អ្នក​​ជំងឺ​​កូវីដ​​១៩​ចំនួន​​៧​​នាក់​​ទៀត​​ជា​​សះ​​ស្បើយ​ ​មាន​​អ្នក​​ជំងឺ​​៥​​នាក់​​ពាក់​​ព័ន្ធ​​ព្រឹត្តិ​ការណ៍​​២៨​​វិច្ឆិកា​ផង​​ដែរ​

មន្ត្រី​ក្រសួងសុខាភិបាល​និង​អ្នកជំនាញ ពិនិត្យ​និង​ចុះ​យក​សំណាក​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​ ចំនួន៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​អ្នក​ជំងឺ​៥​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​ផង​ដែរ ខណៈ​ដែល​មិន​មាន​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​រក​ឃើញ​នោះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ-អាមេរិក​អាយុ៦២​ឆ្នាំ និង​បុរស​ជន​ជាតិ​អាមេរិក ​អាយុ៤២​ឆ្នាំ ដែល​ជា​អ្នក​ដំណើរ​មក​ពី​បរទេស​នោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ហើយ ក្រោយ​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩។

ក្រសួង​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរថា អ្នក​ជំងឺ​កូវីដ​១៩ចំនួន៥​នាក់​ដែល​បាន​ឆ្លង​វីរុស​នេះ​ ក្រោយ​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​២៨​វិច្ឆិកា​នោះ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ​។

បើ​តាម​ក្រសួង អ្នក​ជា​សះ​ស្បើ​យ​ទាំង​៥​នាក់ មាន​កុមារា​ម្នាក់​អាយុ​១២​ឆ្នាំ​ ដែល​ជា​ចៅ​របស់​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ, បុរស​ជន​ជាតិ​ខ្មែរ​ អាយុ៣៦​ឆ្នាំ ដែល​ជា​អ្នក​បើក​បរ​រថយន្ត​ឱ្យ​លោក ឆែម សាវុធ, បុរស​ជន​ជាតិ​ខ្មែរ​​អាយុ​៣០​ឆ្នាំ ជា​ជំនួយ​ការ​របស់​លោក ឆែម សាវុធ, ស្ត្រី​ជន​ជាតិ​ខ្មែរ​ អាយុ៣៦​ឆ្នាំ ដែល​ជា​ភរិយា​របស់​អនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ និង​បុរស​ជន​ជាតិ​ខ្មែរ​ អាយុ​២២​ឆ្នាំ​ ជា​បុគ្គលិក​ហាង​លក់​សម្លៀក​បំពាក់ Pedro។

ទន្ទឹម​គ្នា​នេះ ក្រសួង​ប្រកាស​ថា មិន​មាន​អ្នក​ឆ្លង​ថ្មី​ទេ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​សំណាក់​មក​ពី​មនុស្ស៩១៨​នាក់​ នៅ​ក្នុង​ចំណោម​សំណាក​យក​ពី​មនុស្ស​សរុប១ ១៣៦​នាក់​នៅ​ក្នុង​រយៈ​ពេល២​ថ្ងៃ​កន្លង​មក​នេះ ត្រូវ​បាន​ធ្វើ​តេស្ត​ហើយ ដោយ​លទ្ធផល​អវិជ្ជមាន​ទាំង​អស់។

គិត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​ដល់​ទៅ៣៦២​នាក់​ហើយត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​នោះមនុស្ស៤១​នាក់បាន​ឆ្លង​ជំងឺ​នេះ​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​២៨​វិច្ឆិកា។

ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​១៩ ​ចំនួន៣១៩​នាក់​ហើយត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ​១៩ ​ចំនួន៨​នាក់ ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ