ធនាគារ​ពិភព​លោក​​ព្យាករ​​ថា​ សេដ្ឋ​កិច្ច​​កម្ពុជា​​នឹង​​ងើប​ឡើង​​វិញ​​នៅ​​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​​រង​គ្រោះ​​ធ្ងន់​​នៅ​​ឆ្នាំ​នេះ​

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

​ធនាគារពិភពលោក​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំក្រោយ​នេះ បន្ទាប់ពី​បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដែល​បណ្ដាលមកពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ជាស​កល​នៅ​ឆ្នាំនេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន ធនាគារពិភពលោក​បាន​និយាយ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំនេះត្រូវ​បាន​ព្យាករ​ថា នឹង​ថមថយ​ដក២ភាគរយ ប៉ុន្តែថា មាន​សញ្ញា​ជាច្រើន​បង្ហាញ​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​នេះ។

បើ​តាម​របាយការណ៍​របស់​ធនាគារពិភពលោក សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា ​នឹង​មាន​កំណើន​ឡើងវិញ​ជិត៤ភាគរយ​នៅ​ឆ្នាំ២០២១ខាងមុខ។

ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំក្រោយ​ ត្រូវ​បាន​ធនាគារពិភពលោក​ព្យាករ​បែបនេះ បន្ទាប់ពី​កម្ពុជា​បាន​បន្ធូរ​បន្ថយ​ខ្លះ​ៗនូវ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សង្គម ដែល​ជំរុញ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើងវិញ។

ធនាគារ​មួយ​នេះ​និយាយ​ទៀត​ថា ការ​ព្យាករ​ស្ថានភាព​បែបនេះ ក្រោយពី​បានឃើញ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​កម្ពុជា ជួយ​ទ្រទ្រង់​ឱ្យ​ទំនិញ​សម្រាប់​បរិភោគនិង​ប្រើប្រាស់​មាន​ស្ថិរភាព ហើយ​អាច​គ្រប់គ្រង​កម្រិត​អតិផរណា​បាន។

ទស្សនវិស័យ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំក្រោយ​នេះ ធនាគារពិភពលោក​ថា ក៏ដោយសារតែ​មើលឃើញ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ចូលក្នុង​ឧស្សាហកម្ម​មិនមែន​កាត់ដេរ និង​វិស័យ​កសិកម្ម បន្ត​មាន​កំណើន ព្រោះតែ​កិច្ច​ព្រមព្រៀង​សេរី​ដែល​កម្ពុជា​បាន​ឯកភាព​ជាមួយ​ប្រទេស​មួយចំនួន។

បើ​តាមធនាគារពិភពលោក វិស័យ​នាំចេញ​របស់​កម្ពុជា​ជា​រួម បាន​រងគ្រោះ​ធ្ងន់​ដោយសារតែ​វិបត្តិ​សុខភាព​សកល ប៉ុន្តែការនាំចេញ​កង់ គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និចនិង​យានយន្ត និង​សម្ភារ​រួមផ្សំ បន្ត​កើនឡើង។

ខណៈ​ដែល​វិស័យ​ទេសចរណ៍​ក្នុង​ស្រុកបាន​ជួយ​គាំ​ទ្រ​ខ្លះ​ៗដល់​ដំណើរ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នោះ ធនាគារ​មួយ​នេះនិយាយ​ថា ការនាំចេញ​អង្ករនិង​ផលិតផល​កសិកម្មបន្ត​មាន​កំណើន​ដដែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ