បន្លែប្រើគីមីហួសកម្រិតនាំឱ្យ​កើតជំងឺមហារីក

កសិករនៅស្រុកស្អាងខេត្តកណ្តាល បាញ់ថ្នាំគីមីលើបន្លែ នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០។ រូប ដោយ នង ម៉ៃ ចរីយា

អ្នកជំនាញផ្នែកកសិកម្មអំពាវនាវឱ្យកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់គីមីមិនត្រឹមត្រូវតាមបច្ចេកទេសអាចបង្កផលប៉ះពាល់ច្រើនធ្វើឱ្យអ្នកបរិភោគនិងអ្នកដាំកើតជំងឺផ្សេងៗរួមទាំងជំងឺមហារីក និងប៉ះពាល់ដល់បរិស្ថាន។​

ប្រធានតេប៉ាតឺម៉ង់វិទ្យាសាស្ត្រកសិកម្មនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលាភលោកឈុន តូរី មានប្រសាន៍ថា ចំពោះអ្នកបរិភោគដដែលៗនូវបន្លែ ផ្លែឈើដែលមានសារធាតុគីមីលើសកម្រិត ធ្វើឱ្យប្តូរហ្សែនក្នុងខ្លួន ឈានដល់ពេលមានកូន បាត់បងអវយវ កើតជំងឺក្រពះ ថ្លើម និង ពិសេសជំងឺមហារីកជាដើម។​

លោក ឈុន តូរី ៖«ថ្នាំគីមីមានច្រើនប្រភេទ វាធ្វើឱ្យប៉ះពាល់សារពាង្គកាយ ជាពិសេសពេលដែលយើងហូបទៅសារធាតុហ្នឹងវាដក់ក្នុងបន្លែ ផ្លែឈើក្នុងហ្នឹង បើយើងហូបតិចមិនអីទេ តែបើយើងហូបដដែលៗ ធ្វើឱ្យសារធាតុហ្នឹងបង្កគ្រោះថ្នាក់ ជាពិសេសជំងឺមហារីក»។​

លោកបន្តថា ការ​​​ប្រើប្រាស់​ថ្នាំគីមីគ្រប់ប្រភេទ ទាំងថ្នាំសត្វល្អិត ទាំងជីបំប៉ន ថ្នាំសំលាប់ស្មៅសុទ្ធតែប៉ះពាល់ខ្លាំង ពេលមានការប្រើប្រាស់លើសកម្រិត ដោយសារតែវាសុំា តម្រូវឱ្យមានកាប្រើប្រាស់គីមីក្នុងចំនួនកើនឡើងទើបដំណាំបានផលល្អ។​

អ្នកជំនាញកសិកម្មមួយរូបទៀត លោក យ៉ង សាំងកុមារ លើកឡើងថា គីមីដែលប្រើលើដំណាំនៅតំបន់មួយវាអាចសាយភាយក្នុងបរិស្ថានទៅតំបន់ផ្សេងៗក្បែរនោះទៀត តាមរយៈខ្យល់ឬ ទឹកហូរ។​ ចំណុចនេះលោករំឭកដល់កសិករដែលដាំបន្លែបែបសរីរាង្គឬមិនប្រើគីមីត្រូវប្រុងប្រយ័ត្ន។

លោក យ៉ង សាំងកុមារ ពន្យល់ថា ការបរិភោគបន្លែដែលមានគីមីច្រើនវាធ្វើឱ្យពុលភ្លាមៗដូចជា រាគ និង ក្អួត។ លោកបន្តថា ចំពោះការបរិភោគបន្លែដែលមានគីមីកម្រិតទាបហើយជាប្រចាំនោះបង្កទៅជា បញ្ហាផ្លូវដង្ហើម ចុករោយឆ្អឹងខ្នង រហូតដល់មហារីក។​

កសិករដាំបន្លែនៅស្រុកស្អាងខេត្តកណ្តាល អ្នកស្រី បឿន វ៉ាន់ធា រៀបរាប់ថា រយៈពេល៥ឆ្នាំហើយដែលគាត់ដូរពីការដាំបន្លែគីមីមកដាំបន្លែសរីរាង្គវិញព្រោះបារម្ភពីសុខភាព។​

អ្នកស្រី វ៉ាន់ធា ៖ «ពីមុនខ្ញុំដាំបន្លែដាក់គីមី ដល់ពេលគ្រូៗគាត់មកបង្ហាញរបៀបដាំឃើញអត់បាញ់ថ្នាំអីទៅ យើងគិតពីសុខភាពក៏ចូលរួមជាមួយគាត់ទៅ ពេលចូលសុខភាពយើងក៏មិនសូវឈឺ យើងអត់ប្រើថ្នាំរហូតអញ្ជឹង បើយើងចូលក្នុងរោងបោចស្មៅបាចអី ក៏អត់រម៉ាស់ជើង ដោយសារវាអត់មានជាតិពុល ហើយវាមិនពិបាកដកដង្ហើម»

តាមរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS)គឺកម្ពុជានាំចូលបន្លែជាមធ្យម២០០ទៅ៤០០តោនក្នុង១ថ្ងៃ ហើយកម្ពុជាត្រូវចំណាយលុយអស់ប្រមាណ២០០លានដុល្លារក្នុង១ឆ្នាំ។ បន្លែទាំងនេះភាគច្រើននាំចូលពីវៀតណាម និងចិន ហើយមិនមានបញ្ជាក់ពីកម្រិតជាតិគីមីនៅក្នុងបន្លែទេ៕​​

អត្ថបទដោយ  នង ម៉ៃចរីយា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ