល​បន្លែត្រី​សាច់​បាន​កម្រិត​ណា​នៅឡើយ​ទេ។

ចំពោះ​កសិករ​ នៅតែ​ឃើញ​មាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​បញ្ហា​កសិផល​របស់​ពួក​គាត់​ផលិត​បាន​ហើយ មិន​មាន​ទីផ្សារ​ទិញឬលក់​បាន​ថោក​ពេក ធ្វើ​ឱ្យ​ពួក​គាត់​បង់ខាត​លើ​ការ​ដាំដុះ​នោះ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន មើលឃើញ​បញ្ហា​សំខាន់៤ដែល​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​កម្ពុជា​មិន​អាច​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់ ​គឺ​ខ្វះ​ប្រព័ន្ធ​ទឹក​ស្រោចស្រព ការ​ជ្រើសរើស​ពូជ​ត្រឹមត្រូវ បច្ចេកទេស​ក្នុង​ការ​ដាំដុះ និងទុន​សម្រាប់​ជួយ​ដល់​កសិករ។ ក្នុងចំណោម​បញ្ហា​ទាំង៤នេះ ​លោក​មើលឃើញ​ថា រដ្ឋាភិបាល​កំពុង​ដោះស្រាយ​បាន​មួយ​ផ្នែក​លើ​ប្រព័ន្ធ​ទឹក។

លោក ថេង សាវឿ​ន៖ «រដ្ឋាភិបាល​អាច​ធ្វើ​លើ​ប្រព័ន្ធ​ស្រោចស្រព​បាន​ខ្លះ​ៗ ប៉ុន្តែ​ទ្រង់ទ្រាយ​បែប​ធំ​ទៅតាម​ផែនការ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​ការ​គាំទ្រ​លើ​បច្ចេកទេស​នៃ​ការ​ដាំដុះ ការ​ស្វះស្វែង​រក​នូវ​គ្រាប់ពូជអី​ហ្នឹង នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ​ទេ​ ដោយសារតែ​យើង​ឃើញថា ការ​ចុះ​ពិភាក្សានិងការ​ជួយ​គាំទ្រ​ដល់​កសិករ​នៅតែ​មានកម្រិត​នៅឡើយ»។

សម្រាប់​លោក យ៉ង សាំង​កុមារ លើកឡើង​ថា ដើម្បី​ឱ្យ​កសិកម្ម​នៅ​កម្ពុជា​មាន​លក្ខណៈ​រឹងមាំ អាច​ផ្គត់ផ្គង់​តម្រូវ​ការនៅក្នុង​ស្រុក​គ្រប់គ្រាន់​បាន ​គឺ​ត្រូវ​ចងក្រង​ក្រុម​កសិករនិងរៀបចំ​អ្នកជំនាញ​បង្រៀន​កសិករ​បន្ថែម​លើ​ជំនាញ​ដែល​កសិករ​មានស្រាប់។

លោក យ៉ង សាំង​កុមារ៖ «យើង​ទាមទារ​ឱ្យ​មាន​អ្នកជំនាញ​ដឹកនាំ​ខាង​ការ​ដាំដុះ​បន្លែ​ហ្នឹង ទូទាំង​ប្រទេស​ អាច២០០នាក់​ទៅ! អាច​ធ្វើការ​ជាមួយ​កសិករ​ អាច១ម៉ឺន​នាក់​ទូទាំង​ប្រទេស​ទៅ។ យើង​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន​ហើយ ប៉ុន្តែ​កន្លងមក ​វា​អត់​មានអ៊ី​ចឹង។ អត់មាន​ការកំណត់​តំបន់​ជាក់លាក់ អត់មាន​ការកំណត់​ចំនួន​កសិករ។ អត់មាន​ការដឹកនាំ​ដើម្បី​រៀបចំ​ឱ្យទៅ​ជាក្រុម​កសិករ​ធ្វើការ ផែនការ​ផលិត ការ​សហការ​គ្នា​រវាង​ក្រុម​និង​ក្រុម តំបន់និង​តំបន់»។

តាម​របាយការណ៍​របស់​រដ្ឋាភិបាល ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ដែល​បង្ហាញថា ពលរដ្ឋខ្មែរ​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​ ចន្លោះ​ពី១លាន​ទៅ២លាន​នាក់​នោះ ​គឺ​ភាគច្រើន​ធ្វើការងារ​ខាង​សំណង់និង​វិស័យ​កសិកម្ម។ ពលរដ្ឋខ្មែរ​មួយចំនួន​ក៏​ទៅ​ធ្វើការងារ​នៅប្រទេស​កូរ៉េ​ខាងត្បូងនិង​ជប៉ុន​ផ្នែក​កសិកម្ម​ដែរ។

ដូច្នេះ ​បើសិនជា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​រឹងមាំ​មួយ​កម្រិត​ទៀត​ នោះ​មានផល​ប្រយោជន៍​ទាំង​ចំ​ណេញ​លុយ ​មិនបាច់​ទិញ​បន្លែ​ពី​បរទេស​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក ហើយក៏​អាច​បង្កើន​ការងារ​សម្រាប់​ពលរដ្ឋខ្មែរ​ធ្វើ ​ដោយ​មិន​ចាំបាច់​ចាកចោល​គ្រួសារឬធ្វើដំណើរ​ទាំង​ប្រឈម​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​គេ​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ